ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ដាក់ពាក្យស្នើសុំទៅតុលាការ ដើម្បីឲ្យកញ្ញា មាន ពេជ្ររីតា នៅក្រៅឃុំបណ្តោះអាសន្ន
រាជធានីភ្នំពេញ៖ បើយោងតាមលោក គី តិច ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា នៅល្ងាចថ្ងៃនេះក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ដឹកនាំដោយលោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ នឹងដាក់ពាក្យស្នើសុំទៅកាន់តុលាការ ដើម្បីអនុញ្ញាតឲ្យកញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV ដែលត្រូវបានតុលាការឃុំខ្លួនបណ្តោះអាសន្ន បានស្ថិតនៅក្រៅឃុំជាបណ្តោះអាសន្នសិន ក្រោយពីស្នើសុំឲ្យតុលាការយកកញ្ញា ពេជ្ររីតា ពីពន្ធនាគារមកសាកសួរម្តងទៀតនៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ។

គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗ ផ្ទុះការចាប់អារម្មណ៍ពេញបណ្តាញសង្គមហ្វេសប៊ុក ក្រោយពេលលេចធ្លាយពាក្យបណ្តឹងមួយច្បាប់របស់កញ្ញា មាន ពេជ្ររីតា ហៅយូប៊ី ដែលបានប្តឹងលើ ឧកញ៉ា ហេង សៀ ថាបានប៉ុនប៉ងរំលោភសេពសន្ថវៈលើរូបនាង តែមិនបានសម្រេចដោយឧកញ៉ា រូបនោះបានបំពានរាងកាយរបស់យ៉ាងធ្ងន់ធ្ងរ ហើយថែមទាំងប្តឹងនាងដាក់គុកថែមទៀត ដោយចោទថានាងបានលួចទូរស័ព្ទ និងប្រើហឹង្សាមកលើរូបលោក។
ទោះជាយ៉ាងណាក្តីរឿងរ៉ាវដ៏ក្តៅកគុកមួយនេះ បានធ្វើអោយមហាជនអ្នកលេង Facebook ជាច្រើនបានបង្ហោះសារ ដើម្បីស្វែងរកយុត្តិធម៌អោយកញ្ញា ពេជ្ររីតា ខណៈពេលដែលនាងត្រូវបានឃុំឃាំងនៅឡើយ៕

