អ្នកជាប់ពន្ធនាគារ ប្រមាណជាង១ម៉ឺននាក់ បានទទួលការចាក់វ៉ាក់សាំងទាំង២ដូសរួចរាល់ហើយ
យោងតាមការបញ្ជាក់ពី អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា អ្នកជំងឺកូវិដ១៩ ត្រូវបានដឹងថា មានចូលរាលដាលក្នុងពន្ធនាគារខេត្តព្រះសីហនុ កាលពីចុងសប្តាហ៍ទី១ នៃខែឧសភា លើជនជាតិចិន ០១នាក់ ដែលយើងត្រូវបណ្តេញចេញពេលអនុវត្តទោសចប់ដោយត្រូវយកសំណាកធ្វើតេស្តរកជំងឺកូវីដ១៩ មុននឹងបញ្ជូនចេញ ស្រាប់តែឃើញមានវិជ្ជមានកូវីដ១៩។ ករណីនេះ សូមជម្រាបជូនថា ដោយយើងពុំដឹងថាមានការឆ្លងចូលក្នុងពន្ធនាគារទេ ព្រោះពេលដែលសមត្ថកិច្ចចាប់បញ្ជូនជនជាប់សង្ស័យមកដាក់ពន្ធនាគារ តាមដីការឃុំរបស់អាជ្ញាធរតុលាការ ខាងពន្ធនាគារពុំបានធ្វើតេស្តរកជំងឺកូវីដ១៩ ទេ ដោយគ្រាន់តែពិនិត្យកម្តៅ ពិនិត្យសុខភាព ហើយដាក់ឲ្យនៅបន្ទប់ចត្តាឡីស័កចំនួន១៤ថ្ងៃ គ្រប់ចំនួន ហើយពិនិត្យកម្តៅ និងសុខភាព ឃើញស្ថានភាពធម្មតា បញ្ជូនទៅឃុំតាមអគារតែម្តង ជាហេតុបណ្តាលឲ្យមានការចម្លងលើជនជាប់ឃុំដទៃទៀត។

ស្ថិតក្នុងដំណាក់កាលនេះ ដោយការយកចិត្តទុកដាក់ផ្តល់ការគាំទ្រដ៏ថ្លៃថ្លាពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តល់នូវវ៉ាក់សាំងការពារជំងឺកូវីដ១៩ ប្រភេទ Sinovac ចាក់ដល់ជនជាប់ឃុំនៅមណ្ឌលអប់រំកែប្រែទី១ ទី២ ពន្ធនាគារខេត្តព្រះសីហនុ និងពន្ធនាគាររាជធានីភ្នំពេញ ប្រមាណជាង១ម៉ឺននាក់ គ្រប់ចំនួនទាំង២ដូស៕
