បើករថយន្តមិនប្រយ័ត្នជ្រុលបុករថយន្តមួយគ្រឿងទៀតដែលមានដឹកកង់ពីក្រោយ ធ្វើឲ្យខូចខាតកង់យ៉ាងខ្លាំង ហើយគ្រាន់តែដឹងតម្លៃកង់ភ្លាម ភាគីបង្កបើកភ្នែកធំៗ និយាយលែងចេញ លុតជង្គង់សំពះសុំសម្រួល
រាជធានីភ្នំពេញ ៖ សាច់ញាតិមកជួយដោះស្រាយសំពះសុំទោស ហើយលុតជង្គង់សុំសងត្រឹមតែ១ពាន់ដុល្លារ បន្ទាប់ពីបុរសម្នាក់បើករថយន្ត Land Cruiser ទៅបុកពីក្រោយរថយន្ត Ford Raptor ដែលកំពុងដឹកកង់សម្រាប់ជិះហាត់ប្រាណ២គ្រឿង (១គ្រឿងតម្លៃជាង១ម៉ឺនដុល្លារ និង១គ្រឿងទៀតជិត៤ពាន់ដុល្លារ) ខូចខាតយ៉ាងដំណំ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង០៧:៤៥នាទីយប់ ថ្ងៃសៅរិ៍ ទី០៨ ខែឧសភា ឆ្នាំ២០២១នេះ នៅចំណុចមុខគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ លើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

បើតាមសម្ដីស្ត្រីជាប្រពន្ធភាគីខាងរថយន្ត Ford Raptor បាននិយាយប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា នៅមុនពេលកើតហេតុ គាត់រួមទាំងប្ដីរបស់គាត់ជាអ្នកបើករថយន្តមួយគ្រឿង ម៉ាក Ford Raptor ពណ៌ខ្មៅ ពាក់ស្លាកលេខខេមរភូមិន្ទ 02 2-2932 ដឹកកង់សម្រាប់ជិះហាត់ប្រាណ២គ្រឿងនៅពីក្រោយ ចេញពីផ្ទះនៅម្ដុំបុរីប៉េងហួតបឹងស្នោរ ដើម្បីយកទៅអោយមេ បានធ្វើដំណើរតាមផ្លូវជាតិលេខ១ ក្នុងល្បឿនលឿនធម្មតា លុះមកដល់ចំណុចកើតហេតុ មានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ កំពុងរៀបចំដាក់បារ៉ាស់សារ៉ែន នៅតាមផ្លូវជាតិលេខ១ ដើម្បីអនុវត្តបំរាមគោចរចាប់ពីម៉ោង៨យប់ រហូតដល់ម៉ោង៣ទាបភ្លឺ ទើបគាត់បន្ថយល្បឿន ក្នុងល្បឿនយឺតៗ ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាក LAND CRUISER ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2T-7776 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ដែលជានគរបាលពាក់ស័ក្ត៥ បានបើកស្របទិសពីកើតមកលិច ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន បានជ្រុលមកបុកពីក្រោយរថយន្តរបស់គាត់ ចំដែកដឹកកង់និងកង់ទាំងពីរគ្រឿង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ចំណែកឯរថយន្ត LAND CRUISER ខូចខាតផ្នែកខាងមុខយ៉ាងដំណំយ៉ាងដំណំ និងហូរហៀរប្រេងម៉ាស៊ីនពេញផ្លូវ និងមិនបណ្ដាលឲ្យមានមនុស្សរងរបួសឡើយ បង្កការភ្ញាក់ផ្អើលឡើងដល់សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ ចុះមកជួយសម្របសម្រួលនិងអោយរថយន្តទាំងពីរគ្រឿង បើកឡើងលើចិញ្ចើមផ្លូវសិនដើម្បីឲ្យភាគីទាំងសងខាង ធ្វើការចរចារគ្នាមួយជំហានសិន ។

បន្ទាប់ពីអែបខាងចូលដោះស្រាយ ស្រាប់តែម្ចាស់រថយន្ត Ford Raptor ប្រាប់ពីតម្លៃកង់ទាំងពីរគ្រឿងនោះថា កង់ពណ៌សម៉ាក S-WORK Sram XX1 តម្លៃជាង១ម៉ឺនដុល្លារ, និងកង់ពណ៌ខ្មៅ ម៉ាក GIANT តម្លៃ ៣,៨០០ដុល្លារ លឺដូច្នេះភាគីខាងរថយន្ត LAND CRUISER បើកភ្នែកមើលធំៗនិយាយលែងចេញតែម្ដង និងបានទូរស័ព្ទហៅក្រុមគ្រួសារមកជួយដោះស្រាយ ខណៈពេលកំពុងចរចារគ្នា ស្រាប់តែបុរសម្នាក់ទៀត ដែលត្រូវជាប្អូនប្រុសអ្នកបើកបររថយន្តបង្ក ក៏បានលើកដៃសំពះទទួលស្គាល់កំហុស រួចលុតជង្គង់សុំទោសថែមទៀត ដោយមានលទ្ធភាពសងត្រឹមតែ១ពាន់ដុល្លារប៉ុណ្ណោះ តែភាគីខាងរថយន្ត Ford មិនព្រមទទួលឡើយ ទើបបង្កការភ្ញាក់ផ្អើលពេញកន្លែងកើតហេតុតែម្ដង ។
បច្ចុប្បន្នក្រោយកើតហេតុ ដោយមិនចង់វែងឆ្ងាយ ភាគីខាងរថយន្ត Ford Raptor ក៏ព្រមទទួលយកសំណងចំនួន១ពាន់ដុល្លារនោះ និងបានណែនាំភាគីខាងរថយន្ត LAND CRUISER ថា នេះសំណាងហើយ មិនគ្រោះថ្នាក់ខ្លួនឯងឬអ្នកដទៃ សូមបើកបរបង្កើនការប្រុងប្រយ័ត្នផង នេះប៉ះគាត់ចិត្តល្អ ចុះបើប៉ះអ្នកផ្សេងពិបាកជាងនេះមិនខាន ព្រោះខូចខាតរបស់គេ មិនមែនគេមានមនោសញ្ចេតនានិងចិត្តល្អគ្រប់គ្នានោះទេ៕


ដោយ៖ បងម៉េង ខ្មែរណូត