កម្មការនីរោងចក្រម្នាក់ មានសំណាងទទួលបានរង្វាន់១០លានរៀនពី សម្តេចតេជោ ក្រោយពេលចាក់វ៉ាក់សាំងចំលេខរៀងទី ២លាន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសារនៅលើ Facebook ស្តីពីការផ្តល់រង្វាន់ ១០លានរៀលជូនទៅដល់កម្មការនីរោងចក្រម្នាក់ ដែលបានចាក់វ៉ាក់សាំង ចំលេខរៀងទី ២លាន។ សម្តេចតេជោ បានបង្ហោះសារលើបណ្តាញសង្គមថា៖

“បន្ទាប់ពីការចាប់ផ្តើមចាក់វ៉ាក់សាំងថ្ងៃ១០ ខែ កុម្ភៈ ២០២១ ដែលម្ជុលទី១បានទៅ ហ៊ុន ម៉ាណែត។ ថ្ងៃ១១ ខែ មេសា ២០២១ យើងបានរកឃើញមនុស្សទី១លានដែលបានចាក់វ៉ាក់សាំងដែលបានទៅក្មួយ ប៉ាន់ សុវណ្ណរិទ្ធិ ដែលទទួលបានរង្វាន់១០លានរៀលផងដែរ។ ថ្ងៃនេះ ១៤ ខែ ឧសភា ២០២១ យើងរកឃើញមនុស្សទី២លាន ដែលបានទៅក្មួយស្រី ទិត ចិន្តា អាយុ ២៣ឆ្នាំ ជាកម្មការរិនីរោងចក្រដែលនឹងទទួលបានរង្វាន់លើកទឹកចិត្តចំនួនទឹកប្រាក់១០លានរៀលទៀត។ សូមក្មួយស្រី ទិត ចិតា្តទទួលយករង្វាន់ពី លោកជំទាវ ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចលើការចាក់វ៉ាក់សាំង។
ក្នុងយុទ្ទសាស្ត្រពន្លត់ភ្លើងល្អជាងអង្គុយបក់ផ្សែង យើងគ្មានជម្រើសណាអោយល្អជាងការខិតខំស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាជនយើងនោះទេ។ ការឆ្លងក្នុងសហគមន៍ម្តងហើយម្តងទៀតនៅស្ទើរគ្រប់ប្រទេសតម្រូវអោយយើងខិតខំរកវិធីទប់ស្កាត់ការឆ្លងនិងការបាត់បង់ជីវិតប្រជាជនយើងតាមរយៈការចាក់វ៉ាក់សាំង។ ក្នុងចំណោមប្រជាជនទាំងចាស់ទាំងក្មេង១៦លាននាក់ មានប្រជាជនដែលមានអាយ១៨ឆ្នាំឡើងដែលនឹងត្រូវចាក់វ៉ាក់សាំងតែ១០លាននាក់ប៉ុណ្ណោះដែលថ្ងៃនេះយើងចាក់បាន២លាននាក់ ស្មើនឹង២០ភាគរយរួចទៅហើយ។ ការចាក់វ៉ាក់សាំងនេះយើងក៍បាននិងកំពុងអនុវត្តយុទ្ធសាស្ត្រផ្ការីក គឺចាក់ពីក្នុងចេញក្រៅ គឺចាក់នៅរាជធានីភ្នំពេញដែលមានមនុស្សរស់នៅកុះករជាមុន បន្ទាប់ទៅនឹងចេញទៅបណ្តាខេត្តទៅតាមលំដាប់អាទិភាព។ សូមបងប្អូនកុំបារម្ភ រាជរដ្ឋាភិបាលនឹងចាក់ជូនគ្រប់ៗគ្នាគ្រាន់តែមុននិងក្រោយប៉ុណ្ណោះ៕”



