ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងដើម្បីធានាពីសុវត្ថិភាពបុគ្គលិកនិងអតិថិជន ក្រុមហ៊ុន MG បានជម្រុញនិងលើកទឹកចិត្តអោយបុគ្គលិកទាំងអស់ទៅចាក់វ៉ាក់សាំងកូវីដ១៩
យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នៅកម្ពុជាគឺក្រសួងសុខាភិបាលកម្ពុជាបានកំណត់ទៅលើក្រុមមនុស្សគោលដៅរួមមាន មន្រ្តីសុខាភិបាល និងក្រុមគ្រូពេទ្យរដ្ឋ និងឯកជន កងកម្លាំង និងមន្រ្តីមូលដ្ឋានគ្រប់លំដាប់ថ្នាក់ មន្រ្តីរាជការស៊ីវិលរួមទាំងបុគ្គលិកកិច្ចសន្យានៅគ្រប់ក្រសួងស្ថាប័ន សាស្រ្តាចារ្យ-គ្រូបង្រៀននៅតាមគ្រឹះស្ថានទាំងថ្នាក់ជាតិ និងក្រោមជាតិនៅទូទាំងប្រទេស។ ក្រសួងសុខាភិបាលក៏បានកំណត់ចាក់វ៉ាក់សាំងដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ កម្មករ-កម្មការិនី បុគ្គលិកនៅតាមរោងចក្រ ឬស្ថាប័នមួយចំនួនផងដែរ។ បើយោងតាមក្រសួងសុខាភិបាលក្រុមមនុស្សដែលអាចទទួលការចាក់វ៉ាក់សាំងបានគឺត្រូវមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ។

កម្ពុជាបានក្លាយទៅជាប្រទេសឈរនៅលំដាប់ទី២ ក្នុងអាស៊ាន បន្ទាប់ពីប្រទេសសិង្ហបុរី ដែលចាក់វ៉ាក់សាំងបានចំនួនច្រើនជូនប្រជាពលរដ្ឋ ហើយវ៉ាក់សាំងកូវីដ១៩ គឺជាមធ្យោបាយមួយបន្ថែមពីលើវិធានការសុខាភិបាលដែលមានស្រាប់សម្រាប់ទប់ស្កាត់ការរីករាលដាលនៃជំងឺវីដ១៩ និងសង្រ្គោះជីវិតមនុស្ស។ បុគ្គលដែលបានចាក់វ៉ាក់សាំងរួច គឺនឹងមានសភាពស្រាលជាង នៅពេលដែលឆ្លងជំងឺកូវីដ១៩ និងកាត់បន្ថយការព្យាបាលនៅមន្ទីរពេទ្យ ហើយវ៉ាក់សាំងកូវីដ១៩ដែលកំពុងប្រើប្រាស់នៅកម្ពុជាជាវ៉ាក់សាំងដែលបានធ្វើតេស្តពី ប្រសិទ្ធិភាព និងសុវត្ថិភាយ៉ាងម៉ត់ចត់ ហើយក៏កំពុងបានធ្វើការប្រើប្រាស់នៅតាមបណ្តាប្រទេសនានាលើសកលលោក។

ក្រុមហ៊ុនរថយន្ត MG ដែលជាក្រុមហ៊ុនស្ថិតក្រោមការនាំចូលផ្តាច់មុខដោយក្រុមហ៊ុន Taifu បានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយគោរពនិងអនុវត្តយ៉ាងម៉ឹងម៉ាត់តាមគោលការណ៏របស់ក្រសួងសុខាភិបាល។ហើយថ្មីៗនេះក្រុមហ៊ុនបានរួមចំណែកដោយលើកទឹកចិត្តនិងជម្រុញដល់បុគ្គលិកទាំងអស់អោយទៅទទួលការចាក់វ៉ាក់សាំងការពារពីជំងឺកូវីដ-១៩ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ ហើយបុគ្គលិករបស់ពួកគេស្ទើរតែទាំងអស់គឺបានទទួលការចាក់វ៉ាក់សាំងរួចរាល់ហើយ ដើម្បីធានាថាបុគ្គលិករបស់ពួកគេជាពិសេសបុគ្គលិកជួរមុខដូចជាផ្នែកលក់និងផ្នែកសេវាកម្ម ជាងមេកានិច គឺមានសុវត្ថិភាពព្រមទាំងអាចទទួលស្វាគមន៏អតិថិជនរបស់ពួកគេយ៉ាងមានទំនុកចិត្ត និងចៀសវាងហានិភ័យនៃការឆ្លងមេរោគនានាដល់បុគ្គលិកនិងអតិថិជនផងដែរ។ ។

លោក ពុំ សូរិយា នាយកប្រតិបត្តិក្រុមហ៊ុន Taifu បានមានអនុសាស្ត្រថា “នេះគឺជាការចូលរួមចំណែកដ៏សំខាន់មួយដើម្បជាការតបស្នងនិងជួយសង្គមអំឡុងពេកដ៏ពិបាកនេះ ហើយយើងខ្ញុំក៏សូមអរគុណដល់រាជរដ្ឋាភិបាល, ក្រុមគ្រូពេទ្យជួរមុខ និងមន្ត្រីនគរបាលគ្រប់ជាន់ថ្នាក់ទាំងអស់ដែលមានភាពក្លាហាន និងប្រឹងប្រែងមើលថែទាំយើងក្នុងគ្រាដ៏លំបាកនេះ។”



