ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រថយន្តអគ្គិសនីជាង ១៦០០ គ្រឿងបានចុះបញ្ជី គិតត្រឹមខែមីនា ការប្រើប្រាស់កើនឡើងជាលំដាប់

    BY soknita April 22, 2026
    រថយន្តអគ្គិសនីជាង ១៦០០ គ្រឿងបានចុះបញ្ជី គិតត្រឹមខែមីនា ការប្រើប្រាស់កើនឡើងជាលំដាប់

    (រាជធានីភ្នំពេញ)៖​ នៅថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៦ ទូរទស្សន៍ជាតិកម្ពុជា ទទក បានបញ្ជាក់ថា រថយន្តអគ្គិសនីជាង ១៦០០ គ្រឿងបានចុះបញ្ជី គិតត្រឹមខែមីនា ការប្រើប្រាស់កើនឡើងជាលំដាប់។ ឯកឧត្តម ជន រីម មន្ត្រីអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា នៅក្នុងខែមីនា ឆ្នាំ២០២៦ មានរថយន្តអគ្គិសនីចំនួន ១.៦៧៦ គ្រឿង បានចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងនោះរថយន្តមានចំនួន ១ ២៩៣ គ្រឿង ដែលតួលេខមានកំណើនជាលំដាប់។

    ចំណែកនៅខែមករា ឆ្នាំ ២០២៦ មានយានយន្តអគ្គិសនីចុះបញ្ជីចំនួន ៤៨៨ គ្រឿង ក្នុងនោះរថយន្តមានចំនួន ៤០៩គ្រឿង, ខែកុម្ភៈ ឆ្នាំ២០២៦ មានយានយន្ត អគ្គិសនីចុះបញ្ជីចំនួន ១០៧៨ គ្រឿង ក្នុងនោះរថយន្តមានចំនួន ៨៨៩ គ្រឿង។ គិតត្រឹមខែមីនា ឆ្នាំ ២០២៦ មានយានយន្តអគ្គិសនីចុះបញ្ជីសរុបចំនួន ១៦២១០ គ្រឿង ក្នុងនោះទោចក្រយានយន្តមានចំនួន ៣ ៨៣២ គ្រឿង ត្រីចក្រយានយន្តមានចំនួន ៧២២ គ្រឿង និងរថយន្តមានចំនួន ១១ ៦៥៦ គ្រឿង។

    ខណៈដែលពិភពលោកកំពុងប្រឈមមុខក្តីបារម្ភពីការបំភាយឧស្ម័នកាបូនឌីអុកស៊ីតពីយានយន្តប្រើចំហេះឥន្ធនៈ ដែលបណ្តាលកើនឡើងកម្ដៅផែនដី ការប្រែប្រួល កាសធាតុ ការធ្លាក់ចុះគុណភាពខ្យល់ និងការបំពុលបរិស្ថានទាំងមូល រដ្ឋាភិបាលកម្ពុជាបានដាក់ផែនការជំរុញការប្រើប្រាស់យានយន្តអគ្គិសនីក្នុងចំណោមមន្ត្រី រាជការ និងប្រជាពលរដ្ឋទូទៅសម្រេចឲ្យបាន ៣ ម៉ឺនគ្រឿងនៅត្រឹមឆ្នាំ ២០៣០។

    យានយន្តអគ្គិសនី មិនត្រឹមចូលរួមលើកកម្ពស់តម្លៃបរិស្ថាន និងសុខភាពសាធារណៈ រួមទាំងពង្រឹងសន្តិសុខថាមពល រដ្ឋាភិបាលកម្ពុជាបានដាក់ចេញគោល នយោបាយជាតិស្តីពីយានយន្តអគ្គិសនី ដើម្បីបន្សំសម្ដៅចាប់យកឱកាសទាំងផ្នែកបច្ចេកវិទ្យានិងនវានុវត្តន៍ថ្មី និងឈានសម្រេចប្រទេសកម្ពុជាជាប្រទេសអព្យាក្រឹត្យ កាបូននៅឆ្នាំ ២០៥០។

    សូមបញ្ជាក់ថា ដើម្បីជំរុញសន្ទុះការប្រើប្រាស់យានយន្តអគ្គិសនីឈានឲ្យបាន ៣ ម៉ឺនគ្រឿងត្រឹមឆ្នាំ ២០៣០ ការបង្កើតទីតាំងស្ថានីយបញ្ចូលអគ្គិសនីបន្ថែមគឺចាំបាច់ ណាស់ ដើម្បីឆ្លើយតបកំណើនការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា៕

    ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក

    Share This Post: