ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    យុវជន២នាក់ផ្ទុះកំប៉ុងហ្គាសត្រូវរបួសទាំង២នាក់ ពេលចូលពន្លត់ភ្លើងឆេះហាង TIEM SRA Pub នៅក្នុងខណ្ឌបឹងកេងកង (មានវីដេអូ)

    BY Khmernote Media May 18, 2021
    យុវជន២នាក់ផ្ទុះកំប៉ុងហ្គាសត្រូវរបួសទាំង២នាក់ ពេលចូលពន្លត់ភ្លើងឆេះហាង TIEM SRA Pub នៅក្នុងខណ្ឌបឹងកេងកង (មានវីដេអូ)

    រាជធានីភ្នំពេញ ៖ មានអគ្គិភ័យមួយបានឆាបឆេះក្នុងហាង TIEM SRA Pub អតីតហាង “The Num Cake“ ហុយផ្សែងទ្រលោម ផ្អើលដល់អ្នកជិតខាងនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យជួយបាញ់ពន្លត់អស់ជាច្រើនបំពង់ និងយកទឹកជះពន្លត់ និងរាយការណ៍ប្រាប់សមត្ថកិច្ច ហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ចេញជួយអន្តរាគមន៍បាញ់ពន្លត់ទាន់ពេលវេលា។ ហេតុការណ៍អគ្គិភ័យនេះបានកើតឡើងកាលពីម៉ោង១១:០៧នាទីយប់ ថ្ងៃចន្ទ ទី១៧ ខែឧសភា ឆ្នាំ២០២១នេះ នៅចំណុចហាងយីហោ “ទាមស្រាផាប់ – TIEM SRA Pub” មានទីតាំងស្ថិតនៅផ្លូវបំបែកជាបួន លើផ្លូវ១៤៣ កែងផ្លូវលេខ២៨៨ ក្រុម៤០ ភូមិ៥ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

    ប្រភពពីក្រុមយុវជនម្នាក់ជាអ្នកជិតខាងដែលរងរបួសក្នុងពេលចូលទៅជួយពន្លត់ភ្លើង បានរៀបរាប់ប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា នៅមុនពេលកើតហេតុ ពួកគាត់ជាបុគ្គលិកហាងមួយកន្លែង ដែលមានចម្ងាយពីហាងកើតហេតុប្រហែល៥០ម៉ែត្រ ខណៈពេលកំពុងអង្គុយហូបអាហារជាមួយគ្នា ស្រាប់តែមានអ្នកមីងម្នាក់ស្រែកឆោឡោថា “មានភ្លើងឆេះផ្ទះហើយ ជួយផងៗ” ពួកគាត់នាំគ្នាចេញទៅមើលឃើញផ្សែងកំពុងហុយចេញពីកើតហេតុ ទើបពួកគាត់យកបំពង់ពន្លត់អគ្គិភ័យទៅបាញ់ពន្លត់ភ្លើងដែលឆេះនោះ ខណៈពេលកំពុងបាញ់ពន្លត់ ស្រាប់តែមានធុងហ្គាសមួយបានផ្ទុះ បណ្ដាលឲ្យត្រូវមិត្តភិក្តរបស់គាត់ដែលកំពុងពន្លត់ភ្លើងនៅខាងក្នុង បណ្ដាលឲ្យរងរបួសស្រាលទាំងពីរនាក់ ម្នាក់ត្រូវជើង និងម្នាក់ទៀតត្រូវចង្កេះ តែទោះបីជាយ៉ាងណាក៏ដោយពួកគាត់បានជួយពន្លត់ភ្លើងរហូតអាចទប់ស្កាត់បានមួយជំហាន និងមានសមត្ថកិច្ចមូលដ្ឋានបានហៅរថយន្តពន្លត់អគ្គិភ័យមកដល់កន្លែងកើតហេតុហើយ ទើបពួកគាត់ត្រលប់ទៅហាងវិញ ដើម្បីលាងរបួសផងដែរ ។ ចំណែកឯរថយន្តពន្លត់អគ្គិភ័យចំនួន០៥គ្រឿង របស់ការិយាល័យបង្ការនិងពន្លត់អគ្គិភ័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានមកអន្តរាគមន៍បាញ់ពន្លត់ ដោយប្រើប្រាស់ទឹក អស់ចំនួន៤ឡានប៉ុណ្ណោះ ស្មើ០៨ម៉ែត្រគូប ពន្លត់ចប់នៅម៉ោង២៣:១៧នាទីយប់ នាថ្ងៃខែឆ្នាំដដែល ។

    យោងតាមរបាយការណ៍ពីសមត្ថកិច្ចក៏បានឲ្យដឹងថា ហាងកើតហេតុជាប្រភេទសំណង់ថ្មបេតុង (ទំហំ០៥ម៉ែត្រ x០៧ម៉ែត្រ) មូលហេតុគឺបណ្តាលមកពីឆ្លងចរន្តអគិ្គសនី និងមានម្ចាស់ឈ្មោះ ឈយ លីណា ភេទស្រី អាយុ៤៣ឆ្នាំ មុខរបរម្ចាស់ផ្ទះជួល ។ ខូចខាតសម្ភារៈដូចជា ទូទឹកកក ចំនួន ០២គ្រឿង, កង្ហារ ០១គ្រឿង, តុកៅអី រួមទាំងសម្ភារៈផ្ទះបាយមួយចំនួនទៀត នឹងពុំបណ្ដាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។

    សូមបញ្ជាក់ថា ក្នុងហេតុការណ៍អគ្គិភ័យនេះ គេឃើញវត្តមានលោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បានដឹកនាំក្រុមការងារចុះពិនិត្យមើលស្ថានការជាក់ស្ដែង និងបានចុះសួរសុខទុក្ខដល់ក្រុមយុវជនក្លាហានទាំងពីរនាក់ខាងលើ ដល់ក្នុងហាងរបស់ពួកគាត់ស្នាក់នៅផងដែរ បន្ទាប់ពីរងរបួសដោយសារចូលទៅជួយពន្លត់ភ្លើងក្នុងហាងកើតហេតុនោះ ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: