លេចធ្លាយរូបរាងរបស់ Google Pixel 3XL ជាមួយម៉ូដសក់ក្បាលឆក និងសមត្ថភាពសាកថ្មឥតខ្សែ (មានវីដេអូ)
- August 23, 2018
កាលពីពេលថ្មីៗនេះ រូបភាពរបស់កំពូលស្មាតហ្វូន Pixel 3XL របស់ក្រុមហ៊ុនយក្ស Google បានលេចធ្លាយឲ្យឃើញកាន់តែច្បាស់ជាច្រើនជាមួយនឹងលក្ខណៈសម្បត្តិខ្លះរបស់វា។ ក្រុមហ៊ុន Google ពិតជាបានសម្រេចចិត្តឈានជើងដើរចូលបច្ចេកវិទ្យាអេក្រង់ឆកដែរហើយ វាពិតជារាងយឺតបន្តិច ដែល Google បញ្ចេញកំពូលស្មាតហ្វូនរបស់ខ្លួននៅពេលនេះ ជាមួយរចនាបថក្បាលឆកនេះ ព្រោះក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនបានប្រើប្រាស់រចនាបថនេះអស់ចិត្ត អស់ចង់ទៅហើយ។
Pixel 3XL មានរូបរាងមិនសូវខុសគ្នាច្រើនពី Pixel 2XL ប៉ុន្មាននោះទេ ហើយកាំមេរ៉ាក៏នៅតែប្រើឡេនមួយគ្រាប់ដដែល ប៉ុន្តែលើកនេះ Pixel 3XL បានពង្រីកទំហំអេក្រង់ដល់ទៅ 6.7 អ៊ីញ (1440 x 2960 pixels) គឺពិតជាធំជាងមុនច្រើន។ Pixel 3XL មានទំហំថ្ម 3,430mAh ដែលទំហំថ្មប៉ុណ្ណេះគឺវាតិចជាង Pixel 2XL។ សម្រាប់គ្រឿងភ្ជាប់មកក្នុងប្រអប់យើងឃើញមានកាសស្ដាប់ ដែលរូបរាងដូចទៅនិង Pixel Bud ដែរ តែមិនមែនប្រើ Bluetooth នោះទេ គឺប្រើខ្សែ និងមានឌុយជាប្រភេទ Type-C ទីបំផុត Google បានភ្ជាប់កាសមកជាមួយទូរស័ព្ទរបស់ខ្លួនហើយ។
អ្វីកាន់តែពិសេសនោះគឺ Pixel 3XL ជំនាន់ថ្មីនេះ អាចធ្វើការសាកថ្ម ជាមួយនឹងឆ្នាំងសាកឥតខ្សែហើយ។ សម្រាប់ប្រព័ន្ធដំណើរការ និងកម្លាំងម៉ាស៊ីន ក៏ដូចជាបច្ចេកវិទ្យាមួយចំនួនទៀតយើងខ្ញុំមិនទាន់មានព័ត៌មានច្បាស់ការនៅឡើយទេ ហើយក្រុមហ៊ុន Google គ្រោងនឹងបញ្ចេញ Pixel ជំនាន់ថ្មីរបស់ខ្លួននៅខែតុលាខាងមុខនេះ៕
— Максим Хорошев (@khoroshev) August 22, 2018
អត្ថបទ៖ ឧស្សាហ៍
ប្រភព៖ gsmarena
- Share This Post:

















