អាជ្ញាធរថៃនឹងផ្តល់វ៉ាក់សាំង ដល់អ្នកបើករថយន្តនិងអាជីវករខ្មែរ នៅច្រកអន្តរជាតិដូង
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ដើម្បីចូលរួមកាត់ បន្ថយហានិភ័យនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ អាជ្ញាធរថៃ ក្រោមការសម្របសម្រួល ពីអាជ្ញាធរខេត្តបាត់ដំបង នឹងធ្វើការផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់ក្រុមអាជីវករនិងអ្នកបើករថយន្តដឹកទំនិញខ្មែរ ដែលចេញចូលតាមច្រកអន្តរជាតិ ដូង(ឡែម) ស្រុកកំរៀង ខេត្តបាត់ដំបងចាប់ពីដើមខែកក្កដា ២០២១។

ពាក់ព័ន្ធនឹងការទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩នេះដែរ កាលពីខែ ឧសភាកន្លងទៅ អាជ្ញាធរខេត្តចាន់បុរី ក៏បានផ្ដល់នូវគ្រឿងបរិក្ខាសុខាភិបាលមួយចំនួន ដល់អាជ្ញាធរស្រុកកំរៀង ដើម្បីប្រើប្រាស់ការងារផ្សេងៗផងដែរ។
លោកបណ្ឌិត រ៉ាត់ថាវីដ តាំងគៀតភិចឆារ៉ាក់ ប្រធានសមាគមលក់ដូរ និងទេសចរណ៍ព្រំប្រទល់ដែនកម្ពុជា-ថៃ ខេត្តចាន់បុរី បានលើក ឡើងថា ការចាក់វ៉ាក់សាំងដល់អាជីវករ អ្នកបើកបររថយន្តនេះ ដើម្បីកាត់បន្ថយនូវការព្រួយបាម្ភ និងការឆ្លងរាល ដាលនៃជំងឺកូវីដ-១៩ នៅក្នុងផ្សារ ឬការធ្វើពាណិជ្ជកម្មនៅជាប់ព្រំដែនរវាងកម្ពុជា និងថៃ នៅតាមច្រកទ្វារអន្តរជាតិដូង (ឡែម) ឬនៅក្នុងផ្សារ។
លោកបន្តថា ការចាក់វ៉ាក់សាំងនេះ ក៏មានគោលបំណងឲ្យការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងថៃ កាន់តែមានភាពល្អប្រសើរឡើងវិញ រួមទាំងលើកកម្ពស់ជីវភាពរបស់ពលរដ្ឋ នៃប្រទេសទាំងពីរ តាមរយៈការដោះដូរទំនិញ ផលិតផលកសិកម្មផ្សេងៗ ហើយពួកគេក៏មានការសប្បាយចិត្ត ដែលបានចាក់វ៉ាក់សាំងការពារឆ្លងជំងឺកូវីដ១៩ រួចរាល់នោះ។ លោកប្រធានសមាគម ក៏បានបញ្ជាក់ថា មុននឹងការចាក់វ៉ាក់សាំងនៅខែក្រោយនេះ គឺអាជ្ញាធរខេត្តចាន់បុរី តម្រូវឲ្យអាជីវករ និងអ្នកបើករថយន្តប្រកបអាជីវកម្មនៅ ក្នុងផ្សារជិតច្រកទ្វារអន្តរជាតិដូង-ឡែម ត្រូវធ្វើសំណាកជាមុនសិន និងសូមអំពាវនាវដល់ពលរដ្ឋ កំពុងប្រកបរបរនៅក្នុងផ្សារជាប់ច្រកទ្វារអន្តរជាតិនេះ ចូលរួមទាំងអស់គ្នា។
យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តបាត់ដំបង បានឲ្យដឹងថា រហូតមកដល់ពេលនេះ មានមន្ត្រីរាជការ កងកម្លាំង និងអ្នកមានអាទិភាពមួយចំនួន បានចាក់វ៉ាក់សាំងស៊ីណូហ្វាម ទាំង២ លើក ចំនួន៦ ៤៦៩នាក់, ចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ទាំង២លើក ចំនួន២៤ ៤៣៣នាក់ និងគ្រួសារអតីតយុទ្ធជន បានចាក់វ៉ាក់សាំងចំនួន ១០ ៨៦៩នាក់ ៕








ប្រភព៖ ក្រសួងព័ត៌មាន