ឯកឧត្តម គន់ គីម ចុះជួបពលរដ្ឋភៀសសឹក តាមខ្នងផ្ទះបណ្តោះអាសន្ន ក្រោយមានភ្លៀង និងខ្យល់កន្រ្តាក់ ក្នុងខេត្តបន្ទាយមានជ័យ
ភ្នំពេញ៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបបងប្អូនប្រជាពលរដ្ឋភៀសសឹក តាមខ្នងផ្ទះ បណ្តោះអាសន្ន របស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បន្ទាប់ពីប៉ុន្មានថ្ងៃមុននេះមានភ្លៀង និងខ្យល់កន្រ្តាក់ ក្នុងខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី មានប្រសាសន៍ថា ការប្រែប្រួលអាកាសធាតុ ដោយសារខ្យល់ កន្រ្តាក់ បានប៉ះពាល់ផ្ទះប្រជាពលរដ្ឋ ប្រមាណជាង៦០០ខ្នង ក្នុងស្រុកចំនួន៦ និងឃុំចំនួន៩ ក្នុងខេត្ត បន្ទាយមានជ័យ។
ឯកឧត្តម ទេសរដ្ឋមន្រ្តី មានប្រសាសន៍ទៀតថា ដោយឡែក ចំពោះផ្ទះបងប្អូនប្រជាពលរដ្ឋមួយចំនួនតូច ក៏មានការប៉ះពាល់ទៅលើដំបូល និងជញ្ជាំងស្របពេលក្រុមការងារ កំពុងពន្លឿនសកម្មភាពការងារ សាងសង់។ ពាក់ព័ន្ធនឹងបញ្ហានេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានឱ្យអាជ្ញាធរខេត្ត និងក្រុមការងារចុះពិនិត្យ ជូនប្រជាពលរដ្ឋ។
តាមរយៈការចុះជួបផ្ទាល់ ជាមួយបងប្អូនភៀសសឹក ឯកឧត្តម ទេសរដ្ឋមន្រ្តី បានសម្តែងការអរគុណ ចំពោះការយោគយល់របស់បងប្អូនភៀសសឹក និងតែងតែផ្តល់ព័ត៌មាន និងរាយការណ៍ទៅកាន់ អាជ្ញាធរមូលដ្ឋាន ដើម្បីអន្តរាគមន៍ដោះស្រាយបញ្ហា បានទាន់ពេលវេលា។
បន្ទាប់ពីចុះជួបប្រជាពលរដ្ឋភៀសសឹក ឯកឧត្តម ទេសរដ្ឋមន្រ្តី បានអញ្ជើញចុះពិនិត្យ និងជំរុញសកម្មភាព ការងារខួងអណ្តូងទឹក សម្រាប់ប្រជាពលរដ្ឋភៀសសឹកប្រើប្រាស់ ឱ្យបានឆាប់រហ័សផងដែរ៕






