អាជ្ញាធរបើកដំណើរការឡើងវិញទីតាំង វត្តសារ៉ាវ័ន្តតេជោ បន្ទាប់ពីបិទខ្ទប់កន្លងមក ប៉ុន្តែកុដិចំនួន៥បន្តបិទ និងតម្រូវឲ្យធ្វើចត្តាឡីស័កបន្តទៀត
យោងតាមការបញ្ជាក់ពី រដ្ឋបាលខណ្ឌដូនពេញ បានឲ្យដឹងថា លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និង បើកទីតាំងដំណើរការជាប្រក្រតីឡើងវិញ នូវទីតាំងវត្តសារ៉ាវ័ន្តតេជោ បន្ទាប់ពីបានបិទខ្ទប់ (Lockdown) កន្លងមក។

នៅរសៀលថ្ងៃព្រហស្បតិ៍ ៨ កើត ខែប.សាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៥:០០នាទី ដោយទទួលបានការអនុញ្ញាពី ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យ និង បើកទីតាំងដំណើរការជាប្រក្រតីឡើងវិញ នូវទីតាំងវត្តសារ៉ាវ័ន្តតេជោ បន្ទាប់ពីបានបិទខ្ទប់ (Lockdown) កន្លងមកតាមវិធានការសុខាភិបាល ។
សូមបញ្ជាក់ថាទីតាំងវត្តសារាវ័ន្តតេជោ បានបើកដំណើរការឡើងវិញ ប៉ុន្តែត្រូវបិទកុដិរបស់ព្រះសង្ឃចំនួន០៥ រួមមាន៖ កុដិលេខ១០-២៦-១៧-០១ និងកុដលេខ០៩ ជាបណ្តោះអាសន្នដោយតម្រូវអោយព្រះសង្ឃ និងអ្នកស្នាក់នៅជាមួយបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ បន្តទៀត។ ចំពោះកុដិដែលបើកដំណើរការឡើងវិញ គឺមិនអនុញ្ញាអោយ ធ្វើពិធីផ្សេងៗដែលមានការជួបជុំព្រះសង្ឃ ឬពុទ្ធបរិស័ទ ដែលអាចមានហានីភ័យនោះទេ និង ត្រូវអនុវត្តតាមវិធានការរបសើក្រសួងសុខាភិបាលអោយបានខ្ចប់ខ្ជួនផងដែរ៕

ប្រភព៖ រដ្ឋបាលខណ្ឌដូនពេញ