កូវីដ-១៩

ថ្ងៃនេះ ទីក្រុងតូក្យូមានករណីជំងឺកូវីដ១៩ ថ្មីហក់ឡើងដល់ជាង ១,០០០ ករណី ដែលជាចំនួនដ៏ច្រើនជាលើកដំបូងបំផុតចាប់តាំងពីចុងខែមករា

BY
autoadmin
April 29, 2021

ជប៉ុន៖ ទីក្រុងតូក្យូនៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែមេសា ឆ្នាំ២០២១ នេះបានរាយការណ៍ពីករណីថ្មីនៃជំងឺ COVID-19 ចំនួន ១,០២៧ ករណី ដែលជាការកើនឡើងលើពី ១,០០០ ករណី ជាលើកដំបូងបំផុតសម្រាប់រាជធានីមួយនេះ ចាប់តាំងពីថ្ងៃទី២៨ ខែមករា ដើមឆ្នាំ២០២១។ ដូច្នេះមានន័យថា តួលេខជាមធ្យមក្នុងមួយថ្ងៃសម្រាប់សប្ដាហ៍នេះគឺ ៧៨២ ករណី ខណៈដែលសប្ដាហ៍មុនគឺមានតែ ៦៨៤ ករណីប៉ុណ្ណោះ។ ជម្រាបផងដែរថា ការកើនឡើងនៃករណីថ្មីៗក្នុងរយៈពេលចុងក្រោយនេះ បានវាយប្រហារយ៉ាងខ្លាំងទៅលើទីក្រុងតូក្យូ និងតាមតំបនផ្សេងៗទៀត ខណៈដែលនៅសល់ពេលមិនដល់ ៣ ខែទៀតប៉ុណ្ណោះ ប្រទេសនេះនឹងត្រូវបើកទ្វារទទួលព្រឹត្តការណ៍កីឡាអូឡាំពិក។

តួលេខសម្រាប់ថ្ងៃព្រហស្បតិ៍នេះត្រូវបានបញ្ជាក់ថា ជាចំនួនច្រើនបំផុតមួយសម្រាប់ទីក្រុងតូក្យូ បន្ទាប់ពីករណីថ្មីចំនួន ៩២៥ ត្រូវបានរាយការណ៍កាលពីថ្ងៃពុធ ហើយនៅថ្ងៃដដែលនោះផងដែរ នៅខេត្តអូសាកាក៏បានកត់សំគាល់ថា ពួកគេមានការឆ្លងថ្មីចំនួន ១,២៦០ ករណី ដែលជាចំនួនខ្ពស់បំផុតមួយ។ កាលពីថ្ងៃពុធ ប្រទេសជប៉ុនទាំងមូលមានករណីជំងឺ COVID-19 ចំនួន ៥,៧៩៣ ករណី ហើយវាក៏ជាការឆ្លងច្រើនបំផុតប្រចាំថ្ងៃក្នុងរយៈពេលជាង ៣ខែកន្លងមកនេះ ខណៈអភិបាលក្រុងតូក្យូ និងអាណាខេត្តជិតខាងចំនួន ៣ បានជំរុញប្រជាជនចៀសវាងធ្វើដំណើរទាំងទៅនិងមក ក្នុងតំបន់ទីប្រជុំជននាអំឡុងថ្ងៃឈប់សម្រាកខាងមុខ៕

អត្ថបទ៖ លីដា
ប្រភព៖ Japan Times

Share This Post: