យុវជន២នាក់ ផឹកស្រវឹងទៅលេបខាយចង់ញ៉ែសង្សារគេ ត្រូវនាងទូរស័ព្ទហៅសង្សារមក បង្កជាជម្លោះបណ្ដាលអោយរបួសទាំងសងខាង ផ្អើលដល់សមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែលើ
រាជធានីភ្នំពេញ៖ ក្រុម 98-Small ប្រយុទ្ធជាមួយក្រុមជាងដែក ២នាក់ បែកក្បាលទាំងសងខាង ផ្ដើមចេញពីរឿង យុវជនជាងដែក២នាក់នោះ លេងសើចលេបខាយសម្ដីចង់ញ៉ែសង្សារគេ នៅម៉ាតក្បាលថ្នល់ ហើយដកសោរម៉ូតូនាងទៀត ទើបនាងទូរស័ព្ទហៅសង្សារមកយកចេញទៅរួចនិយាយប្រាប់ ទើបសង្សារនាងត្រលប់មកសួរនាំវិញ ក៏ជួបគ្នានៅច្រមុះជ្រូកក្បាលថ្នល់ បានចូរសួរនាំ ទាស់សម្ដីគ្នាកើតហិង្សា ក្រុម98 យកពូថៅកាប់ក្បាលជាងដែកបែកឈាមជោកខ្លួនម្នាក់ ខាងជាងដែកម្នាក់ទៀតស្រវាបានដែកទីបវាយបែកក្បាលម្នាក់ និងពកក្បាលម្នាក់ ផ្អើលដល់សមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែលើ ចុះមកនាំភាគីទាំងសងខាងទៅសាកសួរផងដែរ។

ហេតុការណ៍នេះកើតឡើងនៅចំណុចកន្លែងប៉ះកង់ស្តុបច្រមុះជ្រូកក្បាលថ្នល់ កែងផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ កាលពីវេលាម៉ោង០៩៖៤៥នាទីយប់ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១នេះ ។
សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានប្រាប់អ្នកយកព័ត៌មានខ្មែរណូតថា នៅមុនពេលកើតហេតុមានយុវជនពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយស័រគី លែត (Suzuki Let’s) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 1GD-7170 តាម ផ្លូវ២៧១ ទិសដៅពី កើតទៅលិចទៅឈប់ត្រង់ចំណុចកើតហេតុ មួយសន្ទុះក្រោយមកមាន ម៉ូតូមួយគ្រឿងទៀតម៉ាក MSX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1FF-0549 ដែលជិះដោយយុវជន ២នាក់ តាមមកពីក្រោយ រួចក៏បានឈប់ធ្វើការជជែកគ្នាជាមួយ និងយុវជន ដែលជិះម៉ូតូ Let’s ស្រាប់តែយុវជនទាំងពីរក្រុមនោះ ប្រតាយប្រតប់គ្នាកើតជាហិង្សា ដែលយុវជនជិះម៉ូតូ MSX មានប្រដាប់ ដោយពូថៅ និងយុវជនជិះម៉ូតូស៊ុយស័រគីលែត មានប្រដាប់ដោយដំបងទីប និងបានវាយតប់គ្នាទៅវិញទៅមក។ បណ្ដាលឲ្យយុវជនជិះ ម៉ូតូ MSXម្នាក់ រងរបួសបែក និងយុវជនដែលជិះម៉ូតូ Let’s ម្នាក់ រងរបួសបែកក្បាលដូចគ្នា។ ភ្លាមៗនោះក៏មានសមត្ថកិច្ចមូលដ្ឋានក៏បានចុះមក ធ្វើការអន្តរាគមន៍ និងបានធ្វើការឃាត់ខ្លួន ភាគីទាំងសងខាងនាំទៅកាន់ប៉ុស្តិ៍ចាក់អង្រែលើ ដើម្បីសាកសួរនាំ។
បើតាមសម្តីពីយុវជនឈ្មោះ វ៉ាន់ នី អាយុ ២២ឆ្នាំ និងមិត្តភក្តិដែលរងរបួសបែកក្បាលមានឈ្មោះ ចាន់ រ៉ា អាយុ ២០ឆ្នាំ បានប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា មុនពេលកើតហេតុ ពួកគាត់ទាំង ២នាក់បានជិះម៉ូតូ Suzuki Let’s ទៅអង្គុយញ៉ាំអីនៅក្នុងម៉ាតមួយកន្លែង ដែលនៅក្បែរខាងក្រោមស្ពានអាកាសក្បាលថ្នល់។ ហើយពេលដែលកំពុងអង្គុយញ៉ាំអីនោះ គាត់ក៏បាននិយាយទូរស័ព្ទជាមួយមិត្តភក្តិម្នាក់ទៀត រឿងគំរោងទៅដើរលេងនៅភ្នំគីរីរម្យ។ ហើយពេលនោះដែលគាត់ក៏បាននិយាយទៅកាន់មិត្តភក្តិរបស់គាត់ថា “ពេលទៅយកស្រីទៅម្នាក់មួយផងម្នាក់សក់ក្រហមនោះក៏បានដែរ” ចំពេលដែលមាននារីជាសង្សារ របស់យុវជន ដែលជិះម៉ូតូ MSX នោះ អង្គុយនៅក្បែរនោះដែរ។ បន្តិចក្រោយមកក៏ឃើញយុវជនទាំង២នាក់ ដែលជិះម៉ូតូ MSXនោះ បានមកយកនារីជាសង្សារនោះជិះ បណ្តើរគ្នាចេញទៅបាត់។ ហើយ ពួកគាត់ទាំង ២នាក់ ក៏បានចេញពីម៉ាតមិនទាន់ដល់ម៉ោងទៅផ្ទះ ក៏ជិះម៉ូតូឌុបគ្នាចេញទៅអង្គុយលេងនៅកន្លែងកើតហេតុបន្តទៀត។ លុះពេលទៅដល់ក៏ស្រាប់តែយុវជនទាំង២នាក់ ដែលជិះម៉ូតូ MSXនោះ បានជិះសំដៅមករកពួកគាត់ និងបានបក់ដៃហៅពួកគាត់។ ហើយ ពួកគាត់ក៏បានដើរទៅជិតយុវជនទាំង២នាក់នោះ រួចពួកគេបានសួរគាត់ថា “មិញហែងនិយាយស្អីដាក់សង្សារអញ”។ បន្ទាប់មកក៏ស្រាប់តែយុវជនម្នាក់ក្នុងចំណោមពីរនាក់នោះ បានដកពូថៅមួយដើមពីចង្កេះ រួចបានកាប់ទៅលើមិត្តភក្តិរបស់គាត់ចំក្បាល បណ្ដាលឲ្យបែកឈាមស្រោចខ្លួន ហើយគាត់ក៏ស្រវេស្រវាបានដំបងទីបមួយដើម ក៏វាយតបទៅវិញតែម្តង។
បើតាមសម្តីយុវជនឈ្មោះ ស្វាយ វិសាល អាយុ ១៩ឆ្នាំ (រងរបួស ពូកក្បាល ) ដែលគេស្គាល់ថាជាក្រុម “98 Small Team” និងម្នាក់ទៀត ឈ្មោះ ចិន ម៉េងហេង អាយុ ២១ឆ្នាំ (រងរបួសបែកក្បាល) បានប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងដែរថា នៅមុនពេលកើតហេតុ សង្សាររបស់ខ្លួនបានទៅអង្គុយញ៉ាំអីនៅក្នុងម៉ាតមួយកន្លែងក្បែរស្ពានអាកាសក្បាលថ្នល់ និងបានទូរស័ព្ទហៅពួកគាត់ ទាំង ២នាក់ឲ្យទៅយកនាងពីម៉ាតនោះ។ ហើយពួកគាត់ក៏បានជិះម៉ូតូ MSX ទៅយកនាងចេញមកពេល ដែលជិះតាមផ្លូវសង្សាររបស់ខ្លួនប្រាប់ថា មុននឹងយុវជនទាំង ២នាក់ ដែលជិះម៉ូតូ Let’s នោះ បានផឹកស្រាស្រវឹងហើយមកនិយាយលេបខាយរញ៉េរញ៉ៃជាមួយនាង ថែមទាំងដកសោរម៉ូតូនាង មិនឲ្យជិះចេញពីម៉ាតនោះថែមទៀតផង។ បន្ទាប់ពីលឺដូច្នេះ ពួកគាត់ក៏ជិះម៉ូតូត្រឡប់ទៅវិញ បំណងទៅសួរនាំយុវជនទាំង២នាក់នោះ ហើយពេលដែលទៅដល់គាត់ក៏បានសួរនាំមិនទាន់និងដឹងរឿងផងក៏ត្រូវពួកគេយកដំបងទីប វាយបណ្ដាលឲ្យពួកគាត់ម្នាក់បែកក្បាល និង ម្នាក់ពកក្បាលទើបពួកគាត់យកពូថៅកាប់វិញតែម្ដង។ យ៉ាងណាមិញក្រោយពេលកើតហេតុ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងកម្លាំងប៉ុស្តិ៍ចាក់អង្រែលើ បានចេញអន្តរាគមន៍ ចុះទៅកន្លែងកើតហេតុ ឃាត់យុវជនទាំង ៤នាក់ រួមទាំងវត្ថុតាងមានដែកទីបនិងពូថៅ នាំទៅប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់ ៕










ដោយ៖ បងម៉េង ខ្មែរណូត