ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    គណៈបញ្ជាការឯកភាពក្រុងបានលុងចុះបិទខ្ទប់ទីតាំងផ្សារបានលុង និងបុរី លីម ប៊ុណ្ណា ក្នុងកម្រិតតំបន់ពណ៌លឿងទុំ ជាបណ្ដោះអាសន្នរយៈពេល ១៤ថ្ងៃ

    BY Khmernote Media June 24, 2021
    គណៈបញ្ជាការឯកភាពក្រុងបានលុងចុះបិទខ្ទប់ទីតាំងផ្សារបានលុង និងបុរី លីម ប៊ុណ្ណា ក្នុងកម្រិតតំបន់ពណ៌លឿងទុំ ជាបណ្ដោះអាសន្នរយៈពេល ១៤ថ្ងៃ

    ខេត្តរតនគិរី៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តរតនគិរី បានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពីឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ គណៈបញ្ជាការឯកភាពក្រុងបានលុងដឹកនាំដោយលោក ងិន ណែល អភិបាលក្រុងបានលុង មានការចូលរួមពីលោកចៅសង្កាត់ និងអជ្ញាធរក្រុង បានចុះបិទខ្ទប់ទីតាំងជុំវិញផ្សារបានលុង ដែលស្ថិតនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង និងបុរី លីម ប៊ុណ្ណា នៅភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ជាបណ្ដោះអាសន្នរយៈពេល ១៤ថ្ងៃ ដោយអនុវត្តចាប់ពីថ្ងៃទី២៤ ខែមិថុនា ដល់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១។

    លោក ងិន ណែល អភិបាលក្រុងបានលុងបានលើកឡើងថា ដោយសារការកើនឡើងច្រើន នៃការឆ្លងជំងឺកូវីដ-១៩ ក្នុងខេត្តរបស់យើង ឯកឧត្តម ថង សាវុន បានបញ្ជាអោយកម្លាំងបញ្ជាការឯកភាពក្រុងបានលុង ចុះបិទខ្ទប់ទីតាំងចំនួន២ ខាងលើជាបណ្ដោះអាសន្នរយៈពេល១៤ថ្ងៃ ដើម្បីអោយខេត្តរបស់យើង អាចគ្រប់គ្រងស្ថានការណ៍ការឆ្លងរីករាលដាលនេះបាន ដើម្បីជាការកាត់ផ្ដាច់ការចម្លង និងឈានទៅដល់ការបិទបញ្ចប់ការឆ្លងជាសហគមន៍ក្នុងខេត្តរបស់យើង។

    លោកអភិបាលក្រុងបានបន្ដទៀតថាក្នុងការបិទខ្ទប់តំបន់ទាំង២ខាងលើ ក្នុងកម្រិតតំបន់ពណ៌លឿងទុំនេះ គឺប្រជាពលរដ្ឋនៅក្នុងតំបន់នោះត្រូវតម្រូវអោយនៅផ្ទះ លើកលែងចេញក្រៅផ្ទះដើម្បីទៅបំពេញការងារដែលមានការអនុញ្ញាត ទិញម្ហូបអាហារ ឬទៅទទួលសេវាសុខភាព និងករណីមួយចំនួនទៀតដែលមានការអនុញ្ញាតពីអាជ្ញាធរតែប៉ុណ្ណោះ។ លោកអភិបាលក្រុងក៏បានសំណូមពរអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ អនុវត្តតាមវិធានការសុខាភិបាល ៣ការពារ ៣កុំ អោយបានខ្ជាប់ខ្ជួន រួមមានពាក់ម៉ាស់ លាងដៃអោយបានញឹកញាប់ រក្សាគម្លាត និងត្រូវចូលរួមសហការទាំងអស់គ្នា ដើម្បីយើងអាចកាត់ផ្ដាច់ការចម្លងជំងឺនេះទាំងស្រុងបាន៕

    ប្រភព៖ មន្ទីរព័ត៌មានខេត្តរតនគិរី

    Share This Post: