បាតដៃក៏សាច់ ខ្នងដៃក៏សាច់! បុរសម្នាក់សុខចិត្តលក់កូនស្រី ដើម្បីយកលុយទៅបន្តជីវិតកូនប្រុស ដែលមានជំងឺមហារីកគ្រាប់ឈាម (មានវីដេអូ)
ចិន៖ បុរសជនជាតិចិនម្នាក់បានប្រកាសលក់កូនស្រីជាទីស្រលាញ់របស់គាត់ ដើម្បីយកប្រាក់ទៅព្យាបាលកូនប្រុសរបស់គាត់ម្នាក់ទៀត ដែលមានជំងឺមហារីកគ្រាប់ឈាមធ្ងន់ធ្ងរ កំពុងសម្រាកនៅក្នុងមន្ទីរពេទ្យ និងរងចាំលុយសម្រាប់ការព្យាបាលបន្ថែមទៀតដើម្បីបន្តជីវិតរបស់គេ។ បុរសរូបនេះមានឈ្មោះថា Liang Yujia ហើយទីតាំង ដែលគាត់ឈរផ្សព្វផ្សាយអំពីព័ត៌មានដោះដូរកូនស្រីជាមួយនឹងលុយនោះ គឺនៅក្បែរមន្ទីរពេទ្យ West China Second University Hospital ក្នុងខេត្ត Sichuan ភាគខាងលិចប្រទេសចិន និងជាមន្ទីរពេទ្យ ដែលកូនគាត់កំពុងស្នាក់នៅ។
បុរសរូបនេះបានឲ្យដឹងថា គាត់មានប្រាក់ខែប្រមាណជា ៧,០០០ យន់ (១,០០០ ដុល្លារ) ដើម្បីផ្គត់ផ្គង់គ្រួសារ ហើយប្រាក់ដែលគាត់រកបាន និងសន្សំបានទាំងអស់ គឺគាត់បានយកទៅព្យាបាលកូនប្រុសអស់ពីខ្លួនហើយ។ បើគិតមកទល់នឹងពេលនេះគាត់បានចំណាយប្រាក់អស់ ៥០,០០០ យន់ (៧,៣០០ ដុល្លារ) ហើយគាត់ត្រូវការប្រាក់បន្ថែមទៀតប្រមាណជា ៥០០,០០០-៦០០,០០០ យន់ (៧២,៧០០-៨៧,៣០០ ដុល្លារ) ដើម្បីសង្គ្រោះជីវិតកូនប្រុសរបស់គាត់។
ដោយគ្មានជម្រើសទើបគាត់ដាច់ចិត្តប្រកាសថា បើនរណាម្នាក់អាចចេញលុយថ្លៃព្យាបាល កូនប្រុសរបស់គាត់ គាត់នឹងផ្តល់កូនស្រីអាយុ៣ឆ្នាំរបស់គាត់ឲ្យទៅគេភ្លាម។ អ្នកខ្លះបានរិះគន់គាត់ថា គាត់មិនស្រលាញ់កូនស្រីទេ ទើបសុខចិត្តលក់នាង ដើម្បីយកលុយព្យាបាលកូនប្រុស តែគាត់បានឆ្លើយវិញថា គាត់ស្រលាញ់កូនដូចៗគ្នា ហើយមានតែវិធីនេះទេទើបគាត់អាចរក្សាជីវិតកូនទាំងពីរនាក់របស់គាត់បាន៕
អត្ថបទ៖ ភក្តី
ប្រភព៖ nextshark


