ដំណឹងល្អ! វ៉ាក់សាំងចំនួន ៤.៥លានដូសទៀតនឹងមកដល់កម្ពុជា នៅក្នុងខែមិថុនាខាងមុខនេះ
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងសារពិសេស ដោយណែនាំឲ្យធ្វើការផ្អាកការស្នើសុំវ៉ាក់សាំងទៅចាក់តាមខេត្ដ ឬតាមវិស័យនានា ដោយសម្តេចលើកឡើងថា កម្ពុជាត្រូវការចាក់ឱ្យពលរដ្ឋទាំងអស់ដោយអនុវត្តតាមផែនការយុទ្ធសាស្រ្ត តាមរយៈការចាក់ស្រោចវ៉ាក់សាំងជាបន្តបន្ទាប់តាមលំដាប់លំដោយ នៃរាជធានី-ខេត្តអាទិភាព។

ថ្លែងនៅក្នុងសារពិសេសនោះផងដែរ សម្តេចតេជោ ក៏បានមានប្រសាសន៍ឲ្យដឹងទៀតថា “យើងនឹងមានវ៉ាក់សាំងគ្រប់គ្រាន់ដើម្បីចាក់ ហើយតាមគម្រោងនឹងមកប្រមាណ៤លាន៥សែនដូសទៀតសម្រាប់ខែមិថុនា និងមកជាបន្តបន្ទាប់ទៀត។ យើងនឹងអាចចាក់យ៉ាងហោចណាស់ក្នុង៥លាន ទៅ៦លាននាក់ ដែលជាជំហានមុននឹងដំណាច់ឆ្នាំនេះ ក្នុងចំណោម១០លាននាក់ ហើយយើងនឹងខឹតខំដើម្បីធ្វើឲ្យសម្រេចនូវការចាក់វ៉ាក់សាំង១០លាននាក់នៅក្នុងឆ្នាំនេះ ឬយឺតបំផុតនៅដើមឆ្នាំក្រោយតែម្តង ដើម្បីឲ្យប្រជាជនរបស់យើងទទួលបាននូវវ៉ាក់សាំងគ្រប់ៗគ្នា”៕
