ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បុរស២នាក់ជិះម៉ូតូសុខៗ ស្រាប់តែមានស្ត្រីបម្រើសេវាផ្លូវភេទចេញមកស្ទាក់ម៉ូតូមិនឲ្យទៅមុខ ហើយចាប់ទាញដៃបបួលឡើងផ្ទះសំណាក់ រួចមានគ្នីគ្នា៤-៥នាក់ទៀតមកបន្លំលួចកាបូបលុយ បង្កឲ្យមានការភ្ញាក់ផ្អើល

    BY Khmernote Media May 23, 2021
    បុរស២នាក់ជិះម៉ូតូសុខៗ ស្រាប់តែមានស្ត្រីបម្រើសេវាផ្លូវភេទចេញមកស្ទាក់ម៉ូតូមិនឲ្យទៅមុខ ហើយចាប់ទាញដៃបបួលឡើងផ្ទះសំណាក់ រួចមានគ្នីគ្នា៤-៥នាក់ទៀតមកបន្លំលួចកាបូបលុយ បង្កឲ្យមានការភ្ញាក់ផ្អើល

    ភ្នំពេញ ៖ បុរសពីរនាក់ចេញពីហូបស៊ុប ឌុបគ្នាត្រលប់ទៅផ្ទះវិញ ជួបស្រ្តីបម្រើសេវាផ្លូវភេទ២នាក់ ម្នាក់ចេញមកស្ទាក់ម៉ូតូមិនឲ្យទៅមុខ ម្នាក់ដើរមកជាន់ហ្វ្រាំងម៉ូតូជាប់ហើយឡើងជិះពីក្រោយចាប់ទាញដៃបបួលទៅផ្ទះសំណាក់ និងមានបុរស៤ទៅ៥នាក់ទៀត បានឆ្លៀតឱកាសបន្លំលូកហោប៉ៅលួចកាបូបលុយបានសម្រេច ហើយអូសក្រឡាគេចខ្លួនម្ដងម្នាក់បាត់អស់ តែចាប់បានស្ត្រីបម្រើសេវាផ្លូវភេទម្នាក់ ទើបបង្កការភ្ញាក់ផ្អើលឡើងតែម្ដង ។

    ហេតុការណ៍លូកហោប៉ៅលួចកាបូបលុយនេះ បានកើតឡើងកាលពីវេលាម៉ោង០៨:៣០នាទីយប់ ថ្ងៃសៅរ៍ ទី២២ ខែឧសភា ឆ្នាំ២០២១នេះ នៅត្រង់ចំណុចរង្វង់មូលវត្តភ្នំ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

    បើតាមសម្ដីបុរសរងគ្រោះម្ចាស់កាបូបមានឈ្មោះ ស៊ុន ចិន អាយុ៣១ឆ្នាំ មុខរបរកម្មករសំណង់ បានរៀបរាប់ប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងដឹងថា នៅមុនពេលកើតហេតុ រូបគាត់និងមិត្តភក្តិម្នាក់ទៀត បានជិះម៉ូតូសង់កូរ៉េមួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1AL-6350 ឌុបគ្នាត្រលប់មកពីហូបស៊ុប នៅជិតគល់ស្ពានជ្រោយចង្វារ ខណៈពេលមកដល់ចំណុចជិតរមណីយដ្ឋានវត្តភ្នំ (កន្លែងកើតហេតុខាងលើ) ក៏មានស្រ្តីរកស៊ីផ្លូវភេទ២នាក់ ម្នាក់បានដើរចេញមកស្ទាក់ម៉ូតូរបស់គាត់មិនឲ្យទៅមុខ ម្នាក់ដើរមកជាន់ហ្វ្រាំងម៉ូតូជាប់និងចាប់ទាញដៃទាញជើងបបួលពួកគាត់ទៅគេងផ្ទះសំណាក់ ដោយយកសេវាតែ២ម៉ឺនរៀលប៉ុណ្ណោះ ដោយសាររញ៉េរញ៉ៃពេក មិត្តភក្តិគាត់ដែលជាអ្នកជិះពីក្រោយមិនសូវពេញចិត្ត ក៏បានចុះពីលើម៉ូតូហើយដើរចេញទៅឆ្ងាយពីរូបគាត់សិន ហើយស្ត្រីបម្រើសេវាផ្លូវភេទម្នាក់បានឡើងជិះម៉ូតូពីក្រោយបបួលទៅផ្ទះសំណាក់ ហើយដៃស្ទាបគាត់ចុះឡើងចុះឡើង។

    ជនរងគ្រោះបន្តថា បន្ទាប់មកស្រាប់តែលេចមុខបុរស៤ទៅ៥នាក់ទៀតដែលជាបក្ខពួកស្ត្រីបម្រើសេវាផ្លូវភេទនោះ បានដើរចូលមករញ៉េរញ៉ៃជាមួយស្ត្រីរកស៊ីផ្លូវភេទដែលមកស្ទាក់ម៉ូតូរបស់គាត់នោះ ដើម្បីមានឱកាសបន្លំលូកហោប៉ៅលួចកាបូបលុយរបស់គាត់បានសម្រេច ហើយហុចបណ្ដាក់គ្នាអូសក្រឡាគេចខ្លួនបាត់ម្ដងម្នាក់ នៅពេលគាត់ដឹងថាបាត់កាបូបលុយហើយ រូបគាត់ក៏បានឃាត់ស្ត្រីបម្រើសេវាម្នាក់ដែលជាអ្នកមកស្ទាក់ម៉ូតូរបស់គាត់ ហើយស្ត្រីបម្រើសេវាផ្លូវភេទនោះក៏បានឆ្លើយបដិសេធ ថែមទាំងហ៊ានស្បថថា មិនបានលួចលុយរបស់គាត់នោះទេ និងបានប្រកែកគ្នាផ្អើលឆោឡោ រហូតមានទាំងក្រុមអ្នកសារព័ត៌មានចុះមកផ្សាយផ្ទាល់ពេញកន្លែងកើតហេតុ និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះមកមកជួយអន្តរាគមន៍ផងដែរ។

    ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ស្រះចក បានចុះមកសួរនាំដឹងពីដំណើររឿងហេតុ រួចធ្វើការឃាត់ខ្លួនស្ត្រីបម្រើសេវាផ្លូវភេទម្នាក់នោះ នាំទៅកាន់ស្នាក់ការប៉ុស្តិ៍ដើម្បីសាកសួរ និងមានបុរសទាំងពីរនាក់ខាងលើទៅបំភ្លឺហេតុការណ៍នេះផងដែរ ដោយមិនទាន់ដឹងថា បុរសទាំងពីរនាក់នោះដាក់ពាក្យបណ្ដឹងប្ដឹងអោយសមត្ថកិច្ចឃាត់ខ្លួន ឬក៏ធ្វើកិច្ចសន្យាអប់រំណែនាំស្ត្រីបម្រើសេវាផ្លូវភេទនោះទេ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: