ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ផ្លូវបំបែកជា៤ ហើយដាច់ស្តុបទៀត រថយន្ត Ford បើកលឿនមិនប្រយ័ត្ន ព្រលះរថយន្ត Highlander ខ្ទាតវិលមួយជុំឡើងសួនច្បារ បុកបង្គោលស្លាកសញ្ញាប្រាប់ទិសផ្លូវបាក់អស់មួយដើម និងរបួសមនុស្សម្នាក់

    BY Khmernote Media May 28, 2021
    ផ្លូវបំបែកជា៤ ហើយដាច់ស្តុបទៀត រថយន្ត Ford បើកលឿនមិនប្រយ័ត្ន ព្រលះរថយន្ត Highlander ខ្ទាតវិលមួយជុំឡើងសួនច្បារ បុកបង្គោលស្លាកសញ្ញាប្រាប់ទិសផ្លូវបាក់អស់មួយដើម និងរបួសមនុស្សម្នាក់

    រាជធានីភ្នំពេញ ៖ ស្ដែងៗណាស់ ស្ត្រីម្នាក់រងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត Ford Ranger បើកលឿនមិនប្រយ័ត្នពេលដាច់ភ្លើងស្តុប ក៏ជ្រុលទៅបុកចំទ្វារខាងមុខចំហៀងខាងស្ដាំរថយន្ត Highlander កំពុងបើកឆ្លងកាត់ផ្លូវបំបែកជាបួន បណ្ដាលឲ្យរថយន្ត Highlander ខ្ទាតវិលមួយជុំឡើងសួនច្បារពុះចែកផ្លូវ បុកបង្គោលស្លាកសញ្ញាប្រាប់ទិសផ្លូវបាក់អស់មួយដើមទៀត។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៤:០៥នាទីទាបភ្លឺ ឈានចូលថ្ងៃសុក្រ ទី២៨ ខែឧសភា ឆ្នាំ២០២១នេះ នៅចំណុចស្តុបផ្សារថ្នល់បត់ លើផ្លូវ២១៧ កែងផ្លូវព្រៃស ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

    សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា នៅមុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូសង់កូរ៉េចាស់មួយគ្រឿង ទៅធ្វើការលុះមកជិតដល់ចំណុចស្តុបកើតខាង ស្រាប់តែម៉ូតូអស់សាំង ទើបគាត់បណ្ដើរម៉ូតូមកឈប់អែបចិញ្ចើមផ្លូវ មុខដេប៉ូប្រេងឥន្ទនៈ Tela ដើម្បីរងចាំចាក់សាំង ខណៈពេលកំពុងរងចាំចាក់សាំង ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាក Highlander ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខកំពង់ចាម 2A-4374 បើកបរដោយបុរសម្នាក់ដែលជាប្ដីនិងស្ត្រីម្នាក់ទៀតជាប្រពន្ធជាអ្នករួមដំណើរ បានធ្វើដំណើរមកតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីជើងមកត្បូង ក្នុងល្បឿនលឿន ខណៈពេលមកដល់ចំណុចកើតហេតុ ឃើញភ្លើងស្តុបដាច់រលត់ មិនដឹងតាំងពីម៉ោងប៉ុន្មានទេ ស្រាប់តែលាន់លឺសម្លេងចាប់ហ្វ្រាំងអូសនឹងថ្នល់ ទើបគាត់ងាកទៅឃើញរថយន្តមួយគ្រឿងទៀត ម៉ាកហ្វតរ៉េនជ័ (Ford Ranger Pick-Up) ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BI-5452 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវព្រៃស ទិសដៅពីលិចមកកើត ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន បានជាន់ហ្វ្រាំងអូសនឹងថ្នល់ជាច្រើនម៉ែត្រដើម្បីបន្ថយល្បឿនហើយ ស្រាប់តែបន្ថែមល្បឿនវិញ បំណងបើកឆ្លងកាត់ផ្លូវបំបែកជាបួននោះឲ្យផុតមុនរថយន្ត Highlander តែមិនផុតបែរជាជ្រុលទៅបុកចំទ្វារខាងមុខចំហៀងខាងស្ដាំរបស់រថយន្ត Highlander ដែលបើកឆ្លងកាត់ផ្លូវបំបែកជាបួនពេញទំហឹង បណ្ដាលឲ្យរថយន្ត Highlander ខ្ទាតវិលក្បាលមួយជុំឡើងសួនច្បារពុះចែកផ្លូវ បុកបង្គោលស្លាកសញ្ញាប្រាប់ទិសផ្លូវ បាក់អស់មួយដើមទៀត និងរថយន្តខូចខាតចំហៀងខាងស្ដាំយ៉ាងដំណំ និងបណ្ដាលឲ្យស្ត្រីជាប្រពន្ធដែលរួមដំណើរក្នុងរថយន្ត Highlander បានរងរបួស ត្រូវបានបញ្ជូនតាមកង់បីឥណ្ឌាទៅមន្ទីរពេទ្យភ្លាមៗផងដែរ ។ ចំណែករថយន្ត Ford Ranger វិញផ្ទុះបែកពោងសុវត្ថិភាពក្នុងរថយន្តនិងដៃចង្កូត ទើបមិនបណ្ដាលឲ្យអ្នកបើកបររថយន្តរបួសនោះទេ គ្រាន់តែខូចខាតរថយន្តមួយកំណាត់មុខយ៉ាងដំណំប៉ុណ្ណោះ ។

    បច្ចុប្បន្នក្រោយពេលកើតហេតុ សមត្ថកិច្ចផ្នែកវាស់វែងនៃអធិការដ្ឋានខណ្ឌដង្កោ បានសហការជាមួយសមត្ថកិច្ចជំនាញក្រុង ចុះមកវាស់វែង និងធ្វើកំណត់ហេតុស្ទូចយករថយន្តទាំងពីរគ្រឿង យកទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: