ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្មេងស្ទាវជាច្រើនប្រមូលផ្ដុំពពាក់ពពូនគ្នា និងដេញវា.យតប់គ្នាយ៉ាងអាណាធិបតេយ្យពេញសួនច្បារវត្តបទុមវតី និងវង្វេងមូលសម្ដេចសង្ឃ ជួន ណាត

    BY Khmernote Media June 16, 2021
    ក្មេងស្ទាវជាច្រើនប្រមូលផ្ដុំពពាក់ពពូនគ្នា និងដេញវា.យតប់គ្នាយ៉ាងអាណាធិបតេយ្យពេញសួនច្បារវត្តបទុមវតី និងវង្វេងមូលសម្ដេចសង្ឃ ជួន ណាត

    រាជធានីភ្នំពេញ ៖ ក្មេងស្ទាវជាច្រើនក្រុមបានប្រមូលផ្ដុំពពាក់ពពូនគ្នានិងបានដេញវាយតប់គ្នាយ៉ាងអាណាធិបតេយ្យពេញសួនច្បារវត្តបទុមវតី និងវង្វេងមូលសម្ដេចសង្ឃ ជួន ណាត បណ្តាលឲ្យមានជនរងគ្រោះបានរងរបួសនិងខូចខាតម៉ូតូចំនួន៤គ្រឿង ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលចតុមុខ តាមឃាត់បាន៥នាក់ នាំយកទៅធ្វើការសាកសួរ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ត្រង់ចំណុចរង្វង់មូលសម្ដេចសង្ឃ ជួន ណាត និងសួនច្បារវត្តបទុមវតី ផ្លូវព្រះសុរាម្រិត ភូមិ២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

    ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា នៅមុនពេលកើតហេតុ គេឃើញក្មេងស្ទាវមួយក្រុម មានគ្នាច្រើនប្រហែលជាង២០នាក់ ជិះម៉ូតូជាង១០គ្រឿង ដែលដៃប្រដាប់ទៅដោយដុំថ្មនិងខ្សែក្រវាត់ បានជិះប្រដេញគ្នាតាមបណ្ដោយផ្លូវព្រះសុរាម្រិត ទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុ ក្រុមក្មេងស្ទាវទាំងនោះ ក៏បានឈប់ចុះមកធ្វើការវាយបត់ទៅលើយុវជនមួយក្រុមមានគ្នា៣ទៅ៤នាក់ដែលកំពុងអង្គុយលេង រួមទាំងវាយកម្ទេចម៉ូតូម៉ាកហុងដាឌ្រីមរបស់ពួកគេចំនួន២គ្រឿង បណ្តាលឲ្យរងការខូចខាត បែកចង្កៀងនិងកាបាំង ដោយមិនដឹងថាមានរឿងរ៉ាវអ្វីនិងគ្នានោះទេ។

    បន្ទាប់ពីបង្កជាហិង្សារួចក្រុមក្មេងស្ទាវទាំងនោះ ក៏បាននាំគ្នាជិះបន្តដំណើរចេញទៅមុខជាបន្តទៀត។ លុះពេលជិះទៅដល់ចំណុចសួនច្បារវត្តបទុមវតី ក្រុមក្មេងស្ទាវទាំងនោះក៏បានធ្វើការវាយបត់ទៅលើយុវជនពីរនាក់ទៀតដែលជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1HL-0675 បណ្តាលឲ្យយុវជនទាំងពីរនោះភ័យស្លន់ស្លោងើបរត់ចោលម៉ូតូយករួចខ្លួនតែម្តង។ ហើយក្រុមក្មេងស្ទាវទាំងនោះ ក៏បានធ្វើការដេញវាយយុវជនម្នាក់ទៀតដែលកំពុងតែជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្កុបភី (Honda Scoopy) ពណ៌ស ពាក់ស្លាកលេខកំពត 1H-5657 បណ្តាលឲ្យយុវជនម្នាក់នោះរងរបួសស្រាល ហើយក្រុមក្មេងស្ទាវទាំងនោះក្រោយពីធ្វើការសកម្មភាពប្រើប្រាស់អំពើហិង្សារួច ក៏នាំគ្នាជិះម៉ូតូបំបែកគ្នារត់គេចខ្លួនបាត់ស្រមោលតែម្តង។ ភ្លាមៗនោះដែលក៏ឃើញមានវត្តមានសមត្ថកិច្ចមូលដ្ឋានបានចុះមកធ្វើការអន្តរាគមន៍ផងដែរ ដោយតាមឃាត់បានយុវជន៥នាក់ជាបន្តបន្ទាប់។

    ក្មេងស្ទាវក្មេងទំនើងដែលសមត្ថកិច្ចឃាត់ខ្លួននោះមាន៖

    ១.ឈ្មោះ លីន ភារិទ្ធ អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ផ្ទះជួលលេខ៧ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ
    ២.ឈ្មោះ វិន ថាន់ឡុង អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ផ្ទះជួលលេខ២៤ ផ្លូវ១០៥ សង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង
    ៣.ឈ្មោះ សូ សារិទ្ធ អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ
    ៤.ឈ្មោះ គឹម រតនះ អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ
    ៥.ឈ្មោះ ដា ឌីណែល អាយុ២០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ននៅផ្លូវ៣៦០ សង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង ។

    បើតាមសម្តីពីយុវជនជាម្ចាស់ម៉ូតូទាំងបួនគ្រឿងដែលត្រូវបានក្រុមក្មេងស្ទាវទាំងនោះវាយបានរៀបរាប់ស្ទើរតែដូចគ្នាថា ពួកគេមិនដែលស្គាល់ ហើយក៏មិនធ្លាប់មានជម្លោះជាមួយនិងក្រុមក្មេងស្ទាវទាំងអស់នោះទេ ហើយក៏មិនដឹងថាមានរឿងអ្វីបានជាក្រុមក្មេងស្ទាវទាំងនោះ បាននាំគ្នាមកវាយពួកគេបែបនេះដែរ។ បច្ចុប្បន្នក្មេងទំនើងទាំង០៥នាក់ខាងលើ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ កំពុងធ្វើការសាកសួរ និងអនុវត្តបន្តតាមនីតិវិធី៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: