ទីក្រុងបាងកកត្រូវបានគេព្យាករណ៍ថា នឹងត្រូវប្រឈមនឹងគ្រោះធម្មជាតិច្រើននៅថ្ងៃមុខ
ថៃ៖ ខណៈដែលទីក្រុងបាងកងកំពុងតែធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធី “កិច្ចចរចារស្តីពីការប្រែប្រួលអាកាសធាតុ” នោះ ទីក្រុងដែលមានប្រជាជនជាង ១០ លាននាក់មួយនេះ ត្រូវបានគេមើលឃើញថា កំពុងតែឡោមព័ន្ធដោយគ្រោះធម្មជាតិ និងបញ្ហាអាកាសធាតុជាច្រើនករណី។ តួយ៉ាងបើយោងតាមរបាយការណ៍របស់ធនាគារពិភពលោក World Bank បានព្យាការណ៍ថា ៤០ % នៃទីក្រុងបាងកកនឹងទទួលរងនូវការប្រែប្រួលអាកាសធាតុ និងជំនន់ទឹកភ្លៀងយ៉ាងខ្លាំងរហូតដល់ដើមឆ្នាំ ២០៣០។
របាយការណ៍មួយផ្សេងទៀត ដែលធ្វើឡើងដោយក្រុមអ្នកជំនាញផ្នែកអាកាសធាតុនៅក្នុងប្រទេសថៃបានបង្ហាញថា ទីក្រុងបាងកកនឹងប្រឈមគ្រោះធម្មជាតិជាច្រើនដូចជាព្យុះស៊ីក្លូន ភ្លៀងធ្លាក់ច្រើន គ្រោះរាំងស្ងួត កម្ដៅឡើងខ្លាំង និងទឹកជំនន់ញឹកញាប់ចាប់ពីពេលនេះដល់ពេលអនាគត។ សូមបញ្ជាក់ជូនថា ទីក្រុងបាងងកកមានទីតាំងស្ថិតនៅលើដីវាលទំនាបមួយកន្លែង ដែលនៅខ្ពស់ពីកម្រិតនីវ៉ូទឹកសមុទ្រតឹមតែ ១,៥ ម៉ែត្រតែប៉ុណ្ណោះ ហេតុដូចនេះហើយទើបទីក្រុងមួយនេះទទួលរងនូវគ្រោះធម្មជាតិញឹកញាប់ដូចនេះ៕
អត្ថបទ៖ ភក្តី
ប្រភព៖ channelnewsasia