ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រហើនមែន សូម្បីតែម៉ូតូរបស់នគរបាលក៏ហ៊ានលួចដែរ

    BY Khmernote Media June 13, 2021
    ព្រហើនមែន សូម្បីតែម៉ូតូរបស់នគរបាលក៏ហ៊ានលួចដែរ

    ភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់បានធ្វើសកម្មភាពលួចកាច់កម៉ូតូមួយគ្រឿងបានសម្រេចពីខណ្ឌច្បារអំពៅរួចក៏គេចខ្លួនមកសង្ងំលាក់ខ្លួននៅខណ្ឌចំការមន រួចក៏ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ធ្វើការសហការជាមួយនិងសមត្ថកិច្ចខណ្ឌច្បារអំពៅធ្វើការស្រាវជ្រាវតាមចាប់ឃាត់ខ្លួនបានមកវិញ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១០ខែមិថុនាឆ្នាំ២០២១ត្រង់ចំណុចផ្ទះជួល ផ្លូវសុធារស ភូមិ៩ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

    តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទី១មានឈ្មោះ វង្ស សុភា ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅបន្ទប់ជួលកើតហេតុ និងទី២ឈ្មោះប៉េត ណេត ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅជាមួយគ្នា។

    ប្រភពដដែលបន្តថា មុននិងឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើ គឺកាលពីវេលាម៉ោង១២កណ្ដាលអាធ្រាត្រ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ ជនសង្ស័យទាំងពីរនាក់នោះបានធ្វើសកម្មភាពលួចកាច់សោកម៉ូតូមួយគ្រឿងម៉ាក KEEWAY TX ពណ៌ខ្មៅ ពាក់ស្លាកលេខ នគរបាល1-7943។ ដែលជារបស់ជនរងគ្រោះឈ្មោះ លាប វិរះ ភេទប្រុស អាយុ៤៨ឆ្នាំ ជាមន្ត្រីនគរបាលទេសចរណ៍ ស្នាក់នៅផ្ទះលេខ១១៧ ផ្លូវ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។ ដែលជនរងគ្រោះបានចតម៉ូតូចាក់សោកទុកចោលនៅខាងមុខផ្ទះពេលដែលជនរងគ្រោះត្រឡប់មកពីធ្វើការវិញ។ ហើយបន្ទាប់ពីជនសង្ស័យទាំងពីរនាក់នោះបានធ្វើសកម្មភាពលួចបានសម្រេចក៏នាំគ្នាគេចខ្លួនបាត់ស្រមោល។ លុះដល់វេលា៩និង៣០នាទីព្រឹកថ្ងៃកើតហេតុ ពេលដែលជនរងគ្រោះចេញពីក្នុងផ្ទះទើបដឹងថាបាត់ម៉ូតូរបស់ខ្លួន ទើបជនរងគ្រោះបានទៅធ្វើការដាក់ពាក្យបន្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅទី២។

    ប្រភពដដែលបន្តទៀតថា បន្ទាប់ពីទទួលបានពាក្យពីជនរងគ្រោះភ្លាមៗ កម្លាំងសមត្ថកិច្ចក៏បានធ្វើការស្រាវជ្រាវនិងឆែកមើលតាមកាមេរ៉ាសុវត្ថិភាពនិងបានធ្វើការសហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ និងឈានដល់ការចុះបង្ក្រាបចាប់ឃាត់ខ្លួនជនសង្ស័យទាំងពីនាក់ខាងលើតែម្តង។ និងដកហូតបានវត្ថុតាំងដូចជាម៉ូតូមួយគ្រឿងដែលជារបស់ជនរងគ្រោះ ឧបករណ៍សម្រាប់កាច់សោកម៉ូតូ រួមទាំងវត្ថុតាំងមួយចំនួនទៀត ។

    បច្ចុប្បន្នជនសង្ស័យទាំងពីនាក់រួមទាំងវត្ថុតាំងត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ប្រគល់បន្តទៅឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅទី២ នាំខ្លួនយកទៅសាកសួរបន្តនិងចាត់ការទៅតាមនីតិវិធីច្បាប់ជាបន្តទៀត៕

    Share This Post: