ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ខេត្តមណ្ឌលគិរី ទទួលបានភ្ញៀវទេសចរជាង ២ម៉ឺននាក់ ក្នុងរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ ក្រោមបរិយាកាសសប្បាយរីករាយ

    BY Nisaiy KN April 19, 2026
    ខេត្តមណ្ឌលគិរី ទទួលបានភ្ញៀវទេសចរជាង ២ម៉ឺននាក់ ក្នុងរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ ក្រោមបរិយាកាសសប្បាយរីករាយ

    (មណ្ឌលគិរី)៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានឱ្យដឹងថា នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំព្រឹត្តិការណ៍សង្រាន្តសែនមនោរម្យ និងការដង្ហែរក្បួនព្យុហយាត្រា ដើម្បីបង្ហាញពីការសាមគ្គីភាពគ្នា និងរំលឹកគុណវីរកងទ័ពជួរមុខ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី នៅក្រុងសែនមនោរម្យ ទទួលបានការគាំទ្រយ៉ាងច្រើនពីមហាជន។

    លោក ហ៊ាញ ប៊ុណ្ណា អភិបាលរងខេត្ត បានឱ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពីឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តសែនមនោរម្យ ឆ្នាំ២០២៦នេះ មានការខុសប្លែក ពីឆ្នាំមុនៗ ដោយរដ្ឋបាលខេត្ត បានរៀបចំដង្ហែក្បួនព្យុហយាត្រា និងរថយន្តបុស្បុក ដែលមានតំណាងរូបសេះ និង ទេវតា និងមាន ២០ផែន ក្នុងនោះមានផែនមន្ត្រីរាជការ បងប្អូនជនជាតិដើមភាគតិច កងកម្លាំងទាំងបី មន្ទីរអង្គភាព ជុំវិញខេត្ត ក្រុង/ស្រុក មហាជន យុវជន និងសិស្សានុសិស្ស យ៉ាងច្រើនកុះករ ដើរឈរជាជួរ ចាប់ពីបរិវេណវិមានឯករាជ្យ រហូតដល់សួនដំរីដែក ដើម្បីបង្ហាញពីការសាមគ្គីភាពគ្នា រវាង បងប្អូនជនជាតិដើមភាគតិច និងបងប្អូនជនជាតិខ្មែរ ជាពិសេសបង្ហាញពីអត្តសញ្ញាណសម្លៀកបំពាក់តាមវិស័យ ស្ថាប័ននីមួយៗ។

    ម្យ៉ាងទៀត ជាការគោរពដឹងគុណ និងចងចាំ ជានិច្ចនូវវីរភាពដ៏អង់អាចក្លាហាន ការលះបង់សាច់ស្រស់ ឈាមស្រស់ និងអាយុជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដី របស់បងប្អូនវីរកងទ័ព និងវីរនគរបាលជាតិ នៅតាមខ្សែបន្ទាត់ព្រំដែន។ លោក បន្ថែមថា ក្នុងព្រឹត្តិការណ៍សង្ក្រាន្តសែនមនោរម្យនេះ ក៏មានរបាំត្រុឌ របាំជូនពរ និងរបាំរបស់បងប្អូនជនជាតិដើមភាគតិច ដើម្បីបង្ហាញពីកម្លាំងសាមគ្គីមួយ ដល់មហាជន ឱ្យស្គាល់ពីស្ថានភាព និងការរស់នៅរបស់ ប្រជាពលរដ្ឋនៅខេត្តមណ្ឌលគិរី ដែលមានគ្រប់ជាតិសាសន៍។ មិនត្រឹមតែប៉ុណ្ណោះ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំការ តាំងពិព័រណ៍ផលិតផលក្នុងស្រុក ផ្តល់កាហ្វេឥតគិតថ្លៃ ៣ ០០០កែវ ការលេងល្បែងប្រជាប្រិយខ្មែរគ្រប់ប្រភេទ ការរាំលេងកម្សាន្តតាមបែបប្រពៃណី ដើម្បីបង្កបរិយាកាស សប្បាយរីករាយផងដែរ។

    ទន្ទឹមនឹងនេះដែរ តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ ខេត្តមណ្ឌលគិរី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ១៥ និង១៦ ខែមេសា ឆ្នាំ២០២៦ នៅខេត្តមណ្ឌលគិរី ក៏មានទេសចរ ទស្សនាកម្សាន្ត និងស្នាក់ សរុបចំនួន ២៣.២៥៣នាក់ ប្រៀបធៀបឆ្នាំ២០២៥ ថយចុះ ៦,៦៥% ទេសចរជាតិ ចំនួន ២២.៤១៤នាក់ ធៀបឆ្នាំ២០២៥ ថយចុះ ៧,០៦% និង ទេសចរបរទេសចំនួន ៨៣៩នាក់ ធៀបឆ្នាំ២០២៥ កើនឡើង៥,៦៦% និងបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ល្អប្រសើរ៕

    ប្រភព៖ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា

    Share This Post: