ខ្មែរ ប៊ែវើរីជីស ចូលរួមបង្កើតឱកាសជូនកីឡាករ កីឡាការិនីដែលស្រឡាញ់វិស័យបាល់ទាត់ តាមរយៈការឧបត្ថម្ភធំក្នុងព្រឹត្តិការណ៍ Soccer League លើកទី៩
(ភ្នំពេញ)៖ វិស័យកីឡានៅកម្ពុជាកាន់តែរីកចម្រើន ចំនួនកីឡាករ-កីឡាការិនី ព្រមទាំងអ្នកស្នេហាវិស័យកីឡាគ្រប់ប្រភេទកើនឡើងជាលំដាប់ ដែលជំរុញឱ្យមានព្រឹត្តិការណ៍ប្រកួតជាច្រើនដូចពេលបច្ចុប្បន្ន។ ជាសហគ្រិនខ្មែរ ដែលតែងតែគាំទ្រព្រឹត្តិការណ៍កីឡាធំៗជាច្រើន ខ្មែរ ប៊ែវើរីជីស បន្តចូលរួមបង្កើតឱកាសឱ្យកីឡាករ-កីឡាការិនីបាល់ទាត់កម្ពុជា បញ្ចេញសមត្ថភាព និងទេពកោសល្យផ្ទាល់ខ្លួន តាមរយៈការរួមចំណែកឧបត្ថម្ភធំក្នុង «ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ Soccer League លើកទី ៩» ឆ្នាំ ២០២៦។

សន្និសីទសារព័ត៌មាន និងពិធីចាប់ឆ្នោតបែងចែកពូល បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ខៀវ ភារិទ្ធ ប្រធានគណៈកម្មការប្រតិបត្តិរៀបចំការប្រកួត និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League ដោយមានការចូលរួមពីគណៈកម្មការរៀបចំ ដៃគូសហការ កីឡាករ កីឡាការិនី និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

ខ្មែរ ប៊ែវើរីជីស តែងតែចូលរួមឧបត្ថម្ភគាំទ្រកីឡាគ្រប់ប្រភេទ ដើម្បីជំរុញភាពរីកចម្រើននៃវិស័យកីឡាកម្ពុជា ដូចជាកីឡាបាល់ទាត់ គុនខ្មែរ ឃីកបុកស៊ីង និងបាល់ទះជាដើម។ ជាក់ស្តែង CAMBODIA SPORT+ របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានចូលរួមយ៉ាងសកម្មលើវិស័យកីឡារត់ តាមរយៈការចុះអនុស្សរណៈយោគយល់ជាមួយក្លឹបរត់ GRC Run Club និង NEAK Run CLub ដើម្បីបង្កើតព្រឹត្តិការណ៍រត់ឱ្យកាន់តែទូលំទូលាយជាងមុន និងបំផុសស្មារតីយុវជន ឱ្យផ្តោតសំខាន់លើការថែរក្សាសុខភាព។

ក្រោមប្រធានបទ «សាមគ្គីភាព ជាតិរឹងមាំ» ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ Soccer League លើកទី ៩ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងបំផុសស្មារតីស្រឡាញ់ជាតិ រួបរួមសាមគ្គីភាព និងសម្តែងការដឹងគុណចំពោះវីរកងទ័ព។ ជាពិសេស ថវិកាទាំងអស់ដែលទទួលបានពីការលក់សំបុត្រ នឹងត្រូវយកទៅជួយដល់ប្រជាពលរដ្ឋនៅតាមខ្សែបន្ទាត់ព្រំដែន អតីតយុទ្ធជន និងអ្នករងផលប៉ះពាល់ដោយសារសង្គ្រាម។ ជាក់ស្តែង ខ្មែរ ប៊ែវើរីជីស ដែលមានក្រុមហ៊ុនមេ ជីប ម៉ុង ក៏បានខ្នះខ្នែងជួយសម្រាលផលលំបាកដល់វីរកងទ័ព និងជនភៀសសឹក ដែលរងគ្រោះដោយសារបញ្ហាព្រំដែន ជាពិសេស ការចូលរួមឧបត្ថម្ភសាងសង់សាលារៀនដែលខូចខាតនៅតាមព្រំដែនឬខ្វះខាតនៅតំបន់ផ្សេងៗ សរុបមកដល់ចំនួន ៦ ទីតាំង និងការឧបត្ថម្ភសាងសង់គេហដ្ឋានថ្មីចំនួន ១០០ ខ្នង ជូនសមាគមអតីតយុទ្ធជនកម្ពុជា ជាលើកទី ២។

គួរបញ្ជាក់ផងដែរថា ពិធីបើកការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League លើកទី៩ ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦វេលាម៉ោង៤ល្ងាចនៅពហុកីឡដ្ឋានវិសាខា។

ខ្មែរ ប៊ែវើរីជីស អ្នកគាំទ្រលើកស្ទួយវិស័យកីឡាគ្រប់ប្រភេទនៅកម្ពុជា
