រថយន្តដឹកលើសទម្ងន់ចំនួន៧១៧គ្រឿង ត្រូវបានចាប់ពិន័យ ក្នុងរយៈពេល៣ខែ
រថយន្តដឹកលើសទម្ងន់ចំនួន៧១៧ គ្រឿង ត្រូវបានចាប់ពិន័យជាមួយទឹកប្រាក់ជាង១ពាន់លានរៀល ឬត្រូវជាប្រមាណជិត២៧ម៉ឺន ដុល្លារអាមេរិក ក្នុងត្រីមាសទីមួយ គិតចាប់ពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១។ នេះបើតាមការឱ្យដឹងពីលេខាធិការដ្ឋាននៃគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។

ការដែលនៅបន្តមានការដឹកលើសទម្ងន់កំណត់នេះ គឺដោយសារមានផ្លូវវាងច្រើនដែលជាហេតុធ្វើឱ្យរថយន្តល្មើស អាចគេចវាងពី ស្ថានីយជញ្ជីងបាន និងមានរថយន្តប្រើប្រាស់សញ្ញាសម្គាល់(LOGO) ដោយមានការអន្តរាគមន៍ និងគំរាមកំហែងដល់មន្ត្រីប្រចាំការ នៅតាមស្ថានីយជញ្ជីងអចល័ត។ ក្រសួងសាធារណការ និងដឹកជញ្ជូន បានក្រើនរំឭកដល់ម្ចាស់យានយន្តថា ការដឹកជញ្ជូនលើសទម្ងន់ គឺបានបំផ្លាញផ្លូវជាតិ ដែលនាំឱ្យ ខាតបង់ថវិកាជាតិ ព្រមទាំងបង្កនូវគ្រោះថ្នាក់ចរាចរណ៍ ប៉ះពាល់ដល់ទ្រព្យសម្បត្តិសាធារណៈ និងជីវិតមនុស្សផងដែរ។
ក្រសួងដដែលនេះ ក៏បានអំពាវនាវដល់ម្ចាស់យានយន្តទាំងអស់ចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយអនុវត្តតាម វិធានការ ៣កុំ ៣ការពារ ឱ្យបានត្រឹមត្រូវ ព្រមទាំងគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមិនដឹកលើសទម្ងន់ ដើម្បីផ្លូវថ្នល់អាចប្រើប្រាស់ បានយូរ ធ្វើដំណើរប្រកបនូវសុខសុវត្ថិភាព។ សូមបញ្ជាក់ថា បច្ចុប្បន្ន នៅទូទាំងប្រទេសមានស្ថានីយថ្លឹងយានយន្តសរុប២៨កន្លែង មានដូចជានៅតាមផ្លូវជាតិលេខ១ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៧ ជាដើម៕

ប្រភព៖ ក្រសួងព័ត៌មាន