ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកនាំពាក្យក្រសួងអប់រំ៖ មិនអាចបើកដំណើរសាលារៀនសាធារណៈ និងឯកជនបានទេដោយសារព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មិនទាន់ចប់

    BY Khmernote Media June 18, 2021
    អ្នកនាំពាក្យក្រសួងអប់រំ៖ មិនអាចបើកដំណើរសាលារៀនសាធារណៈ និងឯកជនបានទេដោយសារព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មិនទាន់ចប់

    យោងតាមការចុះផ្សាយរបស់ ក្រសួង​ព័ត៌មាន បានឲ្យដឹងថា ​ស្រប​ពេលដែល​មានការ​ស្នើសុំ​ពី​វិស័យ​ឯកជន​ក្នុង​ការជំរុញឱ្យ​បើក​ដំណើរការ​សាលារៀន​ឯកជន​ឡើងវិញ​ក្នុង​រយៈពេល​ឆាប់ៗ​នេះ​យ៉ាងណាក្តី អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន និង កីឡា​បានប្រកាសថា នឹង​នៅតែ​បន្ត​បិទ​សាលារៀន ទាំង​រដ្ឋ និង​ឯកជន​បន្តទៀត ដោយសារ​ព្រឹត្តិការណ៍​នៃ​ការផ្ទុះ​ជំងឺ​កូ​វីដ​១៩ សហគមន៍​២០​កុម្ភៈ គឺ​មិនទាន់​ចប់​នៅឡើយ​។​

    ​ឯកឧត្ដម រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​បានបញ្ជាក់​ឱ្យដឹង​នៅ​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២១​នេះ​ថា ក្រសួង​អប់រំ​ស្វាគមន៍ និង​ថ្លែងអំណរគុណ​ចំពោះ កិច្ចសហការ​ពី​សំណាក់​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ដៃគូរ​អភិវឌ្ឍន៍ វិស័យ​ឯកជន ជាពិសេស​មាតាបិតា សិស្ស​-​និស្សិត និង​អាជ្ញាធរ​មូលដ្ឋាន ក្នុងការ​ចូលរួមចំណែក​លើកកម្ពស់​គុណភាព​អប់រំ​សម្រាប់​អ្នកសិក្សា​មុន និង​ក្នុង​បរិបទ​កូ​វីដ​-១៩​។ ឯកឧត្ដម​ថ្លែង​បញ្ជាក់ថា “​ក្រសួង​អប់រំ យុវជន និង​កីឡា មាន​ជំហរ​បន្ត​ផ្អាក​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​នៅ​ទូទាំងប្រទេស​ដោយ​បន្ត​តាមដាន និង​វាយតម្លៃ​ស្ថានភាព​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ​។ ចំពោះមុខ​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា​លើកទឹកចិត្ត​គ្រប់ភាគី​ពាក់ព័ន្ធ ជាពិសេស​បុគ្គលិក​អប់រំ មាតាបិតា សិស្ស​-​និស្សិត បន្ត​អនុវត្តន៍​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ ៣​ការពារ ៣​កុំ​”​។​

    ​ឯកឧត្ដម​បាន​អះអាងថា គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​ត្រូវ​បន្ត​ការបង្រៀន និង​រៀន​ពី​ចម្ងាយ និង​តាម​អន​ឡាញ​ស្របតាម​គន្លង​ជីវិត​ថ្មី​នៃ​វិស័យ​អប់រំ​។ ទន្ទឹមនេះ ក្រសួង​អប់រំ​បានចេញ​រួចហើយ​នូវ​សេចក្តីណែនាំ​ស្ដីពី​ការបង្រៀន និង​រៀន​ពី​ចម្ងាយ និង​តាម​ប្រព័ន្ធ​អេឡិចត្រូនិក សម្រាប់​គ្រឹះស្ថាន​បឋមសិក្សា និង​មធ្យមសិក្សា​សាធារណៈ ឆ្នាំ​សិក្សា ២០២០-២០២១​។ ឯកឧត្ដម​បន្ថែមថា ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​ចេញ​សេចក្តីណែនាំ​ស្ដីពី​ការបង្រៀន និង​រៀន​ពី​ចម្ងាយ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​សម្រាប់​គ្រឹះ ស្ថាន​សិក្សា​ឯកជន​ឆ្នាំ​សិក្សា ២០២០-២០២១​។

    ​ឯកឧត្ដម​ក៏បាន​ជំរុញ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​បន្ត​អនុវត្តន៍​វិធានការ ៣​ការពារ ៣​កុំ ឱ្យបាន​ខ្ជាប់ខ្ជួន ហើយ​ក្រសួង​អប់រំ យុវជន និង​កីឡា លើកទឹកចិត្ត​ដល់​អ្នកផ្តល់​សេវា​អប់រំ​ឯកជន អ្នកទទួល​សេវា​អប់រំ​ឯកជន និង​ភាគី​ពាក់ព័ន្ធ​បន្ត​ពិភាក្សាគ្នា ចរចា​គ្នា រក​ដំណោះស្រាយ​សមស្រប ប្រកបដោយ​ការយោគយល់​គ្នា​កម្រិត​ខ្ពស់ និង​សម្បទាន គ្នា​ទៅវិញទៅមក ព្រោះ​ទាំងអស់គ្នា​សុទ្ធតែ​ទទួលផល​ជះ​ពី​កូ​វីដ​-១៩​។ ទន្ទឹមនេះ ក្រសួង​អប់រំ គោរព​អនុវត្តន៍​តាម​គោលការណ៍​នានា របស់​រាជរដ្ឋាភិបាល​។​

    ​សូម​រម្លឹក​ផងដែរ​ថា កាលពី​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២១ ឯកឧត្ដម​បណ្ឌិត ហេង វ៉ាន់ដា ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា និង​ជានា​យក​វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ​បានដាក់​សំណើ​ចំនួន​៧​ចំណុច​ទៅ​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​ជួយ​ដោះស្រាយ​ក្នុងនោះ​រួមមាន​៖

    ទី​១. សំណើសុំ​បើក​សាលារៀន​ឡើងវិញ​ដោយ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា និង​ថ្នាក់ k-12 រៀន​ជា​លក្ខណៈ online plus ដូចគ្នា​ដែលមាន​ការទទួលខុសត្រូវ​របស់​សាលា​នីមួយៗ​ជាមួយនឹង​ការគោរព​តាម​គោលការណ៍​ស្តង់ដារ វិធានការ អនាម័យ​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា និង​ស្នើ​កំណត់​ថ្ងៃ​ប្រឡង​បាក់​ឌុប​។

    ទី​២. សំណើសុំ​បិទ​ត្រឹម​ទីតាំង​ដែល​កើតមាន​ជំងឺ​កូ​វីដ​១៩ ឬ​ទីតាំង​ដែល​សង្ស័យ​ដែល​កើតមាន​ជំងឺ​កូ​វីដ​១៩ ចំពោះតែ​ថ្នាក់​ឬ​ទីតាំង​ជាក់លាក់​ណាមួយ​ដែលមាន​កើត​ជំងឺ​កូ​វីដ​១៩ ឬ​ដែល សង្ស័យ​កើត​ជំងឺ​កូ​វីដ​១៩ ជាជាង​ការបិទ​សាលា​ទាំងមូល​តែម្ដង​។

    ទី​៣. សំណើសុំ​ចាក់​វ៉ា​ក់ សាំង​ឱ្យបាន​ពេញលេញ​ចំពោះ​សិស្ស និស្សិត និង​បុគ្គលិក​អប់រំ​ផ្នែក​ឯកជន​ជាពិសេស ចំពោះ សិស្ស និស្សិត និង​បុគ្គលិក​អប់រំ​ផ្នែក​ឯកជន​នៅតាម​បណ្ដា​ខេត្ត​នានា ដើម្បី​កាត់ បន្ថយ​ហានិភ័យ​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​១៩ ដែល​ការចាក់​វ៉ាក់សាំង​នោះ​អាចធ្វើ​បាន​នៅតាម ទីតាំង​សាលា​ផ្ទាល់​តែម្ដង​។

    ទី​៤. សំណើសុំ​ធនាគារជាតិ​នៃ​កម្ពុជា​បន្ថយ​អត្រា​ការប្រាក់ ពិសេស​ស្នើសុំ​បន្ថយ​អត្រា​ការប្រាក់​កាតព្វកិច្ច​ចំពោះ​ធនាគារឯកជន ដើម្បីឱ្យ​ធនាគារ ឯកជន​មានលទ្ធភាព​បន្ថយ​អត្រា​ការប្រាក់​មកដល់​គ្រឹះស្ថាន​អប់រំ​ឯកជន និង​ស្នើសុំ​ពន្យារ ពេល នៃ​ការសង​ត្រឡប់​វិញ​។

    ទី​៥. សំណើសុំ​ផ្អាក​ការបង់ថ្លៃ​សេវា​បេឡា​ជាតិ របប​សន្តិ សុខ​សង្គម​(​ប​.​ស​.​ស​) និង​អាច​ទទួលបាន​អត្ថប្រយោជន៍​ដែល​ផ្ដល់​ដោយ ប​.​ស​.​ស ជា ធម្មតា​។

    ទី​៦. សំណើសុំ​បង្កើត​ល្បឿន​អ៊ី​ន​ធើ​ណិ​ត​សម្រាប់​វិស័យ​អប់រំ​ដោយ​ស្នើសុំ ក្រសួង ប្រៃសណីយ៍​និង​ទូរគមនាគមន៍​បង្កើន​ល្បឿន អ៊ិន​ធើ​ណិ​ត​ឱ្យបាន​លឿន​សម្រាប់​វិស័យ​អប់រំ ដើម្បី​ឆ្លើយតប​ឱ្យបាន​ល្អប្រសើរ​ចំពោះ​ការប្រើប្រាស់​ក្នុង​ការរៀន​តាម​អន​ឡាញ​របស់​សិស្ស​នៅក្នុង​បរិបទ​នៃ​ជំងឺ​កូ​វីដ​១៩​។ ចំណុច​ទី​៧. សំណើសុំ​ព្យួរ​ការបង់ពន្ធ​កាត់​ទុក​លើ​ប្រាក់ បៀវត្សរ៍ បុគ្គលិក​អប់រំ​ផ្នែក​ឯក​ឯកជន​បើ​អាច​បន្ធូរបន្ថយ​ត្រឹម​រយៈពេល ៦​ខែ​។​

    ​ជាមួយគ្នា​នោះដែរ ឯកឧត្ដម​បណ្ឌិត ហេង វ៉ាន់ដា បានលើកឡើង​ជុំវិញ​ដំណើរការ​របស់​គ្រឹះស្ថាន​អប់រំ​ឯកជន​នៅ​កម្ពុជា​នាពេលនេះ​ថា កំពុង​យ៉ាប់យ៉ឺន​ខ្លាំងណាស់ ព្រោះតែ​វិបត្តិ​ហិរញ្ញវត្ថុ​។ ដូច្នេះ ឯកឧត្ដម​ក៏បាន​ស្នើ​សុំឱ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា ឆាប់​បើក​សាលារៀន​ឡើងវិញ ហើយ​ប្រសិនបើ​ក្រសួង​អប់រំ​មិន​បើក​សាលារៀន​ឡើងវិញ​ទេ គឺ​គ្រឹះស្ថាន​អប់រំ​ឯកជន​ត្រូវ​បង្ខំចិត្ត​កាត់​ជម្រុះ​បុគ្គលិក​ចេញ​ហើយ ព្រោះ​លែងមាន​ប្រាក់ខែ​សម្រាប់​បើក​ឱ្យ​ទៀតហើយ​៕​ដោយ ប៊ុន​រិ​ទ្ធ សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​

    ប្រភព៖ ក្រសួង​ព័ត៌មាន

    Share This Post: