ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចុះបង្ក្រាបភោជនីយដ្ឋានយីហោ “Party” នៅខណ្ឌពោធិ៍សែនជ័យ ក្រោយលួចបើកបង្កប់ខារ៉ាអូខេ មិនស្ដាប់ការណែនាំ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ និងឃាត់មនុស្សប្រុសស្រីជាង៣០នាក់

    BY Khmernote Media June 15, 2021
    ចុះបង្ក្រាបភោជនីយដ្ឋានយីហោ “Party” នៅខណ្ឌពោធិ៍សែនជ័យ ក្រោយលួចបើកបង្កប់ខារ៉ាអូខេ មិនស្ដាប់ការណែនាំ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ និងឃាត់មនុស្សប្រុសស្រីជាង៣០នាក់

    រាជធានីភ្នំពេញ ៖ សេចក្ដីរាយការណ៍បឋមបានឲ្យក្រុមការងារខ្មែរណូតដឹងថា ទីតាំងភោជនីយដ្ឋានយីហោ “Party” ដែលមានទីតាំងនៅក្នុងខណ្ឌពោធិ៍សែនជ័យ បានលួចបើកដំណើរការបង្កប់ខារ៉ាអូខេ មានមនុស្សជាច្រើនចូលច្រៀងកម្សាន្ដផឹកស៊ី មិនស្ដាប់តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ចុះបង្ក្រាបនិងឃាត់មនុស្សប្រុសស្រីជាច្រើននាក់ ។

    ប្រតិបត្តិការនេះធ្វើឡើងកាលពីម៉ោងជាង៩យប់ ថ្ងៃចន្ទ ទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ ដឹកនាំដោយលោក ហែម ដារិទ្ធ អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ និងកម្លាំងចម្រុះខណ្ឌពោធិ៍សែនជ័យ គ្រាដែលលោកកំពុងដឹកនាំកម្លាំងល្បាតក្នុងមូលដ្ឋាន ហើយប្រទះឃើញខារ៉ាអូខេមួយនេះ លួចបើកដំណើរការ និងមានមនុស្សជាច្រើនចូលច្រៀងកម្សាន្ដ។

    អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងបឋមថា ក្នុងការចុះបង្ក្រាបទីតាំងបង្កប់ខារ៉ាអូខេខាងលើនេះ កម្លាំងចម្រុះបានធ្វើការឃាត់ខ្លួនទាំងបុគ្គលិកប្រុសស្រី និងភ្ញៀវដែលបានគឃ្លើនចូលច្រៀងលេងសប្បាយ ដោយមិនខ្លាចឆ្លងជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលក្នុងសហគមន៍ បានចំនួនជាង៣០នាក់ បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីមានវិធានការបន្ត ។

    សូមបញ្ជាក់ថាកន្លងទៅ លោក ហែម ដារិទ្ធិ ក៏ធ្លាប់បានផ្ញើសារទៅកាន់ក្រុមអ្នករកស៉ី នៅក្នុងខណ្ឌពោធិ៍សែនជ័យទាំងអស់ ត្រូវអនុវត្តតាមគោលការរបស់អាជ្ញាធរ ដែលបានចុះទៅណែនាំមិនត្រូវប្រព្រឹត្តល្មើសដែលនាំឲ្យមានហានិភ័យនោះទេ ជាពិសេសហាងខារ៉ាអូខេ បើហ៊ានលួចលាក់បើកទៀតនោះ លោកនឹងដឹកនាំកម្លាំងចុះទៅចាប់វាយខ្នោះភ្លាម គ្មានការយោគយល់ឡើយ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: