កូវីដ-១៩

ប្រទេសវៀតណាមរកឃើញករណីជំងឺកូវីដ១៩ ក្នុងសហគមន៍ថ្មីចំនួន ៣៥ករណី បន្ថែមទៀតនៅថ្ងៃនេះ

BY
autoadmin
May 13, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Insider នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រទេសវៀតណាមបានកត់ត្រាករណីថ្មីនៃជំងឺ COVID-19 ចំនួន ៣៥ករណី នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដែលករណីទាំងអស់គឺជាករណីក្នុងសហគមន៍។ ដូច្នេះមានន័យថា រហូតមកដល់ពេលនេះវៀតណាមមានអ្នកឆ្លងជំងឺ COVID-19 សរុបចំនួន ៦៤៤នាក់់ នៅក្នុងទីក្រុង និងខេត្តចំនួន ២៦ នៅក្នុងរលកឆ្លងរាតត្បាតថ្មីនៃជំងឺ COVID-19 របស់ខ្លួន ដែលបានចាប់ផ្តើមនៅថ្ងៃទី២៧ ខែមេសា ហើយវាកំពុងក្លាយជាបញ្ហាប្រឈមមួយរបស់ប្រទេសនេះ។

ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam កាលពីថ្ងៃពុធ ក៏បានទាមទារឱ្យអាជ្ញាធរទីក្រុង Da Nang និងខេត្តភាគខាងជើងនៃ Bac Ninh និង Bac Giang ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ COVID-19 ឱ្យបានតឹងរឹងនៅក្នុងសួនឧស្សាហកម្ម។ លោកបានបន្ថែមថា ករណីបែបនេះនឹងរំខានដល់ចង្វាក់ផលិតកម្ម និងចង្វាក់ផ្គត់ផ្គង់ ហើយនឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។ គួរឱ្យដឹងដែរថា ចាប់តាំងពីជំងឺ COVID-19 បានលេចឡើងនៅក្នុងប្រទេសកាលពីដើមឆ្នាំនេះ ប្រទេសវៀតណាមបានកត់ត្រាករណីឆ្លងសរុបចំនួន ៣,៦៥៨ ករណី ដោយក្នុងនោះមានករណីក្នុងស្រុកចំនួន ២,២១៣ ករណី និងក្រៅពីនោះជាករណីនាំចូល៕

អត្ថបទ៖ លីដា
ប្រភព៖ Vietnam Insider

Share This Post: