យុវជនម្នាក់ល្មើសបំរាមគោចរធ្វើដំណើរពេលយប់ ត្រូវសមត្ថកិច្ចចាប់ឲ្យអាវ៉ង់២០ដង ដើម្បីជាការពិន័យ (មានវីដេអូ)
រាជធានីភ្នំពេញ ៖ កម្លាំងចម្រុះខណ្ឌមានជ័យ បន្តអនុវត្តបម្រាមគោចរ ហាមធ្វើដំណើរបណ្តោះអាសន្ន ចាប់ពីម៉ោង០៨:០០នាទីយប់ ដល់ម៉ោង០៥:០០នាទីភ្លឺ នៅភូមិសាស្ត្រខណ្ឌមានជ័យ សង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋភាគច្រើនបានដឹងអំពីបម្រាមគោចរនេះ ហើយបានចូលរួមគោរព និងសហការបានយ៉ាងល្អ ហើយមានតែពលរដ្ឋតិចតួចបំផុតដែលល្មើសនឹងបម្រាមនេះ ។

លោកអភិបាលរងខណ្ឌមានជ័យ ឌី រ័ត្នខេមរុណ បានប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា ការដាក់គោលដៅអនុវត្តបំរាមគោចរនៅក្នុងភូមិសាស្ត្រខណ្ឌមានជ័យនេះ ធ្វើឡើងនៅយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ មានគោលដៅបំរាមគោចរ ៣គោលដៅផ្សេងគ្នា គោលដៅទី១.នៅចំណុចផ្លូវជាតិលេខ២ មុខសាលាសង្កាត់ចាក់អង្រែក្រោម សង្កាត់ចាក់អង្រែក្រោម កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ តំណាងលោកពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ កម្លាំងចូលរួម កម្លាំងសង្កាត់ កម្លាំងនគរបាលខណ្ឌ+ប៉ុស្តិ៍ អាវុធហត្ថខណ្ឌ និងសណ្ដាប់ធ្នាប់ខណ្ឌ+សង្កាត់ សរុប៣០នាក់ ។ គោលដៅទី២.នៅតាមផ្លូវ២៧១ ចំណុចមុខវត្តសន្សំកុសល សង្កាត់បឹងទំពន់ទី១ គណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់បឹងទំពន់ទី១,បឹងទំពន់ទី២ ដឹកនាំដោយលោកចៅសង្កាត់ទាំង២ កម្លាំងចូលរួម កម្លាំងនគរបាលខណ្ឌ+ប៉ុស្តិ៍ កម្លាំងអាវុធហត្ថខណ្ឌ និងសណ្ដាប់ធ្នាប់ខណ្ឌ+សង្កាត់ សរុប៣០នាក់ ។ គោលដៅទី៣.នៅចំណុចច្រមុះជ្រូកស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី២ គណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី១,ទី២,ទី៣ ដឹកនាំដោយលោកចៅសង្កាត់ទាំង៣ កម្លាំងចូលរួម កម្លាំងនគរបាលខណ្ឌ+ប៉ុស្តិ៍ កម្លាំងអាវុធហត្ថខណ្ឌ និងសណ្ដាប់ធ្នាប់ខណ្ឌ+សង្កាត់ សរុប៣០នាក់ ។ សរុបទាំង៣គោលដៅ ប្រើប្រាស់កម្លាំងសរុបរួម ចំនួន ៩០នាក់ ។
លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ ក៏បានទទូចស្នើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលធ្វើដំណើរតាមដងផ្លូវកាត់ចំនុចទីតាំងហាមឃាត់ គឺសូមយោគយល់ និងបន្តសហការជាមួយអាជ្ញាធរមូលដ្ឋាន កុំចេញក្រៅផ្ទះ ប្រសិនបើគ្មានការចាំបាច់ ដើម្បីកាត់បន្ថយការរីករាលដាលនៃជំងឺ កូវីដ-១៩ ។ ជាក់ស្ដែងការអនុវត្តបំរាមគោចរ នាយប់ថ្ងៃទី២០ឧសភានេះ បានបង្ហាញឲ្យឃើញថា ប្រជាពលរដ្ឋភាគច្រើនបានដឹងអំពីបម្រាមគោចរនេះ ហើយបានចូលរួមគោរព និងសហការបានយ៉ាងល្អដោយមិនចេញពីផ្ទះបើមិនមានការចាំបាច់ ។ ម្យ៉ាងវិញទៀតគឺមានតែប្រជាពលរដ្ឋចំនួនតិចតួចបំផុតដែលល្មើសនឹងបម្រាមនេះ ដោយសមត្ថកិច្ចបានធ្វើការឃាត់យានយន្តត្រួតពិនិត្យ ២០គ្រឿង ក្នុងនោះមានម៉ូតូតែ០១គ្រឿងប៉ុណ្ណោះ ត្រូវបានដកហូតបណ្ដោះអាសន្ន យកមករក្សាទុកនៅអធិការដ្ឋានខណ្ឌមានជ័យ រហូតដល់១៤ថ្ងៃ ទើបប្រគល់ជូនម្ចាស់វិញ។ ហើយក៏មានយុវជនម្នាក់ ដែលល្មើសបំរាមគោចរធ្វើដំណើរពេលយប់ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឲ្យអាវ៉ង់ និងលោត ដើម្បីជាការពិន័យ ដោយសារយុវជនរូបនោះនិយាយថា មិនបានដឹងការធ្វើដំណើរពេលយប់ ល្មើសបំរាមគោចរ។
ចាប់ពីយប់នេះទៅ រដ្ឋបាលខណ្ឌមានជ័យ សង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋនឹងអនុវត្តតាមបម្រាមគោចរ ជាពិសេសចំនួនអ្នកល្មើសនឹងថយចុះពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវី១៩ ។
សូមបញ្ជាក់ជូនថា បើតាមការលើកឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈ video conference ក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ ដែលឯកឧត្តមអភិបាលរាជធានីភ្នំពេញបានលើកឡើងថា ១សប្តាហ៍ទៀត(ថ្ងៃទី២០ ដល់ថ្ងៃទី២៧ឧសភា) ដែលយើងត្រូវអនុវត្តនេះជាទឹកចុងក្រោយហើយ អាជ្ញាធរ កម្លាំងមានសមត្ថកិច្ចត្រូវតែម៉ឹងម៉ាត់ បើយើងគ្រប់គ្រងមិនបាន វានឹងវិលមករកចំណុចដើមវិញនោះ គឺចប់ហើយ ។ ចំពោះវិធានការបន្ត គឺត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ចំពោះបំរាមគោចរ ត្រូវឃាត់យានយន្តដែលធ្វើចរាចរណ៍ល្មើស ចាប់ពីម៉ោង៨យប់ដល់ម៉ោង៥ភ្លឺទាំងអស់ មករក្សាទុកនិងធ្វើការផាកពិន័យ ដោយមិនមានការអប់រំទៀតទេ ។
លោកអភិបាលរាជធានីក៏បានបញ្ជាក់ថា ការផាកពិន័យនេះរដ្ឋបាលរាជធានី គ្មានចេតនាណាមួយ ចង់បានលុយពីការផាកនោះទេ រដ្ឋបាលរាជធានីភ្នំពេញ មានបំណងតែមួយគត់ គឺចង់ឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរ និងក្រសួងសុខាភិបាល ដើម្បីយើងអាចផ្តាច់បានជំងឺកូវីដ-១៩ ក្នុងព្រឹត្តការណ៍សហគមន៍២០កុម្ភៈនេះ ៕

ដោយ៖ បងម៉េង ខ្មែរណូត