«គម្រោងវារីអគ្គិសនីបូមទឹកស្តុកទុកស្ទឹងតាតៃលើ» គ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៩ខាងមុខ
ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល និងឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានអញ្ជើញបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ «គម្រោងវារីអគ្គិសនីបូមទឹកស្តុកទុកស្ទឹងតាតៃលើ» ដែលគ្រោងបញ្ចប់ការសាងសង់របស់ខ្លួននៅឆ្នាំ២០២៩ខាងមុខ។

ឯកឧត្តម កែវ រតនៈ បានបង្ហាញពីលក្ខណៈពិសេសនៃដំណើរការផលិតនិងស្តុកថាមពលអគ្គិសនី ដែលដំណើរការដោយទំនប់វារីអគ្គិសនីបូមទឹកស្តុកទុកស្ទឹងតាតៃលើ ដែលប្រៀបដូចជាអាគុយធម្មជាតិដំបូងគេនៅកម្ពុជា។
ឯកឧត្តមរដ្ឋមន្រ្តីបានឲ្យដឹងថា គម្រោងវារីអគ្គិសនីបូមទឹកស្តុកទុកស្ទឹងតាតៃលើនេះ គឺជាគម្រោងទី១ ជាប្រវត្តិសាស្រ្ត និងជាផ្នែកនៃទិសដៅអភិវឌ្ឍថាមពលបៃតងរបស់កម្ពុជា ដែលនឹងចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ពិសេសការធានាបាននូវសន្តិសុខថាមពលជាតិ។ ដោយបច្ចុប្បន្នកម្ពុជា មានប្រភពថាមពលបៃតងចំនួន៦៣.២% នៃថាមពលជាតិសរុប ហើយប្រភពថាមពលចម្បងគឺ វារីអគ្គិសនី ថាមពលពន្លឺព្រះអាទិត្យ និងជីវម៉ាស។
ជាការកត់សម្គាល់គម្រោងវារីអគ្គិសនីបូមទឹកស្តុកទុកស្ទឹងតាតៃលើ មានអនុភាព ១,០០០មេហ្គាវ៉ាត់ បានបោះទុនវិនិយោគដោយក្រុមហ៊ុន China National Heavy Machinery Corporation មានតម្លៃ១ពាន់លានដុល្លារ បានក្លាយជាគម្រោងប្រវត្តិសាស្រ្តដំបូងគេនៅកម្ពុជា។ បច្ចុប្បន្នមានប្រទេសចំនួន៣ ក្នុងចំណោមសមាជិកអាស៊ានដែលកំពុងសាងសង់ក្នុងអំឡុងពេលតំណាលគ្នា ដោយវៀតណាម និងកម្ពុជា គ្រោងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៩ដូចគ្នា និងប្រទេសហ្វីលីពីនគ្រោងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០៣០ខាងមុខ។
ស្ថានីយអគ្គិសនីបូមទឹកស្តុកទុកស្ទឹងតាតៃលើ និងគម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងយុទ្ធសាស្ត្រសំខាន់ៗចំនួនពីរ ដែលទទួលបានការគាំទ្រ និងជំរុញការវិនិយោគផ្ទាល់ពីលោក ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីចិន ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា កាលពីថ្ងៃទី១៧-១៨ ខែមេសា ឆ្នាំ២០២៥កន្លងទៅ ហើយការវិនិយោគលើ «គម្រោងវារីអគ្គិសនីបូមទឹកស្តុកទុកស្ទឹងតាតៃលើ» នេះ ក៏ជាការដាក់ទុនវិនិយោគផ្នែកថាមពលដ៏ធំបំផុតនៅក្រៅប្រទេសដំបូងគេរបស់ក្រុមហ៊ុនចិនផងដែរ៕








ប្រភព ក្រសួងព័ត៍មាន