ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ៤ថ្ងៃ នៃព្រឹត្តិការណ៍កូវីដ-១៩ នៅផ្សារលើធំថ្មី ក្រុងសៀមរាប លទ្ធផលវិភាគសំណាកលើអ្នកពាក់ព័ន្ធ​ប្រមាណជា ១,៣០០នាក់ ហើយរកឃើញអ្នកវិជ្ជមាន ១២៨ករណី !

    BY Khmernote Media June 28, 2021
    ៤ថ្ងៃ នៃព្រឹត្តិការណ៍កូវីដ-១៩ នៅផ្សារលើធំថ្មី ក្រុងសៀមរាប លទ្ធផលវិភាគសំណាកលើអ្នកពាក់ព័ន្ធ​ប្រមាណជា ១,៣០០នាក់ ហើយរកឃើញអ្នកវិជ្ជមាន ១២៨ករណី !

    ​សៀមរាប​៖ មន្ត្រី​ជំនាញ​សុខាភិបាល​ខេត្តសៀមរាប បានឱ្យដឹងថា ចំនួន​អ្នកពាក់ព័ន្ធ ដែល​ចូលខ្លួន​ផ្តល់​សំណាក​វិភាគ ក្នុង​ព្រឹត្តិការណ៍​ចម្លង​ជម្ងឺ​កូ​វីដ​-១៩ នៅ​ផ្សា​លើ​ធំថ្មី នៃ​ក្រុង​សៀមរាប គឺជា​ការកត់សម្គាល់​មួយ បង្ហាញ​អំពី​ការព្រួយបារម្ភ​របស់​ប្រជាពលរដ្ឋ​ចំពោះ​សុខភាព​ខ្លួនឯង សុខភាព​គ្រួសារ និង​ជាការ​ចូលរួម ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជម្ងឺ​កូ​វីដ​-១៩​ក្នុង​សហគមន៍ !

    បន្ទាប់ពី​មានការ​ផ្ទុះឡើង​នូវ​ព្រឹត្តិការណ៍​ចម្លង​វា​រ៉ុ​ស​កូ​វីដ​-១៩ នៅ​ផ្សារលើ​ធំថ្មី​ក្រុង​សៀមរាប កាលពី​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២១​កន្លងទៅ រដ្ឋបាលខេត្ត​បានចេញ​សេចក្តីប្រកាស​បិទ​ផ្អាក​ជា​បណ្តោះអាសន្ន​ការចេញចូល​លក់ដូរ​រ​យ​:​ពេល​១៤​ថ្ងៃ ព្រម​ជាមួយនឹង​ការរៀបចំ​បន្ទាន់ កន្លែង​ទទួល​ការផ្តល់​សំណាក​វិភាគ​ពី​អ្នកពាក់ព័ន្ធ​នៅមុខ​ទីតាំង​ផ្សារលើ​ធំថ្មី​ផ្ទាល់​តែម្តង​ផងដែរ​។​

    លោក មួង ណារិន អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២១ ដែលជា​ថ្ងៃ​បិទ​បញ្ចប់​ការយក​សំណាក​ធ្វើ​វិភាគ​រក​វីរុស​កូ​វីដ​-១៩ នៅមុខ​ផ្សារលើ​ធំថ្មី​នោះ​ថា​៖ លទ្ធផល​នៃ​ការយក​វត្ថុ​វិភាគ ដោយ​ចាប់​គិតពី​រសៀល​ថ្ងៃទី​២៤ ដល់​ព្រឹក​ថ្ងៃទី​២៧​មិថុនា​នេះ បាន​ប្រមាណ​ជា ១,៣០០​សំណាក​។ លោក​បញ្ចាក់​ប្រាប់​ឲ្យ​ដឹងថា សម្រាប់​ព្រឹក​ថ្ងៃ​បិទ​បញ្ចប់​ការយក​សំណាក​លើ​ទីតាំង​មុខ​ផ្សា​លើ​នេះ ក្រុមការងារ​គ្រោង​នឹង​ទទួល​ធ្វើ​ចំនួន ២៥០​នាក់​ប៉ុណ្ណោះ បន្ទាប់ពីនោះ ចំនួន​ដែល​នៅ​សេសសល់ នឹងត្រូវ​ទទួល​បន្ត​ការធ្វើ​វិភាគ​វត្ថុ​សំណាក​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​សាលា​គរុ​កោ​លស​ល្យ​ខេត្ត​។ ក៏ប៉ុន្តែ​យ៉ាងណាក៏ដោយ​សម្រាប់​ថ្ងៃ​បិទ​បញ្ចប់​នេះដែរ ការទទួល​សំណាក​វិភាគ​នៅមុខ​ផ្សារលើ​ធំថ្មី​នេះ វា​មាន​លទ្ធផល​ហួស​ពី​ការគ្រោងទុក ដោយសារតែ​ការ​ភ្ញាក់រលឹក និង​ទំនួល​ខុសត្រូវ​ខ្ពស់​របស់​ប្រជាពលរដ្ឋ ចំពោះ​សុខភាព​ខ្លួនឯង ជៀស​ការចម្លង​ទៅ​ក្រុមគ្រួសារ និង​សហគមន៍​។​

    លោក រ៉​ន រ៉ាំ និង​ភរិយា រួមទាំង​កូនតូច​អាយុ ៥​ខែ​ផង អាសយដ្ឋាន​ស្នាក់នៅ​ឃុំ​តា​យ៉ែ​ក ស្រុក​សូទ្រនិគម មុខរបរ​ជា​កម្មករ បានមក​ផ្តល់​សំណាក​នៅមុខ​ផ្សារលើ​ធំថ្មី បញ្ជាក់​អំពី​វត្តមាន​របស់ខ្លួន​ថា​៖ ដោយសារតែ​មិត្តភក្តិ​ធ្លាប់​ជួបគ្នា​ហើយ​មាន​វិជ្ជមាន​កូ​វីដ​-១៩ ទើប​ពួកគាត់​មិនអាច​ធ្វេសប្រហែស​បាន​។​

    បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ប្រចាំថ្ងៃ​របស់​រដ្ឋបាលខេត្ត​សៀមរាប ស្តីអំពី​ស្ថានភាព​នៃ​ជម្ងឺ​កូ​វីដ​-១៩ និង​ផ្អែក​តាម​ការ​ផ្តល់ព័ត៌មាន​របស់លោក មួង ណារិន អនុប្រធាន​មន្ទីរ​សុខាភិបាល ស្តីអំពី​ការយក​សំណាក​ធ្វើ​វិភាគ​លើ​អ្នកពាក់ព័ន្ធ​ជុំវិញ​ករណី​ឆ្លង​ជម្ងឺ​កូ​វីដ​១៩​នេះ ដែលមាន​ប្រភព​ចេញពី​ផ្សា​លើ​ធំថ្មី គឺ​បាន​ឲ្យ​ដឹងថា ចាប់ពី​រសៀល​ថ្ងៃទី​២៤ ដល់​ព្រឹក​ថ្ងៃទី​២៧ ខែមិថុនា​នេះ ការធ្វើ​សំណាក​វិភាគ​លើ​អ្នកពាក់ព័ន្ធ​ប្រមាណ​ជា​១,៣០០​នាក់ បាន​រកឃើញ​វិជ្ជមាន​កូ​វីដ​-១៩ ចំនួន ១២៨​ករណី​។​

    យ៉ាងណាក៏ដោយ មន្ត្រី​សុខាភិបាល​រូបនេះ​បាន​បញ្ជាក់ថា ករណី​ឆ្លង​ជម្ងឺ​កូ​វីដ​-១៩ ប្រភព​ចេញពី​ផ្សារលើ​ធំថ្មី​មិនទាន់់បាន​បញ្ចប់់​នោះទេ ការស្រាវជ្រាវ និង​ការទប់ស្កាត់ នៅតែមាន​សកម្ម​ភាពជា​បន្តទៀត ៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​

    ប្រភព៖ ក្រសួងព័ត៌មាន​

    Share This Post: