ក្រសួងសុខាភិបាល ធ្វើលិខិតស្នើអោយអភិបាលរាជធានី-ខេត្ត ទាំងអស់ពង្រឹងបន្ថែមវិធានការទប់ស្កាត់ ដោយយកស្ថានភាព រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ធ្វើជាមេរៀន
យោងតាមលិខិតរបស់ក្រសួងសុខាភិបាល លេខ ២៣៦ សខល ចុះថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ដោយបានស្នើអោយអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ទាំងអស់ ធ្វើការពង្រឹងបន្ថែមវិធានការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ នៅមូលដ្ឋានរបស់ខ្លួនបន្ថែមទៀត។

នៅក្នុងលិខិតដដែលនេះដែរបានបញ្ជាក់អោយដឹងថែមទៀតថា យោងតាមចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ លើលិខិតលេខ ២២៩ សខល ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ របស់ក្រសួងសុខាភិបាល ស្តីពីរបាយការណ៍កិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនិងជំងឺកូវីដ-១៩ នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ការដាក់វិធានការបិទខ្ទប់នៅភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល គឺជាមេរៀនបទពិសោធន៍ ដែលគូួរត្រូវបានដកស្រង់ដើម្បីប្រតិបត្តិនៅតាមមូលដ្ឋានរបស់ខ្លួនទៅតាមស្ថានភាពជាក់ស្តែង។ ទន្ទឹមគ្នានេះ ត្រូវបន្តពង្រឹងការអនុវត្តច្បាប់ វិធានការសុខាភិបាល និងវិធានការរដ្ឋបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតឱ្យមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងលើកកម្ពស់ការយល់ដឹងអំពីវិធានការបង្ការជំងឺកូវីដ-១៩ ឱ្យកាន់តែស៊ីជម្រៅទៅដល់បុគ្គល គ្រួសារ និងសហគមន៍។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត អនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕
