ស្ត្រីពោះធំគ្រប់ខែម្នាក់នៅព្រៃវែងកើតកូវីដមានស្ថានភាពធ្ងន់ធ្ងរ ក្រុមគ្រូពេទ្យសំណូមពរទៅគ្រួសារធ្វើការវះកាត់សង្គ្រោះកូនក្នុងផ្ទៃបានដោយជោគជ័យ ចំណែកឯម្តាយក្រុមគ្រូពេទ្យយកចិត្តទុកដាក់ និងខិតខំសង្គ្រោះបន្តទៀត
យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឲ្យដឹងថា មន្ទីរព័ត៌មានខេត្តព្រៃវែងសូមគោរពរាយការណ៍ជូនឯកឧត្តមរដ្ឋមន្ត្រី អ្នកជម្ងឺកូវីដ19 ម្នាក់គាត់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅខេត្តព្រៃវែង។ លោកសេងបញ្ញារិទ្ធប្រធានមន្ទីរសុខាភិបាលខេត្តបានឲ្យដឹងថា អ្នកជំងឺឈ្មោះ យ៉ាត ចេក អាយុ29ឆ្នាំ ភេទស្រី មានផ្ទៃពោះគ្រប់ខែ ហត់ ពិបាកដកដង្ហើម ក្អក ស្ថិតក្នុងស្ថានភាពសង្រ្គោះបន្ទាន់ អ្នកជំងឺ មិនទាន់មានសញ្ញា ឈឺពោះឆ្លងទន្លេនៅឡើយទេ។

G3P1A1 ,SaO2 :89%, RR 35/mn P : 115/mn ,TA 138/ 90mmhg. ហើមជើង. ដោយឃើញសភាពម្តាយកាន់តែធ្ងន់ធ្ងរទៅៗ លោកប្រធានមន្ទីរពេទ្យបានពិភាក្សាជាមួយលោក និងធ្វើការពិគ្រោះយោបល់គ្នាយ៉ាងយកចិត្តទុកដាក់ជាមួយក្រុមគ្រូពេទ្យជំនាញ ដើម្បីជួយសង្រ្គោះកូននៅក្នុងផ្ទៃ និងបានសំណូមពរទៅក្រុមគ្រួសារអ្នកជំងឺដើម្បីធ្វើការវះកាត់សង្គ្រោះកូនដោយសារម្តាយមានសភាពធ្ងន់ធ្ងរ ក្រុមគ្រូពេទ្យក៍បានសំរេច ធ្វើការវះកាត់យកកូនចេញ នៅវេលាម៉ោង 10 និង40នាទីយប់ថ្ងៃទី04 ខែ មិថុនា ឆ្នាំ 2021 ការវះកាត់សង្គ្រោះកូនបានដោយជោគជ័យ គឺបានកូនប្រុស1 ទំងន់ 2,8 kg កូនសុខភាពល្អធម្មតា ចំណែកម្តាយក្រោយពីបានវះកាត់យកចេញរួចរាល់ក្រុមគ្រូពេទ្យបានយកចិត្តទុកដាក់និងខិតខំសង្គ្រោះបន្តទៀត៕
