កូវីដ-១៩

គិតត្រឹមខែមេសាតែមួយ ប្រទេសថៃមានករណីជំងឺកូវីដ១៩សរុបរហូតដល់ ៣៦,២៩០ករណី បូករួមទាំងករណីថ្មីចំនួន ១,៥៨៣ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ

BY
autoadmin
April 30, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ នៅរសៀលថ្ងៃសុក្រ ទី៣០ ខែមេសា ឆ្នាំ២០២១ នេះបានរាយការណ៍ថា រដ្ឋាភិបាលរបស់ប្រទេសថៃបានរកឃើញករណីជំងឺ COVID-19 ថ្មីចំនួន ១,៥៨៣ ករណី និងការស្លាប់បន្ថែមចំនួន ១៥ ករណី ក្នុងរយៈពេល ២៥ ម៉ោងចុងក្រោយនេះ ដែលធ្វើឱ្យចំនួនសរុបនៃការឆ្លងមានរហូតដល់ ៦៤,១៥៣ ករណី និងមរណភាពសរុបចំនួន ២០៣ ករណី ចាប់តាំងពីប្រទេសនេះមានវត្តមានជំងឺ COVID-19 ដំបូងកាលពីដើមឆ្នាំ២០២០។ ក្នុងចំណោមករណីទាំងអស់សម្រាប់ថ្ងៃនេះផ្ទាល់គឺមានតែ ៤ ប៉ុណ្ណោះដែលជាករណីនាំចូលពីប្រទេស ហើយក្រៅពីនោះសុទ្ធតែជាករណីក្នុងសហគមន៍ ដែលភាគច្រើនត្រូវបានរកឃើញនៅទីក្រុងបាងកក។

ក្នុងចំណោមករណីសរុបទាំងអស់ ៦៥,១៥៣ ដែលប្រទេសថៃបានកត់ត្រា មានករណីចំនួន ៣៦,២៥៤ (៥៥%) បានជាសះស្បើយ និងរំសាយទៅផ្ទះវិញ ខណៈអ្នកជំងឺ ២៨,៦៩៦ នាក់ កំពុងសម្រាកព្យាបាលនៅឡើយ។ គួរឱ្យដឹងផងដែរថា រលកថ្មីចុងក្រោយនៃជំងឺ COVID-19 បានធ្វើឱ្យប្រទេសថៃមានសម្ពាធយ៉ាងខ្លាំង ហើយអ្នកជំងឺនៅទីក្រុងមួយចំនួនក៏ត្រូវបានបញ្ជូនទៅព្យាបាលនៅខេត្តជិតខាង ដើម្បីសម្រួលភាពណែនតាន់តាប់នៅតាមមន្ទីរពេទ្យ។ ជាក់ស្ដែងត្រឹមខែមេសានេះតែមួយ ប្រទេសថៃបានកត់ត្រាករណីជំងឺ COVID-19 រហូតដល់ទៅ ៣៦,២៩០ ករណី ហើយចំនួនអ្នកស្លាប់សរុបចំនួន ១០៩ នាក់ ។ ដូច្នេះវាមានន័យថា ប្រមាណជាពាក់កណ្ដាលនៃករណី COVID-19 សរុបទាំងឆ្លង និងការស្លាប់ គឺត្រូវបានរកឃើញនៅត្រឹមខែមេសានេះតែមួយ៕

អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍

Share This Post: