ចេញពីធ្វើការត្រូវក្រុមចោរកាក់ប្លន់ប្រតាយប្រតប់ និងបាញ់គំរាម១គ្រាប់ រួចប្លន់យកម៉ូតូ ខ្សែក ខ្សែដៃ កាបូបស្ពាយមានទូរស័ព្ទ និង Laptop យកទៅបាត់ស្រមោល
ភ្នំពេញ ៖ សេចក្ដីរាយការណ៍បឋមពីអ្នកយកព័ត៌មានខ្មែរណូតបានឲ្យដឹងថា មានករណីចោរប្រដាប់អាវុធមួយក្រុម បានធ្វើសកម្មភាពបាញ់គំរាមមួយគ្រាប់ និងវាយប្លន់យកម៉ូតូ Scoopy និងខ្សែក,ខ្សែដៃផ្លាកទីន រួមទាំងកាបូបស្ពាយ មានទាំងទូរស័ព្ទ និង Laptop ពីបុគ្គលិកធនាគារបានសម្រេច រួចជិះម៉ូតូគេចខ្លួនបាត់ស្រមោល ។ ហេតុការណ៍ប្លន់ប្រដាប់អាវុធនេះបានកើតឡើងកាលពីវេលាម៉ោងជាង៧យប់ ថ្ងៃសុក្រ ទី២១ ខែឧសភា ឆ្នាំ២០២១នេះ នៅចំណុចក្បែររបងអតីតតុលាការយោធា(ចាស់) លើផ្លូវលេខ៣៦៨ កែងផ្លូវលេខ៣៥០ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

យុវជនរងគ្រោះមានឈ្មោះ វ៉ា សុខា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបុគ្គលិកធនាគារស្ថាបនា ស្នាក់នៅបន្ទប់ជួលនៅម្ដុំផ្សារដេប៉ូ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមសម្តីជនរងគ្រោះបានប្រាប់អ្នកយកព័ត៌មានខ្មែរណូតដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាស្គូពី (Honda Scoopy) ស៊េរីឆ្នាំ២០១៩ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HN-2076 តែម្នាក់ឯងចេញកន្លែងធ្វើការរបស់គាត់ដូចសព្វដង ដោយធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៣៦០ ទិសដៅពីលិចទៅលិច ខណៈពេលគាត់ជិះម៉ូតូបត់ស្ដាំមកតាមផ្លូវលេខ៣៦៨ ក្នុងល្បឿនលឿនធម្មតា មកដល់ចំណុចកើតហេតុក្បែររបងអតីតតុលាការយោធា(ចាស់) ជិតដល់កែងផ្លូវលេខ៣៥០ ស្រាប់តែលេចមុខក្រុមជនសង្ស័យមានគ្នាចំនួន៣នាក់ ជិះម៉ូតូ២គ្រឿងប្រភេទម៉ូតូអូតូ(មិនចាំម៉ាក និងមិនចាំស្លាកលេខ) មកពីក្រោយរួចកៀរម៉ូតូរបស់គាត់ឲ្យដួល រួចដកកាំបិតចុងស្រួលភ្ជង់គំរាមគាត់យកម៉ូតូ តែរូបគាត់មិនព្រមអោយឡើយ និងបានប្រតាយប្រតប់គ្នាជាមួយក្រុមជនសង្ស័យ ដោយមិនដឹងថាជនសង្ស័យមានកាំភ្លើងឡើយ រូបគាត់ក៏ត្រូវបានជនសង្ស័យលោតធាក់មួយជើងចំដើមទ្រូង បណ្ដាលឲ្យដួល ហើយបក្ខពួកជនសង្ស័យខាងលើ ក៏បានដកកាំភ្លើងខ្លីមួយដើមមិនស្គាល់ម៉ាក បាញ់គំរាមមួយគ្រាប់ ប្លន់យកម៉ូតូរបស់គាត់ រួមទាំងខ្សែកនិងខ្សែដៃផ្លាទីន តម្លៃជាង២ពាន់ដុល្លារ និងទូរសព្ទ័ដៃ និងកាបូបស្ពាយដែលរូបគាត់ស្ពាយជាប់ខ្លួន បានសម្រេច ហើយក្រុមជនសង្ស័យក៏បាននាំគ្នាឡើងជិះម៉ូតូ ចែកផ្លូវគ្នាគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោលទៅ ។
ជនរងគ្រោះបានបញ្ជាក់ឲ្យដឹងថា នៅក្នុងកាបូបស្ពាយដែលជនសង្ស័យប្លន់យកទៅរួមជាមួយនិងម៉ូតូ គឺមានទូរស័ព្ទដៃ ១គ្រឿង, និង Laptop ម៉ាក Dell ០១គ្រឿង តម្លៃជាង ៤០០ដុល្លារ រួមទាំងសម្ភារៈឯកសារមួយចំនួនទៀត។ ហើយក្រោយកើតហេតុភ្លាមគាត់មិនបានទៅរកសមត្ថកិច្ចដើម្បីដាក់ពាក្យបណ្ដឹងទេ ដោយក្នុងខ្លួនសល់លុយ២០ដុល្លារដែរ បានអង្គុយចាំហៅកង់បីឥណ្ឌា មកដឹកទៅគ្លីនិកឯកជនមួយឈ្មោះ ”បញ្ញាសាស្ត្រ“ ស្ថិតនៅចំណុចផ្លូវ២៧១ កែងផ្លូវ៣៧១ ដើម្បីឲ្យក្រុមគ្រូពេទ្យជួយពិនិត្យមើល ព្រោះរូបគាត់មានសភាពចុកពោះនិងចុកទ្រូង ឆ្អល់ៗ និយាយមិនចង់បានឡើយ ទើបពេទ្យចាក់ថ្នាំ និងដាក់សារ៉ូមអោយសម្រាកនៅគ្លីនិកបណ្ដោះអាសន្នសិនផងដែរ ។
បច្ចុប្បន្នក្រោយពេលកើតហេតុ ជនរងគ្រោះនិងក្រុមគ្រួសារបានទៅដាក់ពាក្យបណ្ដឹងនៅស្នាក់ការប៉ុស្តិ៍នគរបាលទួលស្វាយព្រៃទី១ ដើម្បីងាយស្រួលឲ្យកម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវតាមស្វែងរកមុខជនសង្ស័យចាប់យកមកផ្តន្ទាទោសទៅតាមច្បាប់ ៕

ដោយ៖ បងម៉េង ខ្មែរណូត