ជប់ខ្យល់ បានក្លាយជាវិធីសាស្ត្រព្យាបាលការឈឺចាប់ដ៏ពេញនិយម នៅក្នុងការប្រកួតកីឡា Asian Games 2018
Asian Games គឺជាការប្រកួតកីឡាជាច្រើនប្រភេទ ដោយមានការចូលរួមពីសំណាក់អត្តពលិកជាច្រើននៅក្នុងតំបន់អាស៊ីតែប៉ុណ្ណោះ ដើម្បីធ្វើការប្រកួតដណ្តើមមេដាយ ដែលការប្រកួតនេះតែងតែធ្វើឡើងរៀងរាល់៤ឆ្នាំម្តង។ សម្រាប់ម្ចាស់ផ្ទះ ដែលរៀបចំការប្រកួតកីឡា Asian Games 2018 នេះគឺប្រទេសឥណ្ឌូនេស៊ី ដោយកម្មវិធីចាប់ផ្តើមពីថ្ងៃទី១៨ ខែសីហា រហូតដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨។
ចំណុចមួយដែលគេចាប់អារម្មណ៍ចំពោះការប្រកួត Asian Games នេះ គឺគេសង្កេតឃើញអត្តពលិកជាច្រើនបាននាំគ្នាប្រើប្រាស់វិធីសាស្ត្រជប់ខ្យល់។ យោងតាមប្រភពព័ត៌មានបរទេសមួយបានឲ្យដឹងថា ការជប់ខ្យល់ជួយព្យាបាលកន្លែងឈឺចាប់បានយ៉ាងមានប្រសិទ្ធិភាព ដូច្នេះហើយទើបអត្តពលិកទាំងនោះនាំគ្នាប្រើវិធីសាស្ត្រនេះ។
នេះមិនមែនជាលើកទី១ឡើយ ដែលគេឃើញអត្តពលិកនាំគ្នាជប់ខ្យល់មុនប្រកួត កាលពីឆ្នាំ២០១៦ កន្លងទៅនៅក្នុងកម្មវិធីប្រកួតកីឡាអូឡាំពិក នៅប្រទេសប្រេស៊ីល គេក៏សង្កេតឃើញកីឡាករ កីឡាការិនី ហែលទឹកជាច្រើននាំគ្នាជប់ខ្យល់ផងដែរ៕
អត្ថបទ៖ សេម
ប្រភព៖ chinaplus



