កុំចេះតែហ៊ាន! យកមួកប៉ូលិសមកពាក់ផ្តេសផ្តាស ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួនពីបទ ក្លែងបន្លំឯកសណ្ឋាននគរបាល
យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា ក្រោយទទួលបានបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោឈឿនសុចិត្តស្នងការនគរបាលខេត្តកណ្ដាល ស្ដីអំពីករណីៈ ក្លែងបន្លំឯកសណ្ឋាននគរបាល នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១០ និង ០០នាទី នៅចំណុចលើកំពង់ចម្លង (ព្រែកតូច បារ៉ែនក្រោម) នៅភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។

អ្នកបើកម៉ូតូពាក់មួកប៉ូលីស ឈ្មោះ ភន សុភា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងដែក មានទីលំនៅភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ។ វត្ថុតាងចាប់យកៈ រួមមាន
១. មួកប៉ូលិស ចំនួន ០១
២. ម៉ូតូ ចំនួន ០១គ្រឿង ម៉ាក FTR ពត៌ខ្មៅ ពាក់ផ្លាកលេខៈ ភ្នំពេញ 1AN.7432
៣. មាន់ឈ្មោល ចំនួន ០២ក្បាល
៤. កន្ត្រកមាន់ ចំនួន ០២
តាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ០៧ និង ០០នាទីព្រឹក ឈ្មោះ ភន សុភា បានទិញមាន់ឈ្មោលចំនួន ០២ក្បាល (មាន់ដែលគេជល់ចាញ់មានរបួស) ក្នុងគោលបំណងយកទៅបង្កាត់ពូជ ដោយគ្មានចេតនាយកទៅជល់ភ្នាល់ដាក់លុយនោះទេ ។ បន្ទាប់ពីបានទិញរួចនៅវេលាម៉ោង ១០ និង ០០នាទី ថ្ងៃខែឆ្នាំដដែល ខ្លួនក៏បានយកកន្ត្រក មកដាក់មាន់ខាងលើ រួចជិះម៉ូតូឌុបប្អូនរបស់ខ្លួន អោយជួយកាន់កន្ត្រកដែលដាក់មាន់ ០២ក្បាល ខាងលើយកទៅទុកនៅផ្ទះ ។
នៅពេលដែលជិះម៉ូតូមកដល់ចំណុចកើតហេតុ នៅលើកំពង់ចម្លង ខណៈកំពុងជិះទូកឆ្លងទន្លេក៏ត្រូវបានគេថតរូបភាពបានបង្ហាញពីរូបពាក់មួកប៉ូលិសជិះម៉ូតូស្ពាយមាន់ជល់តែម្ដង ។ រហូតដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ក៏ត្រូវបានសមត្ថកិច្ចធ្វើការកោះហៅឈ្មោះ ភន សុភា មកធ្វើការសាកសួរ។ នៅចំពោះមុខសមត្ថកិច្ចនគរបាលឈ្មោះ ភន សុភា បានឆ្លើយសារភាពថា ខ្លួនពិតជាបានពាក់មួកប៉ូលិស ហើយជិះម៉ូតូស្ពាយមាន់ពិតប្រាកដមែន៕
