ខេត្តកោះកុង រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១១នាក់ ដោយនឹងកំពុងបន្តស្វែងរកអ្នកពាក់ព័ន្ធបន្ថែមទៀត
ខេត្តកោះកុង៖ តាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តកោះកុង បានបញ្ជាក់ឲ្យដឹងថា គិតម៉ោង ៧ព្រឹកដល់ម៉ោង១២ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ អាជ្ញាធរ និងមន្រ្តីសុខាភិបាល បានរកឃើញមនុស្សចំនួន១១ផ្សេងទៀតមានវិជ្ជមានកូវីដ-១៩ ដោយនឹងកំពុងបន្តស្វែងបន្ថែមទៀត។

បើតាមការបញ្ជាក់របស់លោក ទូ សាវុធ អភិបាលរងខេត្តកោះកុង គូសបញ្ជាក់នៅថ្ងៃទី២៤ ខែឧសភាថា តួលេខថ្ងៃនេះ បើធៀបនឹងកាលពីថ្ងៃទី២៣ ខែឧសភា រកឃើញត្រឹមតែចំនួន ២៣នាក់។ ភូមិដែលរកឃើញអ្នកឆ្លងកូវីដច្រើនជាងគេ គឺភូមិវាលជើង និងភូមិត្រពាំង នៅក្នុងឃុំស្រែអំបិល។
ទាក់ទិនបញ្ហាប្រឈមនេះដែរ លោក ជា ច័ន្ទកញ្ញា អភិបាលស្រុកស្រែអំបិល អះអាងថា ក្រុមការងាររដ្ឋបាលស្រុកត្រៀមរួចរាល់ហើយនូវអគារសម្រាប់ពិនិត្យព្យាបាលអ្នកជំងឺកូវីដ១៩ថ្មី នៅក្នុងបិរវេណវិទ្យាល័យស្រែអំបិលចំនួន ២អគារ មាន៨បន្ទប់។ ប្រសិនបើមន្ទីរពេទ្យបង្អែកស្រុក ខ្វះខាតទីកន្លែងព្យាបាល។
លោកអភិបាលស្រុកស្រែអំបិល ក៏បានសង្កេតឃើញថា នៅម៉ោងនេះ ប្រជាពលរដ្ឋសហការជាមួយអាជ្ញាធរមន្រ្តីជំនាញបានល្អប្រសើរពុំមានការគេសវេះអ្វីនោះទេ។ ជាងនេះទៀតសោត ប្រជាពលរដ្ឋដែលមានការសង្ស័យសុខភាពក៏អាចរាយការណ៍ផ្តល់ព័ត៌មានមកក្រុមគ្រូពេទ្យផងដែរ ដោយមិនលាក់លៀមព្រោះតែក្តីបារម្ភ ៕



ប្រភព៖ មន្ទីរព័ត៌មានខេត្តកោះកុង Department of Information Koh Kong Provnice