បច្ចេកវិទ្យា

ដោយសារតែហេតុផលចំបងមួយនេះ ទើបអូស្ត្រាលីហាមមិនឲ្យក្រុមហ៊ុន Huawei និង ZTE ដំណើរការប្រព័ន្ធ 5G នៅក្នុងប្រទេសខ្លួន

BY
Khmernote Media
August 24, 2018

កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលអូស្រ្តាលីបានធ្វើការហាមឃាត់ក្រុមហ៊ុន Huawei និងក្រុមហ៊ុន ZTE មិនឲ្យដាក់ដំណើរការប្រព័ន្ធទូរស័ព្ទ 5G របស់ខ្លួនឡើយ។ ការហាមឃាត់នេះត្រូវបានមន្រ្តីអូស្រ្តាលីផ្តល់ហេតុផលដូចគ្នាទៅនឹងហេតុផលរបស់សហរដ្ឋអាមេរិកដែរ គឺបញ្ហាផ្នែកសន្តិសុខជាតិ ដោយសារខ្លាចមានការជ្រៀតជ្រែកពី Hacker នៅក្រៅប្រទេស។

ក្រុមហ៊ុន Huawei នៅក្នុងប្រទេសអូស្ត្រាលី បានឆ្លើយតបតាមរយៈ Tweet ថា នេះគឺជាការសម្រេចចិត្តដ៏អាក្រក់មួយដោយរដ្ឋាភិបាលអូស្រ្តាលី ដែលវានឹងមានផលប៉ះពាល់អវិជ្ជមានដល់អ្នកប្រើប្រាស់នៅក្នុងប្រទេសអូស្ត្រាលី។ ហើយក្រុមហ៊ុននេះក៏កំពុងផ្តល់បច្ចេកវិទ្យាឥតខ្សែនៅអូស្ត្រាលីជិត 15 ឆ្នាំមកហើយដែរ។

ជាការពិតក្រុងប៉េកាំងមិនសប្បាយចិត្តនឹងរឿងនេះទេ ហើយបាននិយាយថា រដ្ឋាភិបាលអូស្ត្រាលីកំពុងធ្វើលេស ដើម្បីបង្កើតរបាំងឧបសគ្គសម្រាប់ក្រុមហ៊ុនចិន។ តាមរបៀបនេះក្រុមហ៊ុនចិនមិនអាចប្រកួតប្រជែងជាមួយទីផ្សារអូស្ត្រាលីបានទេ។ អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយថា៖ “យើងសូមអំពាវនាវដល់រដ្ឋាភិបាលអូស្ត្រាលីឱ្យបោះបង់ចោលការរើសអើងមនោគមវិជ្ជា និងផ្តល់ការប្រកួតប្រជែងដោយយុត្តិធម៌សម្រាប់ប្រតិបត្តិការរបស់ក្រុមហ៊ុនចិននៅក្នុងប្រទេសអូស្ត្រាលី។”

ច្បាប់របស់ចិនតម្រូវឱ្យអង្គការ និងប្រជាពលរដ្ឋធ្វើការសហការគ្នានៅពេលរដ្ឋាភិបាលកំពុងធ្វើចារកម្ម ដូច្នេះវាអាចជាមូលហេតុដែលឧបករណ៍របស់ក្រុមហ៊ុន Huawei ត្រូវបានគេសង្ស័យ។

យោងតាមលោក John Watters អនុប្រធានប្រតិបត្តិជាន់ខ្ពស់ និងជាប្រធានផ្នែកយុទ្ធសាស្រ្តសាជីវកម្មរបស់ក្រុមហ៊ុនអ៊ីនធើណែត FireEye បានឱ្យដឹងថា ប្រទេសអូស្រ្តាលីបច្ចុប្បន្នត្រូវចំណាយប្រាក់បន្ថែមលើការកសាងបណ្តាញ 5G ប៉ុន្តែវានឹងទទួលបានការគ្រប់គ្រង និងសន្តិសុខបន្ថែមទៀតដោយហេតុថាក្រុមហ៊ុនចិនអាចនឹងខាតបង់ក្នុងរយៈពេលខ្លី៕

អត្ថបទ៖ ឧស្សាហ៍
ប្រភព៖ gsmarena

Share This Post: