ប្រទេសឥណ្ឌា មានអ្នកទទួលមរណភាពដោយសារជំងឺកូវីដ១៩ រហូតដល់ជាង ៤,០០០នាក់ និងឆ្លងថ្មីជាង ៤០០,០០០ នាក់នៅថ្ងៃនេះ
- BY
- autoadmin
- May 8, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ នៅរសៀលថ្ងៃសៅរ៍ ទី០៨ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រសួងសុខាភិបាលនៃប្រទេសឥណ្ឌាបានរាយការណ៍អំពីករណីមរណភាព ដែលទាក់ទងជាមួយនឹងជំងឺ COVID-19 ចំនួន ៤,១៨៧ ករណី នៅក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបមាន ២៤០,០០០ នាក់។ នៅថ្ងៃនេះផ្ទាល់ ករណីឆ្លងថ្មីបានកើនឡើងដល់ ៤០១,០៧៨ ករណី ដែលធ្វើឱ្យចំនួនឆ្លងសរុបចាប់តាំងពីប្រទេសឥណ្ឌាមានការចាប់ផ្តើមរាតត្បាតនៃជំងឺ COVID-19 មានដល់ ២១.៩ លានករណី។

រលកទី ២ នៃការរាតត្បាតនៃជំងឺ COVID-19 នៅប្រទេសឥណ្ឌា ដែលចាប់ផ្ដើមនៅដើមខែមេសា បានធ្វើឱ្យប្រព័ន្ធថែទាំសុខភាពរបស់ប្រទេសឈានដល់ការដួលរលំ ដោយមានទាំងបញ្ហាខ្វះខាតគ្រែ ភាពណែនចង្អៀតនៅតាមមន្ទីរពេទ្យ និងខ្វះអុកស៊ីសែនជាដើម។ កន្លែងបញ្ចុះសព និងបូជាសព កំពុងតែមមាញឹកមិនចាញ់មន្ទីរពេទ្យនោះទេ ដោយសារតែចំនួនអ្នកស្លាប់បានកើនឡើងក្នុងចំនួនច្រើនជារៀងរាល់ថ្ងៃ។ មិនត្រឹមតែប៉ុណ្នឹងទេ អ្នកជំនាញផ្នែកវេជ្ជសាស្រ្តនៅតែជឿជាក់ថា ចំនួនពិតប្រាកដនៃករណីជំងឺ COVID-19 នៅឯប្រទេសឥណ្ឌា គឺមានច្រើនជាងតួលេខជាក់ស្ដែង មិនថាទាំងអ្នកស្លាប់និងអ្នកឆ្លងថ្មីឡើយ៕



អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ
- Share This Post:






