ក្រោយមានការរិះគន់រឿងឱសថស្ថានមួយនៅក្រុងព្រះសីហនុត្រូវចោរគាស់ចូលលួចសម្ភារៈរាប់ភ្លេច ពេលនេះ អគ្គស្នងការនគរបាលខេត្តព្រះសីហនុចេញមុខបកស្រាយការពិតហើយ
កន្លងទៅថ្មីៗនេះ មានការចែកចាយនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយម្ចាស់គណនីហ្វេសប៊ុកបានបង្ហោះថា ឱសថស្ថានរបស់ខ្លួនត្រូវបានចោរគាស់ចូលលួចសម្ភារៈ១ឆ្នាំជិត១០ដង ខាតបង់ទ្រព្យសម្បត្តិអស់ជាច្រើន ហើយសមត្ថកិច្ចមិនអើពើថែមទៀត។ ក្រោយកើតមានការរិះគន់បែបនេះ ឧត្ដមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការនគរបាលខេត្តព្រះសីហនុ បានចេញមុខបកស្រាយឲ្យដឹងថា៖
“ខ្ញុំបាទ សូមធ្វើការបដិសេធ ចំពោះហ្វេសប៊ុកម្ចាស់ឈ្មោះចំរើនច័ន្ទលីដា ដែលរៀបរាប់ថា កន្លងមកចោរគាស់តូបគាត់ មានភស្តុតាងក៏នៅមិនធ្វេីការឲ្យកន្លងមកមានព័ត៌មាន បង្ហោះតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ម្ចាស់ឈ្មោះចំរើន ច័ន្ទលីដា ដែលបានរៀបរាប់ថា ៖ តូបរបស់គាត់ ត្រូវចោរគាស់១ខែ២ដង សរុប១ឆ្នាំ គាស់ជិត១០ដង មានភស្តុតាងក៏នៅ មិនខ្ចីធ្វេីការអោយ ខ្ញុំហត់នឹងប្តឹងជាងហត់ជួសជុលទៅទៀត មានតែទ្រាំរហូតបិទទ្វារចោល ព្រោះអស់ជំនឿ..។ ល។ និង ។ល។
សារខាងលេីនេះ ជាការមាក់ងាយមកលេីកងកម្លាំងនគរបាលខេត្តព្រះសីហនុ ដែលថ្នាក់ដឹកនាំ នៃគណៈស្នងការ ក៏ដូចមន្ត្រីថ្នាក់ក្រោម មិនអាចទទួលយកបាន។ លោកអនុសេនីយ៍ឯកសំ ប្រាក់ នាយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៤ បានឲ្យដឹងថា៖ កន្លងមកនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៤ ក្រុងព្រះសីហនុ បានទទួលពាក្យបណ្ដឹងរាយការណ៍ អំពីបញ្ហាចោរគាស់តូប របស់អ្នកស្រី ចំរើន ច័ន្ទលីដា ចំនួន៣លេីក សមត្ថកិច្ចធ្វើការស្រាវជ្រាវបង្ក្រាបបានចំនួន២លេីក ៖ លេីកទី១ ចាប់បានក្មេងៗចំនួន២នាក់ និង លេីកទី២ ចាប់បានក្មេងចំនួន៥នាក់ បានកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្ត ប៉ុន្តែក្រុមក្មេងទាំងនោះជាអនីតិជន មិនទាន់គ្រប់អាយុដែលត្រូវទទួលទោសបាន កាលនោះស្ថាប័នអយ្យការ អមសាលាដំបូងខេត្ត បានធ្វើការអប់រំ ហេីយដោះលែង ឲ្យវិលត្រឡប់មកវិញ។
នៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ នេះ លោកអនុសេនីយ៍ឯកសំ ប្រាក់ នាយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៤ បាននាំភ្នាក់ងារសារព័ត៌មាននគរបាលជាតិ ទៅពិនិត្យមើលទីតាំងផ្ទះលក់ថ្នាំពេទ្យនោះ ផ្ទាល់តែម្តង នៅខាងត្បូងជាប់រង្វង់មូលតោពីរ។ ឱសថស្ថាននោះ នៅបេីកអាជីវកម្មលក់ដូរធម្មតា ជាប្រភេទផ្សារម៉ាត តូចមួយ មានលក់ឱសថ និង របស់ផ្សេងៗទៀត ប៉ុន្តែម្ចាស់បានសាងសង់បន្ថែមតូប នៅជ្រុងខាងលិចមួយទៀត រាងដូចទូរកុងតឺន័រ បានលយ ចូលមកចញ្ចេីមផ្លូវសាធារណៈ ខុសប្រក្រតី។ លោក សំ ប្រាក់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៤ បានបញ្ជាក់ថា៖ កន្លងមកអាជ្ញាធរក្រុង/ខេត្ត បានទៅហាមឃាត់ ណែនាំគាត់ ឲ្យរុះរេីតូបលក់ដូរនោះចេញ តែគាត់មិនស្តាប់ឡើយ ម្យ៉ាងទៀតមនុស្សក្នុងហាងហ្នឹង មិនចង់និយាយ រកសមត្ថកិច្ចយេីងទេ។ តាំងពីណែនាំឲ្យគាត់រុះរេីសតូបនោះមក គាត់មិនសប្បាយចិត្ត នឹង អាជ្ញាធរ ឬ សមត្ថកិច្ច ឡើយ។
លោកសំ ប្រាក់ បានបញ្ជាក់បន្ថែមថា៖ ឱសថស្ថានរបស់អ្នកស្រីចំរេីន ច័ន្ទលីដា មានទំនិញមានតម្លៃជាច្រើនមុខ តែយប់ឡើង បិទទ្វារចាក់សោរ គ្មានអ្នកដេកចាំ ឬគ្មានសន្តិសុខយាមការពារឡើយ ម្យ៉ាងទៀតតូបដែលគាត់សង់លយចូលមកចិញ្ចើមផ្លូវនោះ ជាហេតុនាំឲ្យមានឱកាសដល់ជនទុច្ចរិត ឬ ពួកក្មេងតាមចិញ្ចើមថ្នល់ លបឡើងទៅដេកនៅលេីដំបូលតូប ពេលអធ្រាត្រស្ងាត់ ឆ្លៀតឱកាសគាស់ដំបូល លូនចូលយកសម្ភារៈ។
ជុំវិញព័ត៌មាន ដែលអ្នកស្រីចំរើន ច័ន្ទលីដា បង្ហោះសារបន្តុះបង្អាប់នគរបាលខេត្តព្រះសីហនុ មិនអេីពេីយកចិត្តទុកចាត់ការតាមបណ្តឹងរបស់គាត់នោះ គឺជារឿងមិនពិតឡើយ។ ហេតុដូចនេះ ខ្ញុឋមបាទ សូមធ្វើការបដិសេធទាំងស្រុង។ សព្វថ្ងៃនេះ កងកម្លាំងនគរបាលខេត្តព្រះសីហនុ គ្រប់មុខជំនាញ បាននឹងកំពុងបំពេញការងារយ៉ាងសស្រាក់សស្រាំបំផុត ដែលប្រជាពលរដ្ឋទូទៅក្នុងខេត្តបាន មេីលឃេីញ និង គាំទ្រ”៕
អត្ថបទ៖ សេម









