ទីបំផុតរឿងរ៉ាវត្រូវបានបញ្ចប់ ក្រោយ Bro KH ចូលខ្លួនតាមការកោះហៅរបស់ចៅសង្កាត់ចាក់អង្រែក្រោម ពាក់ព័ន្ធរឿងរ៉ាវបរិហារកេរ្តិ៍ និងធ្វើការសុំទោសជាសាធារណៈ ព្រមទាំងធ្វើកិច្ចសន្យាផ្តិតមេដៃបញ្ចប់រឿង
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ លោក ហួត ហេង ហៅ “Bro KH” បានចូលខ្លួនតាមការអញ្ជើញរបស់លោកចៅសង្កាត់ចាក់អង្រែក្រោម ពាក់ព័ន្ធរឿងរ៉ាវ បកស្រាយករណី បរិហារកេរ្តិ៍ នៅចំពោះមុខលោក កែវ វណ្ណដេត ចៅសង្កាត់រង តំណាងលោកចៅសង្កាត់ នៅសាលាសង្កាត់ចាក់អង្រែក្រោម ដោយមានការចូលរួមដឹងលឺពី អាណាព្យាបាលទាំងសងខាងផងដែរ។

នៅចំពោះមុខ លោកចៅសង្កាត់រង តាមមតិឈ្មោះ ហុក សុខឃីម បានលើកឡើងថា នាងខ្ញុំរួមរស់នៅជាមួយឈ្មោះ ហួត ហេង ជាលក្ខណៈសង្សារ មិនមែនជាប្ដីប្រពន្ធទេ ដើម្បីស្វែងយល់ចិត្តគ្នា អស់រយៈពេល១ឆ្នាំ៨ខែ ខ្ញុំទាំងពីរនាក់មិនចុះសម្រុងនឹងគ្នាទេ ហើយបានលែងលះគ្នាអស់រយៈពេល២ខែមកហើយ ស្រាប់តែឈ្មោះ ហួត ហេង បានបង្ហោះលើបណ្ដាញសង្គមរបស់ខ្លួនថា ចោទប្រកាន់នាងខ្ញុំថា ជាប្រពន្ធរត់ចាកចេញពីផ្ទះ ដោយប្រើពាក្យពេចន៍មិនគួរគប្បីមកលើនាងខ្ញុំនេះ។ ដូច្នេះនាងខ្ញុំសូមអោយឈ្មោះ ហួត ហេង បកស្រាយលើបណ្ដាញសង្គមរបស់ខ្លួនសុំទោសជាសាធារណៈ ដើម្បីផ្ដល់កិត្តិយសអោយនាងខ្ញុំវិញ។ ហើយចាប់ពីពេលតទៅនាងខ្ញុំ និងឈ្មោះ ហួត ហេង ពុំមានទំនាក់ទំនងនឹងគ្នាទៀតទេ។ គ្រប់ទង្វើនិងកិច្ចការទាំងអស់ គឺគោរពសិទ្ធគ្នាទៅវិញទៅមក។
ចំណែកឯមតិចុងចម្លើយ ហួត ហេង បានយល់ព្រមធ្វើការ Live ផ្សាយផ្ទាល់ លើបណ្ដាញសង្គមហ្វេសប៊ុក ដើម្បីបកស្រាយសុំទោសជាសាធារណៈនូវកំហុសរបស់ខ្លួនទាំងអស់ ដើម្បីផ្ដល់កិត្តិយសជូនឈ្មោះ ហុក សុខឃីម ឡើងវិញ។ ហើយចាប់ពីពេលតទៅខ្ញុំបាទ និងឈ្មោះ ហុក សុខឃីម ពុំមានទំនាក់ទំនងនឹងគ្នាទៀតទេ។ ហើយភាគីទាំងសងខាងបានក៏បានយល់ព្រមធ្វើកំណត់ហេតុព្រមព្រៀង បញ្ចប់មួយរឿង ដោយមានការផ្ដិតមេដៃទុកជាភស្តុតាងផងដែរ។
ក្រោយពីពេលចាកចេញពី សាលាសង្កាត់រួច គេឃើញ Bro KH បានធ្វើការ Live ផ្សាយផ្ទាល់ លើបណ្ដាញសង្គមហ្វេសប៊ុកផេករបស់ខ្លួន ដើម្បីទទួលស្គាល់កំហុសរបស់ខ្លួន និងធ្វើការបកស្រាយសុំទោសជាសាធារណៈ ដើម្បីផ្ដល់កិត្តិយសជូនភាគីខាងស្រីវិញរួចរាល់ផងដែរ ៕







ដោយ៖ បងម៉េង ខ្មែរណូត