ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជិះម៉ូតូបម្រុងឆ្លងផ្លូវ ត្រូវម៉ូតូធំវ៉ាជែងរថយន្តយ៉ាងលឿនជ្រុលបុកពេញទំហឹង បណ្តាលឲ្យបាត់បង់ជីវិតនារីម្នាក់មួយរំពេច

    BY Khmernote Media May 20, 2021
    ជិះម៉ូតូបម្រុងឆ្លងផ្លូវ ត្រូវម៉ូតូធំវ៉ាជែងរថយន្តយ៉ាងលឿនជ្រុលបុកពេញទំហឹង បណ្តាលឲ្យបាត់បង់ជីវិតនារីម្នាក់មួយរំពេច

    រាជធានីភ្នំពេញ ៖ នារីម្នាក់បានបែកក្បាលហូរឈាមស្លាប់ភ្លាមៗ ខណៈកំពុងតែជិះម៉ូតូបម្រុងឆ្លងផ្លូវ ត្រូវបានម៉ូតូ Kawasaki ធុនធំមួយគ្រឿង ជិះវ៉ាជែងរថយន្តក្នុងល្បឿនលឿនក៏ជ្រុលទៅបុកម៉ូតូនារីខាងលើពេញទំហឹង ខ្ទាតឡើងចិញ្ចើមផ្លូវតែម្ដង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះកើតឡើងនាម៉ោង០៦:៣០នាទីព្រឹកព្រលឹម ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ នៅចំណុចទល់មុខក្រសួងព័ត៌មាន លើផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សពនារីរងគ្រោះមានឈ្មោះ ទ្រី ស្រីលីន អាយុ២៥ឆ្នាំ មុខរបរលក់កាហ្វេ ស្នាក់នៅបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិសាមគ្គី សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ។

    សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញនារីរងគ្រោះខាងលើ ជិះម៉ូតូមួយគ្រឿង ម៉ាក Honda Scoopy-i ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1GQ-2244 ធ្វើដំណើរចេញពីតូបកាហ្វេ ក្នុងទិសដៅពីជើងទៅត្បូង បម្រុងបត់ឆ្លងផ្លូវ ស្របពេលនោះ ក៏មានបុរសម្នាក់បើកបរម៉ូតូធំមួយគ្រឿង ម៉ាក kawasaki ពណ៌ត្រួយចេក ពាក់ស្លាកលេខភ្នំពេញ 1HW-0909 បើកបរក្នុងលឿនលឿន រួចក៏បានវ៉ាជែងរថយន្តមួយគ្រឿងទៀតដែលនៅខាងមុខ ក៏ជ្រុលទៅបុកនារីរងគ្រោះដែលកំពុងតែជិះម៉ូតូឆ្លងផ្លូវចំពីមុខយ៉ាងពេញទំហឹង ខ្ទាតប៉ើងទៅលើចញ្ចើមផ្លូវបែកក្បាលហូរឈាមស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង ។

    បច្ចុប្បន្នក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយផ្នែកចរាចរណ៍ខណ្ឌដូនពេញ និងជំនាញចរាចរណ៍ក្រុង បានចុះមកធ្វើការវាស់វែង និងយកម៉ូតូទាំង២គ្រឿងទៅរក្សាទុកបណ្ដោះអាសន្ន រួមទាំងអ្នកបើកបរម៉ូតូធុនធំ ត្រូវបានឃាត់ខ្លួនបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់។ ចំណែកសពនារីរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

    Share This Post: