ក្រុមប្រឹក្សាសន្តិភាព ប្រកាសស្វាគមន៍កម្ពុជាក្លាយជាសមាជិកស្ថាបនិក «ក្រុមប្រឹក្សាសន្តិភាព»
(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៦ នៅលើបណ្តាញសង្គម Twitter ឬហៅថា X របស់ (Board of Peace) «ក្រុមប្រឹក្សាសន្តិភាព» នាព្រឹកមិញនេះ បានបង្ហោះថា ស្វាគមន៍កម្ពុជាក្លាយជាសមាជិកស្ថាបនិក «ក្រុមប្រឹក្សាសន្តិភាព» ដែលផ្តួចផ្តើមបង្កើតឡើងដោយលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក។ ដោយផេកផ្លុវការរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ក៏បានយកមកចែកចាយបន្តផងដែរ។

ដោយឡែក កាលពីថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៦ កន្លងទៅនេះ លើផេកផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានបញ្ជាក់ដែរថា ប្រទេសកម្ពុជា សម្រេចចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព (The Board of Peace) តាមការអញ្ជើញរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៦។
ចំពោះការចូលរួមមួយនេះ គឺដើម្បីបង្ហាញពីឆន្ទៈរបស់កម្ពុជា ក្នុងការគាំទ្រ និងរួមចំណែកដល់ការលើកកម្ពស់ការរក្សាសន្តិភាពសកល។ សុច្ឆន្ទៈ ស្រឡាញ់សន្តិភាព ការគាំទ្រ និងរួមចំណែក ដល់ការកសាងនិងរក្សាសន្តិភាពគឺជាគោលការណ៍ដែលកម្ពុជាតែងតែប្រកាន់ខ្ជាប់ជារៀងរហូតមក ជាពិសេសតាមរយៈការបញ្ជូនកង កម្លាំងរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិទៅបំពេញបេសកកម្មនៅតាមបណ្តាប្រទេសមួយចំនួនដែលរងគ្រោះដោយសារសង្រ្គាម៕

