ធ្លាក់តែឮលួចឡាន ឥឡូវជួបករណីលួចកង់ឡានទៀត
ស្រុកកណ្តាលស្ទឹង៖ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ ករណីលួចកង់រថយន្ត កើតហេតុនៅថ្ងៃចន្ទ ០៥រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៩៖៣០នាទី នៅចំនុចភូមិ អូរអណ្តូង ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ជនរងគ្រោះ៖ ឈ្មោះ គឹម ហឿន ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរមេការក្រុមហ៊ុនវីសាដឹកជញ្ជូន។ មានទីលំនៅភូមិ អន្លង់គង សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ចំណែកជនសង្ស័យ ចំនួន ០១នាក់៖ ឈ្មោះ សុខ ដាវិត ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ (ឃាត់ខ្លួន) ។

វត្ថុតាងចាប់យកមាន៖ ទូរស័ព្ទដៃម៉ាក Vfone ពណ៌ខ្មៅ ០១ គ្រឿង។ សភាពរឿងហេតុ៖ នៅថ្ងៃទីខែឆ្នាំ មុនពេលកើតហេតុជនសង្ស័យបានបើកបររថយន្តប្រភេទបែនដឹកដី យីឌុប កង់ដប់ពី ម៉ាក HYUNDAI DRAGO ពណ៌ក្រហម របស់ក្រុមហ៊ុនដឹកជញ្ជូន វីសា ដោយដឹកដីពីរណ្តៅដីមួយកន្លែងស្ថិតឃុំទ្រា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល យកទៅចាក់នៅ ម្តុំ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ពេលចាក់ដីរួចជនសង្ស័យបានបើករថយន្តខាងលើត្រលប់មករណ្តៅដីវិញ និងបានតេ ទូរស័ព្ទណាត់អ្នកបើកបររថយន្តបែនដូចគ្នាអោយមកចាំទិញកង់របស់ខ្លួននៅចំនុចកើតហេតុខាងលើ ដោយនិយាយថ្លៃគ្នារួចជាស្រេចគឺ លក់កង់រថយន្ត ០៤គ្រាប់ក្នុងតំលៃ ១៤០ដុល្លារ ពេលបើករថយន្តដល់កន្លែងកើតហេតុខាងលើ ជនសង្ស័យបានអោយជាងដោះដូរកង់រថយន្តចំនួន០៤គ្រឿង និងបានទទួលលុយចំនួន១៤០ដុល្លារ រួចបានបើករថយន្តមកដេកនៅរណ្តៅដីស្ថិតនៅឃុំទ្រា ស្រុកកណ្ដាលស្ទឹងវិញ។
លុះដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១៧៖១០នាទីជនរងគ្រោះ និងថៅកែរថយន្តបានពិនិត្យឃើញកង់រថយន្តខុសម៉ាក និង ក្រឡា ទើបហៅជនសង្ស័យចុះពីលើរថយន្តដើម្បីសួរនាំហើយជនសង្សយ័បានសារភាពថាខ្លួនបានលួចដូរកង់រថយន្តពិតប្រាកដមែន រួចជនរងគ្រោះបាននាំជនសង្ស័យទៅប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋសង្កាត់ ព្រៃសរ ក្រោយការសួរនាំជនសង្ស័យបានសារភាពប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋសង្កាត់ព្រៃសរ ថាកន្លងមកខ្លួនបានធ្វើសកម្មភាព លួចប្តូរកង់រថយន្តចំនួន០៣ លើកសរុបចំនួន១០គ្រាប់៖
–លើកទី១៖ នៅថ្ងៃទីខែពុំចាំ ឆ្នាំ២០២១ នៅភ្នំពេញចំនួន ០២គ្រាប់ លក់អោយជនមិនស្គាល់អត្តសញ្ញាណ ក្នុងតម្លៃ ១៤០ដុល្លារ។
–លើកទី២៖ នៅថ្ងៃទីខែឧសភា ឆ្នាំ២០២១ នៅចំនុចផ្លូវចូលព្រលានយន្តហោះថ្មី ស្រុកកណ្ដាលស្ទឹង ចំនួន០៤គ្រាប់ ក្នុងតម្លៃ ១៤០ដុល្លារ។
–លើកទី៣៖ នៅចំនុចកើតហេតុខាងលើ ចំនួន០៤គ្រាប់ ក្នុងតម្លៃ ១៤០ដុល្លារ។ ក្រោយការសួរនាំជនសង្ស័យរួចកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋសង្កាត់ព្រៃសរបានប្រគល់ជនសង្ស័យមកអធិការនគរបាលស្រុកកណ្តាលស្ទឹងដើម្បីបន្ត និតិវិធីច្បាប់ ៕




ប្រភព៖ មហាគ្រួសារតាខ្មៅ