កូវីដ-១៩

ចំនួនករណីជំងឺកូវីដ១៩សរុប​របស់ប្រទេសឥណ្ឌា បានកើនឡើងដល់ជាង ២៥ លាននាក់ បន្ទាប់ពីបានកត់ត្រាករណីថ្មីចំនួន ២៦៣,៥៣៣ ករណីនៅថ្ងៃនេះ

BY
autoadmin
May 18, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ នៅថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១ បានរាយការណ៍ថា ករណីជំងឺ COVID-19 របស់ប្រទេសឥណ្ឌា បានកើនឡើងដល់ ២៥ លានករណី បន្ទាប់ពីបានកត់ត្រាការឆ្លងថ្មីចំនួន ២៦៣,៥៣៣ ករណី នៅក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ ឥឡូវនេះបញ្ហានៅត្រង់ថា ព្យុះស៊ីក្លូនមួយបានវាយប្រហារទៅកាន់តំបន់មានការឆ្លង ដែលវាបានបង្កើនភាពស្មុគស្មាញកាន់តែខ្លាំងដល់ប្រព័ន្ធវេជ្ជសាស្ត្ររបស់ប្រទេស។ ចំណែកឯអាជ្ញាធរក៏កំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ ដើម្បីបញ្ជូនម៉ាស់ទៅឱ្យពលរដ្ឋដែលកំពុងភៀសខ្លួននៅក្នុងជម្រកបណ្ដោះអាសន្នផងដែរ។

ប្រទេសឥណ្ឌាក៏បានកត់ត្រាការស្លាប់ថ្មីចំនួន ៤,៣២៩ ផងដែរនៅថ្ងៃនេះ ដែលធ្វើឱ្យចំនួនមរណភាពកើនដល់ ២៧៨,៧១៩ ករណី នេះបើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល។ គេសង្កេតឃើញថា ចំនួនឆ្លងថ្មីៗនារយៈពេលចុងក្រោយនេះមានការថយចុះបន្ដិច ប៉ុន្តែទោះជាយ៉ាងណាជំងឺ COVID-19 ប្រភេទ B.1.617 ដែលបំលែងខ្លួននៅប្រទេសឥណ្ឌាផ្ទាល់ នៅតែជាក្ដីបារម្ភចម្បងសម្រាប់រដ្ឋាភិបាល ដោយសារវាមានការចម្លងលឿន និងធ្វើឱ្យជំងឺមានស្ថានភាពធ្ងន់ធ្ងរ ខណៈដែលជំងឺសព្វថ្ងៃកំពុងតែវាយលុកដល់តំបន់ដាច់ស្រយាល គ្មានប្រព័ន្ធវេជ្ជសាស្ត្រគ្រប់គ្រាន់៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: