នៅថ្ងៃនេះ ឥណ្ឌាបានកត់ត្រាករណីជំងឺកូវីដ១៩ ថ្មីចំនួន ៤១៤,១៨៨ ករណី ខណៈត្រឹមរយៈពេល ១ សប្ដាហ៍ចុងក្រោយនេះ ឥណ្ឌាបានកត់ត្រាករណីជំងឺកូវីដ១៩ សរុបច្រើនជាង ១.៥៧ លានករណីមកហើយ
- BY
- autoadmin
- May 7, 2021
គិតត្រឹមរយៈពេលមួយសប្ដាហ៍កន្លងមកនេះ ប្រទេសឥណ្ឌាបានកត់ត្រាករណីជំងឺ COVID-19 ថ្មីសរុបរហូតដល់ទៅ ១.៥៧ លានករណី ខណៈដែលអត្រាចាក់វ៉ាក់សាំងរបស់ប្រទេសនេះបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារតែបញ្ហាដឹកជញ្ជូន និងកង្វះការផ្គត់ផ្គង់វ៉ាក់សាំង។ រលកទី២នៃជំងឺ COVID-19 បានធ្វើឱ្យប្រទេសឥណ្ឌាបន្តកើតមាននូវការឆ្លងរាតត្បាតថ្មីជារៀងរាល់ថ្ងៃ ជាមួយនឹងករណីយ៉ាងហោចណាស់ ៣០០,០០០ ករណី ក្នុងរយៈពេលជាង ២ សប្ដាហ៍ចុងក្រោយនេះ ហើយឥឡូវនេះជំងឺ COVID-19 ក៏កំពុងតែវាយប្រហារទៅដល់តំបន់ដាច់ស្រយាល ដែលបានធ្វើឱ្យមានបញ្ហាប្រឈមកាន់តែខ្លាំង ដោយសារតែវិស័យសុខាភិបាលនៅជនបទគឺនៅមានកម្រិត។

នៅថ្ងៃសុក្រ ទី០៧ ខែឧសភា ឆ្នាំ២០២១ នេះផ្ទាល់ ប្រទេសឥណ្ឌាបានរាយការណ៍អំពីចំនួនករណីថ្មីនៃជំងឺ COVID-19 ចំនួន ៤១៤,១៨៨ ករណី និងការស្លាប់ថ្មីចំនួន ៣,៩១៥ ករណី ដែលចំនួនករណីជំងឺ COVID-19 សរុបរបស់ប្រទេសនេះកើនដល់ ២១.៤៩ លានករណី ហើយចំនួនអ្នកស្លាប់មានសរុបដល់ ២៣៤,០៨៣ ករណី។ ឥឡូវនេះរដ្ឋឥណ្ឌាជាច្រើនបានដាក់ការរឹតត្បឹតផ្សេងៗគ្នាដើម្បីព្យាយាមទប់ស្កាត់ការឆ្លង ប៉ុន្តែរដ្ឋាភិបាលសហព័ន្ធនៅតែប្រឆាំងដាច់ខាតជាមួយនឹងការដាក់បិទខ្ទប់ប្រទេសទាំងមូល បើទោះជាប្រទេសឥណ្ឌាមានការឆ្លងយ៉ាងច្រើន និងបានឡើងមកឈរនៅលេខ២ ក្នុងចំណោមប្រទេសដែលមានការឆ្លងច្រើនបំផុតរបស់ពិភពលោកក៏ដោយ៕


អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






