ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្នងការខេត្តកណ្ដាលធ្វើការបកស្រាយ ករណីមានការបង្ហោះថា ពលរដ្ឋយកសំណាកម្នាក់អស់៦ម៉ឺនរៀល សូម្បីតែក្មេងក៏យកដែរ

    BY Khmernote Media June 25, 2021
    ស្នងការខេត្តកណ្ដាលធ្វើការបកស្រាយ ករណីមានការបង្ហោះថា ពលរដ្ឋយកសំណាកម្នាក់អស់៦ម៉ឺនរៀល សូម្បីតែក្មេងក៏យកដែរ

    ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនសាធារណជនដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមហ្វេសបុកជ្រាប ថ្មីៗនេះមានគេហទំព័រហ្វេសបុកឈ្មោះ Fun Moments ដែលបានបង្ហោះជាវីដេអូ រួមជាមួយខ្លឹមសារថា៖ យកសំណាកអស់ចំនួន៦០០០០៛ សូម្បីតែកូនក្មេងក៏យកដែរ។

    ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បញ្ជាឲ្យលោកអធិការនគរបាលស្រុកអង្គស្នួល ស្រាវជ្រាវករណីខាងលើជាបន្ទាន់។ ជាលទ្ធផល៖ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល ដឹកនាំកម្លាំងផ្នែកជំនាញស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលម្កាក់ បានចុះទៅដល់ភូមិត្រពាំងធ្នង់ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ដើម្បីសាកសួរព័ត៌មានជុំវិញករណីដែលបានបង្ហោះផ្សព្វផ្សាយនោះឱ្យដឹងថា៖

    -មានប្រជាពលរដ្ឋ បានពាក់ព័ន្ធជំងឺកូវីដ-១៩ ហើយបានដាក់ឱ្យធ្វើចត្តាឡីស័ក នៅតាមផ្ទះ ចំនួន២០គ្រួសារ មនុស្ស៨៩នាក់ស្រី៤២នាក់ ក្នុងនោះបានទៅមន្ទីរពេទ្យបង្អែកអង្គស្នួល យកសំណាក ចំណាយលុយ៦០,០០០រៀលក្នុងម្នាក់ៗ សរុប៣៩នាក់ = ២,៣៤០,០០០រៀល។

    -នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម សុខចិន្តា សោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះស្រុកអង្គស្នួល បានដឹកនាំក្រុមការងារអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ ប្រជាពលរដ្ឋ ពាក់ព័ន្ធដោយប្រយោលអ្នកជំងឺកូវីដ-១៩ នៅធ្វើចត្តាឡីស័កតាមផ្ទះ ចំនួន២០គ្រួសារនោះ និងបានសម្របសម្រួលឧបត្ថម្ភជួយចេញថវិកាដល់អ្នកដែលបានទៅយកសំណាកបង់លុយ ក្នុងម្នាក់ៗ ចំនួន ៦០,០០០រៀល វិញផងដែរ។ អាស្រ័យហេតុនេះ សូមសាធារណជនដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម មេត្តាជ្រាបជាព័ត៌មាន ៕

    ប្រភព​៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល – Police Commissariat Of Kandal Province

    Share This Post: