លួចកាត់ខ្សែភ្លើងគេបានហើយ គិតថាសំណាងអត់មានអ្នកដឹង ជិះមកផ្ទះវិញត្រូវសមត្ថកិច្ចក្របួចជាប់ដដែល
ខេត្តកណ្ដាល ៖ ជនសង្ស័យ២នាក់ជិះឌុបគ្នាត្រលប់ទៅផ្ទះវិញ ត្រូវសមត្ថកិច្ចនគរបាលក្រុងតាខ្មៅចាប់ក្របួចជាប់ បន្ទាប់ពីនាំគ្នាធ្វើសកម្មភាពលួចកាត់ខ្សែភ្លើង នៅចំណុចតាមផ្លូវសួនច្បារមាត់ទន្លេ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីវេលាម៉ោង០២:៣០នាទីទាបភ្លឺ ឈានចូលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១នេះ ។

ជនសង្ស័យ០២នាក់៖ ១.ឈ្មោះ សុះ អាកាសាក់ ភេទប្រុស អាយុ៣៤ឆ្នាំជនជាតិខ្មែរ ឥស្លាម មានទីលំនៅភូមិព្រែតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន) ។ ២.ឈ្មោះ គង់ ផានិត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន) ។
វត្ថុតាងចាប់យក៖ ដង្កាប់កាត់ខ្សៃភ្លើង ចំនួន២(របស់ជនសង្ស័យ) ខ្សែភ្លើងចំនួន២ដុំ,
ម៉ូតូមួយគ្រឿងម៉ាក Honda c125 ស៊េរី២០១៨ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ ១GR៣៥៣៥ (របស់ជនសង្ស័យ)។
កាលពីវេលាកើតហេតុខាងលើ កម្លាំងល្បាតរបស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដឹកនាំដោយលោកវរសេនីយិ៍ត្រី ពៅ បារមីអធិការរងទទួលការងារយុត្តិធម៌ បានដឹកនាំកម្លាំងល្បាតមកដល់ចំណុចសួនច្បារមាត់ទន្លេតាខ្មៅ និងជុំវិញតារាងបាល់ទាត់ខេត្ត ក៏ស្រាប់តែប្រទះឃើញជនសង្ស័យ២នាក់ខាងលើ បាននាំគ្នាជិះម៉ូតូមកឈប់ ហើយនាំគ្នាកាត់យកខ្សែភ្លើងរបស់សាធារណ ដែលដាក់រាយតាមផ្លូវ បានចំនួន២ដុំ ហើយកម្លាំងយើងក៏បានធ្វើការឃាត់ខ្លួន ព្រមទាំងវត្ថុតាង បញ្ជូនមកកាន់អធិការដ្ឋានដើម្បីចាត់ការតាមនីតិវិធីតែម្តង។ តាមការសាកសួរជនសង្ស័យទាំង២នាក់ បានឆ្លើយថា ទើបតែប្រព្រឹត្តលើកទី១នេះទេ ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងកំពុងឃាត់ខ្លួននៅអធិការដ្ឋានដើម្បីចាត់ការតាមនីតិវិធី ៕
