ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពីរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ចំនួន ៥០ម៉ឺនដូស នឹងមកដល់ប្រទេសកម្ពុជានៅព្រឹកស្អែកនេះ

    BY Khmernote Media May 10, 2021
    វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពីរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ចំនួន ៥០ម៉ឺនដូស នឹងមកដល់ប្រទេសកម្ពុជានៅព្រឹកស្អែកនេះ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០២១ស្អែកនេះ កម្ពុជានឹងទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពីរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ចំនួន ៥០មុឺនដូសបន្ថែមទៀត។

    សូមជម្រាបថា យោងតាមរបាយការណ៍បូកសរុបរបស់ក្រសួងសុខាភិបាលគិតត្រឹមថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ គឺក្រសួងសុខាភិបាលបានចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសបានចំនួន ១,៧៧៣,៩៩៤ដូសហើយ។ ដោយឡែកក្នុងរយៈពេល ៩ថ្ងៃ នៃយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋរស់នៅតំបន់ក្រហម ក្រសួងការពារជាតិក៏បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សរុបចំនួន ៣៩មុឺន ៩៦១៧នាក់ផងដែរ។

    សូមបញ្ជាក់ថា កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១កន្លងមកនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅតំបន់ក្រហមមានប្រជាជនជាង ៥២មុឺននាក់ ហើយវ៉ាក់សាំងមានតែជាង ៩០មុឺនដូស ចាក់បានតែប្រជាជនជាង ៤០មុឺននាក់ បើសិនមានការខូចខាតមួយចំនួន វានឹងអាចមានការខ្វះវ៉ាក់សាំង នៅក្នុងតំបន់ក្រហម ដរាបណាមិនទាន់ចាក់វ៉ាក់សាំងអស់ប្រជាជន គឺយើងមិនដើរចេញ ចោលប្រជាជនណាម្នាក់នោះទេ។

    សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យបានច្បាស់ថា វ៉ាក់សាំងសម្រាប់ចាក់ចំនួន ៥២មុឺននាក់ នៅក្នុងតំបន់ក្រហម គឺមិនខ្វះទេ គឺថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ វ៉ាក់សាំងនឹងមកដល់ ៥០មុឺនដូស នឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ នឹងដឹកមកដល់ចំនួន ៥០មុឺនដូសទៀត សរុប ១លានដូសនៅក្នុងដៃយើងបន្ថែមទៀត។

    សម្តេចតេជោ ហ៊ុន សែន ក៏សូមស្នើសម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាទៅអង្គភាពដែលត្រូវចុះចាក់នៅក្នុងតំបន់ក្រហម មិនត្រូវបញ្ចប់ដូសទី១ ត្រឹមថ្ងៃទី១៥ ខែឧសភានោះទេ គឺដូសទី១ ត្រូវតែធ្វើយ៉ាងណាឲ្យហើយ ឲ្យអស់ប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម។ សម្តេចបញ្ជាក់ថា មិនថាត្រឹមតែ ៥២មុឺននាក់ទេ ទោះបីជា ៥៣ ទៅ៥៤មុឺន ឬ៥៥មុឺននាក់ ក៏យើងនៅតែមានលទ្ធភាព ដើម្បីចាក់ជូនប្រជាពលរដ្ឋដែរ ៕

    ប្រភព​៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK

    Share This Post: