ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រយៈពេល ២ថ្ងៃចុងក្រោយនេះ ស្រុកបន្ទាយស្រី រកឃើញអ្នកជំងឺកូវីដ-១៩ ៣ករណី ដោយម្នាក់ជាកម្មកររោងចក្រមកពីរាជធានី និង២នាក់ទៀតជាម្ដាយនិងកូន

    BY Khmernote Media June 23, 2021
    រយៈពេល ២ថ្ងៃចុងក្រោយនេះ ស្រុកបន្ទាយស្រី រកឃើញអ្នកជំងឺកូវីដ-១៩ ៣ករណី ដោយម្នាក់ជាកម្មកររោងចក្រមកពីរាជធានី និង២នាក់ទៀតជាម្ដាយនិងកូន

    ខេត្តសៀមរាប​៖ យោងតាមការចុះផ្សាយរបស់ លោក ឃឹម ហ្វីណង់ អភិបាល​ស្រុក​បន្ទាយ​ស្រី​ បានឲ្យដឹងថា ក្នុងរវាង ២ថ្ងៃចុងក្រោយនេះ មានករណីវិជ្ជមានចំនួន៣ ត្រូវបានរកឃើញនៅក្នុងស្រុកបន្ទាយស្រី ដែលក្នុងនោះ ១ករណីជាកម្មកររោងចក្រសានតិចមកពីភ្នំពេញ និង២ករណីទៀតត្រូវជាម្តាយកូននឹងគ្នា មានជាប់ពាក់ព័ន្ធជាមួយនឹងមន្ត្រីអាជ្ញាធរជាតិអប្សរាឈ្មោះ សៀន បណ្ឌិត មកពីសង្កាត់គោកចកក្រុងសៀមរាប ដែលត្រូវបានរកឃើញវិជ្ជមានដំបូងគេ និងមានកន្លែងធ្វើការនៅក្នុងស្រុកបន្ទាយស្រី។

    ជាវិធានការបន្ទាន់ដើម្បីកាត់ផ្តាច់ការរីករាលដាលបន្តនៅក្នុងសហគមន៍ រដ្ឋបាលស្រុកបន្ទាយស្រីបានធ្វើការតាមដានស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់(ទាំងផ្ទាល់និងប្រយោល) ហ៊ុមព័ទ្ធ ដាក់ឱ្យនៅចត្តាឡីស័កដាច់ដោយឡែក និងធ្វើតេស្តយកសំណាក់លើគ្រប់ករណីមានរោគសញ្ញាជាបន្តបន្ទាប់រួចហើយ។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋបាលស្រុកសូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកបន្ទាយស្រីទាំងអស់ ដែលគិតថាខ្លួនមានជាប់ពាក់ព័ន្ធជាមួយករណីទាំង៣ខាងលើ សូមមេត្តាដាក់ខ្លួនឲ្យនៅដាច់ដោយឡែក ហើយប្រសិនបើមានអាការៈមិនស្រួលខ្លួនឬសង្ស័យ សូមប្រញាប់ទៅធ្វើតេស្តរកមេរោគនៅមណ្ឌលចត្តាឡីស័កសាលាគរុកោសល្យនៅក្នុងក្រុងសៀមរាបជាប្រញាប់។

    សូមបន្តអនុវត្តវិធានការ “៣ការពារ-៣កុំ” ឱ្យបានតឹងរុឹងបំផុត និងបង្កើនការប្រុងប្រយត្ន័ខ្ពស់ចំពោះតំបន់ទីប្រជុំជនដែលអាចមានមនុស្សច្រើន ដូចជាទីតាំងផ្សារព្រះដាក់ ផ្សារបន្ទាយស្រី និងតំបន់រមណីយដ្ឋានទេសចរណ៍ផ្សេងៗជាដើម។ រដ្ឋបាលស្រុកនឹងចុះត្រួតពិនិត្យការអនុវត្តវិធានការរដ្ឋបាលរបស់រដ្ឋបាលខេត្តដែលនៅមានសុពលភាពនៅឡើយជាពិសេស ការតម្រូវឱ្យពាក់ម៉ាស់-រក្សាគម្លាតនៅក្នុងទីសាធារណៈ និងការជួបជុំគ្នាពិសារគ្រឿងស្រវឹង ដែលនឹងឈានទៅដល់ការផាកពិន័យក្នុងករណីរកឃើញថាបានល្មើសនឹងវិធាននេះ ៕

    ប្រភព៖ ឃឹម ហ្វីណង់ – Khim Finan

    Share This Post: